ដោយ Donald Lee
ភ្នំពេញៈ ការព្យាករណ៍ថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ ដែលមានមូលដ្ឋាននៅជប៉ុន បានឱ្យដឹងថា សេដ្ឋកិច្ចឥណ្ឌានឹងមានកំណើនធំលំដាប់ទី៣នៅក្នុងពិភពលោក ដែលនឹងទាញទម្លាក់់តំណែងប្រទេសជប៉ុន នៅលើពិភពលោកក្នុងរយៈពេល១០ឆ្នាំខាងមុខ។

របាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានបញ្ជាក់ថា ការកើនឡើងរបស់ឥណ្ឌានឹងកើតឡើង ស្របពេលដែលចិនជំរុញកំណើន ប្រជាជនខ្ពស់ និងកំណើនសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
របាយការណ៍របស់ JCER បានឱ្យដឹងថា “ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាដែលបច្ចុប្បន្នមានចំនួនពាក់កណ្តាល នៃប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងឈានមុខជប៉ុនក្នុងឆ្នាំ២០២៩ និងឈានដល់១,៤ ដងក្នុងឆ្នាំ២០៣៥”។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ជប៉ុននឹងត្រូវជាប់គាំងនៅក្នុងឆ្នាំ២០២០ ខណៈសេដ្ឋកិច្ចខ្លួននៅតែបន្តកំណើនយឺតនៅចុងឆ្នាំនេះ។ IMF បានទម្លាក់ការព្យាករកំណើនរបស់ជប៉ុន ជាថ្មីម្តងទៀតនៅឆ្នាំនេះពី០,៩ភាគរយ មកនៅត្រឹម០,៨ ភាគរយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតទី ៣ នៅលើពិភពលោកបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប០,២ ភាគរយ។
លើសពីនេះទៀត សង្គ្រាមពាណិជ្ជកម្មជប៉ុន ជាមួយកូរ៉េខាងត្បូង ធ្វើឱ្យប្រជាជនកូរ៉េភាគច្រើនធ្វើពហិការមិនធ្វើអាជីវកម្ម និងសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរ បានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រ។
ប្រជាជនកូរ៉េខាងត្បូង បានធ្វើពហិការរាល់អ្វីៗទាំងអស់ ដែលផលិតនៅជប៉ុន ចាប់តាំងពីប្រទេសជប៉ុន បានដាក់កម្រិតលើការនាំចេញវត្ថុធាតុដើម ដែលត្រូវការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។
IMF បានណែនាំជប៉ុនឱ្យកាត់បន្ថយ ភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្ន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចជប៉ុន ដែលធ្វើឱ្យប៉ះពាល់ដល់សង្វាក់តម្លៃសកលថែមទៀត។
IMF បានណែនាំថា “ភាពតានតឹងពាណិជ្ជកម្មសកល ដែលកំពុងបន្ត និងការកើនឡើងបន្ថែមទៀត អាចកាត់បន្ថយការនាំចេញ ការវិនិយោគ និងកំណើនសុទ្ធរបស់ជប៉ុន រួមទាំងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល តាមរយៈខ្សែសង្វាក់តម្លៃពិភពលោក និងការជះឥទ្ធិពលមិនល្អដល់វិស័យហិរញ្ញវត្ថុរបស់ជប៉ុន”។

ការកើនឡើងនៃការគាំពារនិយមជាសកល កំពុងធ្វើឱ្យស្ថានភាពពិភពលោកមានសភាពមិនធម្មតា និងកំពុងធ្វើឱ្យមានការធ្លាក់ចុះនៅក្នុងទីផ្សារពិភពលោក។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថាផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន បានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏អស្ចារ្យកាលពី១០ឆ្នាំមុន៕






