ហ្វីលីពីន​នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី២នៅ​ឆ្នាំ២០៣៤​ ដោយ​រុញ​ទំលាក់​ប្រទេស​ថៃ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការព្យាករណ៍​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ី​ ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បានឱ្យ​ដឹង​ថា​ ហ្វីលីពីន​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ក្លាយ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី២​ នៅក្នុង​តំបន់​អាស៊ាន​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​ (JCER​) បាន​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្តូរ​នៃ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ នឹង​ជំរុញ​ដល់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហ្វីលីពីន​។

របាយការណ៍​របស់​ JCER​ បានឱ្យ​ដឹង​ថា​ ហ្វីលីពីន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ក្លាយជា​ប្រទេស​អាស៊ាន​ធំ​ទី២​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី​ទាក់ទង​នឹង​ទំហំ​សេដ្ឋកិច្ច​។

របាយការណ៍​បាន​បន្ថែម​ថា​ “ហ្វីលីពីន​នឹង​វ៉ា​ផុត​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ម៉ាឡេស៊ី​នៅ​ឆ្នាំ២០២០​ តៃវ៉ាន់​នៅ​ឆ្នាំ២០៣៣​ និង​ថៃ​នៅ​ឆ្នាំ២០៣៤​”។

សេដ្ឋកិច្ច​ហ្វីលីពីន​បាន​បន្ត​រីក​ដុះដាល​នៅ​ឆ្នាំនេះ​ ហើយ​នៅតែ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​បំផុត​នៅ​អាស៊ី​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដទៃទៀត​ នៅក្នុង​តំបន់​នេះ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​ ដោយ​តំបន់​អាស៊ី​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។

សេដ្ឋកិច្ច​ហ្វីលីពីន​ទទួល​បាន​អត្រាកំណើន៦​,២ភាគរយ​ នៅក្នុង​ត្រីមាស​ទី៣​ ហើយ​ទំនងជា​ឈាន​ដល់​កំណើន​ចន្លោះ​ពី៦​ ទៅ​ ៧ ភាគរយ​សម្រាប់​ឆ្នាំ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ស្ថិតិ​ហ្វីលីពីន​ (PSA​) ។

របាយការណ៍​ប្រចាំត្រីមាស​ចុងក្រោយ​បង្អស់​របស់​ PSA​ បានឱ្យ​ដឹង​ថា​ “ក្នុងចំណោម​វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗសេវាកម្ម​ បាន​កើនឡើង​យ៉ាង​លឿន​បំផុត​ជាមួយនឹង៦​,៩ ភាគរយ​។ ឧស្សាហកម្ម​បាន​កើនឡើង៥​,៦ភាគរយ​។ កសិកម្ម​ការ​ប្រមាញ់​ ព្រៃឈើ​ និង​នេសាទ​បាន​កើនឡើង​ ៣,១ ភាគរយ​”។

អង្គភាព ​PSA ​បាន​បន្ថែម​ថា​ “ជាមួយនឹង​ចំនួន​ប្រជាជន​ ដែល​បាន​ព្យាករ​នៅក្នុង​ប្រទេស​ឈាន​ដល់១០៨​,៣ លាន​នាក់​នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង៤.៥​ ភាគរយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here