ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) គ្រោងផ្តល់ឥណទានប្រមាណ ១០៦លានដុល្លាអាមេរិក សម្រាប់ការសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពផលិត ៦០ ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៍ នៅក្នុងពិធីនៅក្នុងពិធី សម្ពោធឱ្យដំណើរការរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ កាលពីពេលថ្មីៗនេះថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូរទុកជាមុន ក្នុងរយៈពេលវែងពី១០ ទៅ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ ។
លោកបន្តថា ក្នុងទិសដៅឈានឆ្ពោះទៅកាន់ការផ្តល់សេវាគ្របដណ្តប់ ១០០% លើក្រុងសៀមរាប ឆ្លើយតបនិងគោលនយោបាយទឹកស្អាត របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខណ្ឌឥណទាន ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ១០៦លានដុល្លាអាមេរិក សម្រាប់ការសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត សមត្ថភាពផលិត៦០ពាន់ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការដំឡើងបំពង់មេនាំទឹក និងបំពង់ចែកចាយទឹកស្អាតប្រវែងសរុប២២០គីឡូម៉ែត្រ ។
លោកបន្ថែមថា “រដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្តលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារៈពីក្រៅប្រទេសជាបន្តបន្ទាប់ និងត្រូវបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣”។
លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឱ្យដឹងដែរថា បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាប ជាមធ្យមប្រមាណ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតមានត្រឹមតែ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ រួមទាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ ដែលកំពុងបើកសម្ពោធនេះ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន១៥ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ។

បើយោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅក្នុងឆ្នាំ២០៣០ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតនឹងកើនឡើងដល់ ៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ។
លោកបញ្ជាក់ថា “តម្រូវការទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំនោះ រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគទ្រង់ទ្រាយធំ លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈនៃការគៀងគរប្រភពទុនពីដៃគូអភិវឌ្ឍនានាផងដែរ”៕






