ខេត្តសៀមរាប​ពង្រីក​ការចែកចាយ​ទឹក​ស្អាត​ដោយ​រោងចក្រ​តម្លៃ​ ១៣លាន​ដុល្លារ​បើក​ដំណើរការ​

0

ដោយ ​វុត្ថា​

ខេត្ត​សៀម​រា​បៈ​ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ និង​បំពង់​មេ​នាំ​ទឹក​ស្អាត​ទំហំ៧០០មម​ ប្រវែង​ជាង៦ពាន់​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​សណ្តាន់​ សង្កាត់​ទឹកវិល​ ក្រុង​សៀមរាប​ខេត្តសៀមរាប​ ស្ថិត​ក្រោម​ក្របខណ្ឌ​ឥណទាន​ពីទី​ភ្នាក់ងារ​បារាំង​ សម្រាប់​កាត​អភិវឌ្ឍ​ ( AFD​ ) ក្នុង​ទំហំ​ទឹកប្រាក់​វិ​និយោជិត១៣លាន​ដុល្លា​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​។

លោក​ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​ឱ្យ​ដឹង​នៅក្នុង​ពិធីសម្ពោធ​ឱ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ កាលពី​ថ្ងៃទី១០​ ខែធ្នូ​ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ តម្រូវការ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ក្រុង​សៀមរាប​ ជាមធ្យម​ប្រមាណ៦០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ ក្នុង​ពេល​ដែល​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ មានត្រឹមតែ៣០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ រួម​ទាំង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ទឹកវិល២​ ដែល​កំពុង​បើក​សម្ពោធ​នេះ​ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ ១៥ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​ ។

បើ​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​បារាំង​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) នៅក្នុង​ឆ្នាំ២០៣០ខាងមុខ​ តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​នឹង​កើនឡើង​ដល់៩០ពាន់​ម៉ែត្រ​ត្រីគុណ​ក្នុង១ថ្ងៃ​។ ពាក់ព័ន្ធ​នឹង​តម្រូវការ​ទឹក​ស្អាត​ ដែល​ចេះតែ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នោះ​ រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ មាន​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ លើ​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ តាមរយៈ​នៃ​ការ​គៀង​គរ​ប្រភព​ទុន​ពី​ដៃគូ​អភិវឌ្ឍ​នានា​ផង​ដែរ​។

លោក​ទៀ​ សីហា​បាន​បន្ថែម​ថា​ គម្រោង​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ ប្រវែង១០០គីឡូម៉ែត្រ​ ក្រោម​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ( ADB​ ) មាន​ទំហំ​ទឹកប្រាក់​សរុប៥លាន​ដុល្លារ​ និង​ថវិកា​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ ផ្ទាល់​សរុប​ប្រមាណ២លាន​ដុល្លា​អាមេរិក​ ដែល​ចាប់​ដំណើរការ​សាងសង់​ កាលពី​ឆ្នាំ២០១៨នោះ​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ ។

លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បាន​មានប្រសាសន៍​ថា​ សម្រាប់​ក្រុង​សៀមរាប​ ត្រូវ​មានការ​គិតគូរ​ទុកជាមុន​ ក្នុងរយៈពេល​វែង​ពី១០ទៅ២០ឆ្នាំខាងមុខ​ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​ ជូន​ប្រជាពលរដ្ឋ​ និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ដែល​នឹង​មានការ​រីកចម្រើន​កាន់តែ​ខ្លាំង​ថែមទៀត​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ។

លោក​បន្ថែម​ថា​ គម្រោង​នេះ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ បាន​ចុះ​ហត្ត​លេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​រួចហើយ​ ហើយ​ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​ការងារ​ជំហាន​ដំបូង​ និង​ផ្គត់ផ្គង់​សម្ភារៈ​ពីក្រៅ​ប្រទេស​ជាបន្តបន្ទាប់​ និង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់​ៗខាងមុខ​ ហើយ​គ្រោង​នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ក្នុង​ឆ្នាំ២០២៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here