ដោយ ដួង ចន្រ្ទា
ភ្នំពេញ ស្របពេលការសាងសង់បន្តសកម្មភាពជារៀងរាល់ថ្ងៃ ចំនួនអាគារខ្ពស់ៗនៅក្រុងភ្នំពេញបានបន្តកើនឡើង ជាពិសេសអាគារខុនដូចំនួន១៧គំរោងទៀតនឹងបញ្ចប់ការសាងសង់នៅឆ្នាំនេះ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបង្ហាញកាលពីសប្តាហ៍មុនបានរកឃើញថា មានខុនដូចំនួន ១៧ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ ខណៈកាលពីឆ្នាំមុនចំនួនខុនដូនៅក្នុងទីក្រុងភ្នំពេញ មានចំនួន៨៦០០បន្ទប់គិតមកដល់ឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៧មានខុនដូចំនួន៩ បានប្រកាសសាងសង់។
ចំណែកឯតម្លៃរបស់ខុនដូត្រូវបានធ្លាក់ចុះ១១ភាគរយ សម្រាប់ខុនដូខ្នាតមធ្យម និង៤ភាគរយសម្រាប់ខុនដូខ្នាតកណ្តាល ក៏ប៉ុន្តែតម្លៃសម្រាប់ខុនដូខ្នាតខ្ពស់ មានការកើនឡើងរហូតដល់៣ភាគរយ។ ការសិក្សាបានរកឃើញផងដែរថា នៅក្នុងឆ្នាំ២០១៨នេះអត្រាជួលមានការធ្លាក់ចុះសម្រាប់ខុនដូ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ទីផ្សារខុនដូកាន់តែមានភាពប្រកួតប្រជែងខ្លាំងជាងមុន ដែលធ្វើឲ្យតម្លៃខុនដូបានធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែមិនមានសញ្ញានៃហានិភ័យខ្លាំងក្នុងវិស័យនេះទេ។អ្នកនាងបានបន្តថា ធៀបជាមួយអាផាតម៉ិនដែលដាក់ជួលនិងគំរោងបញ្ចប់ការសាងសង់កើនឡើងផងដែរ ជាហេតុធ្វើឲ្យការប្រកួតប្រជែងកើនឡើង។
ការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisalបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញផងដែរថា ចំនួនខុនដូនៅកម្ពុជាបានកើនឡើងជិត៦ម៉ឺនយូនីត ភាគច្រើនជាខុនដូដែលមានទីតាំងនៅរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុន Century21Mekongលោកច្រឹក សុខនីមបានថ្លែងថា ទីផ្សារខុនដូមានសភាពធម្មតា គ្រាន់តែដំណើរការលក់មានភាពយឺតយ៉ាវជាងមុនបន្តិច ប៉ុន្តែចំនួននៃការលក់នៅតែកើនឡើង ពិសេសខុនដូដែលមានតម្លៃមធ្យម និងផ្តោតលើប្រជាជនមានប្រាក់ចំណួលមធ្យម។
លោកបន្តថា “និន្នាការទិញខុនដូពីសំណាក់ប្រជាពលរដ្ឋខ្មែរបានកើនឡើងដោយបច្ចុប្បន្នខុនដូ៣០ភាគរយ ត្រូវបានទិញដោយប្រជាពលរដ្ឋខ្មែរនិង៧០ភាគរយគ្រប់គ្រងដោយជនបរទេស”៕