អំពូលភ្លើង​វៃឆ្លាត​ផលិត​នៅ​កម្ពុជា​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ពិភពលោក

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ផលិតផល​អំពូល​អគ្គិសនី​វៃឆ្លាត​ (Smart​ Lamp​) ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជាក្រោម​ការ​វិនិយោគ​ និង​ប្រើប្រាស់​បច្ចេកទេស​របស់​ក្រុមហ៊ុន​មក​ពីជ​ប៉ុន​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ពិភពលោក​ ជាពិសេស​ប្រទេស​ជប៉ុន​ ដែល​យក​ទៅ​បំពាក់​នៅ​តាម​ទីក្រុង​សំ​ខាន់​ៗមួយចំនួន​។

ប្រធាន​ក្រុមហ៊ុន​ មីនី​បៀ​ លោក​ យូ​ស៊ី​ហ៊ី​ដសា​ កៃ​ណូ​ម៉ា​ (Yoshihisa​ Kainuma​) បាន​អះអាង​បញ្ជាក់​ប្រាប់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​នៅក្នុង​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ជាមួយនឹង​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ បច្ចុប្បន្ន​នេះ​ ផលិតផល​អំពូល​វៃឆ្លាត​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ប្រទេស​ជប៉ុន​ ដែល​មាន​តម្រូវ​ខ្ពស់​ និង​ប្រើប្រាស់​នៅក្នុង​ទីក្រុង​សំ​ខាន់​ៗមួយចំនួន​។

លោក​ យូ​ស៊ី​ហ៊ី​ដសា​ កៃ​ណូ​ម៉ា​ (Yoshihisa​ Kainuma​) បាន​បញ្ជាក់​ថា​ ក្រៅពី​ផលិត​អំពូល​អគ្គិសនី​វៃឆ្លាត​ និង​ផលិតផល​ម៉ូទ័រ​ ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ពីទី​ផ្សារ​យ៉ាង​ជោគជ័យ​នេះ​ ក្រុមហ៊ុន​នឹង​ផលិត​សម្ភារៈ​កម្សាន្ត​សម្រាប់​ក្មេង​ ដែល​អាច​ជួយ​បង្កើត​ភាព​វៃឆ្លាត​ ដោយ​បិត​ស្លាក​សញ្ញា​ថា​ ជា​ផលិតផល​ផលិត​នៅ​កម្ពុជា​ (Made​ in​ Cambodia​) ដែល​នឹង​ត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដូចគ្នា​។

សម្រាប់​អំពូលភ្លើង​វៃឆ្លាត​នេះ​ បាន​បំពាក់​នៅ​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​សៀមរាប​ ចំនួន​ ៦,៨៩២គ្រឿង​ រួម​ជាមួយនឹង​គម្រោង​បំពាក់​នៅ​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗទៀត​ ជាពិសេស​ ខេត្ត​ព្រះសីហនុ​ ។

កាលពី​ឆ្នាំ២០១៨​ កន្លងទៅ​នេះ​ ក្រុមហ៊ុន​ មីនី​បៀ​ ​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ ៣៧២ លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ ហើយ​នៅ​ឆ្នាំ២០១៩នេះ​ នឹង​រីក​ឡើង​ទៅ​រហូតដល់៤០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដោយ​បច្ចុប្បន្ន​ ក្រុមហ៊ុន​មានកម្ម​ករ​ចំនួន​ ៧០០០នាក់​ ហើយដែល​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​កម្មករ​នឹង​ឈានឡើង​រហូតដល់២ម៉ឺន​នាក់​ មក​ពី​បណ្តា​ខេត្ត​ចំនួន​ ១០​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​មីនី​បៀរ​ ដែល​មានការ​រីកចម្រើន​ ដោយ​សម្ដេច​តេជោ​បាន​លើកឡើង​ថា​ មិនថា​ក្រុមហ៊ុន​តូច​ ក្រុមហ៊ុន​ធំ​នោះ​ទេ​ ឱ្យ​តែម​កដល់​កម្ពុជា​ គឺ​ដល់មុន​ ទទួល​បានផល​មុន​ ​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ មីនី​បៀ​ គឺជា​ក្រុមហ៊ុន​តូច​កាលពីមុន​ ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​មីនី​បៀ​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ ដែល​មានកម្ម​ករ​រហូតដល់​ ៧ពាន់​នាក់​ និង​ឈាន​រហូតដល់​ ២ ម៉ឺន​នាក់​ ហើយក៏​កំពុងតែ​ផលិត​នូវ​ផលិតផល​ដែល​មាន​បច្ចេក​វិទ្យា​ទំនើប​ៗផង​ដែរ​។

ជាង​នេះ​ទៀត​ ការ​វិនិយោគ​បច្ចេកវិទ្យា​ក៏ដូចជា​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​កម្មករ​កម្មការិនី​កម្មការិនី​ គឺ​នាំឲ្យ​ក្រុមហ៊ុន​នេះ​ឈានមុខ​គេ​លំដាប់​ទី១​។

ពាក់ព័ន្ធ​ទៅ​នឹង​ការពិនិត្យ​ឧបករណ៍​ល្បែង​កម្សាន្ត​ ដែល​បិទ​ស្លាក​ថា​ផលិត​នៅ​កម្ពុជា​, សម្ដេច​បាន​មានប្រសាសន៍​ថា​ នេះ​ជា​មោទនភាព​ណាស់​ ដែល​កម្ពុជា​យើង​បាន​ឈាន​ដល់​ការផលិត​ឧបករណ៍​ ហើយ​ដាក់ឈ្មោះ​ថា​ផលិត​នៅ​កម្ពុជា​ ហើយ​នាំចេញ​ទៅ​ប្រើប្រាស់​ នៅ​ស្រុកក្រៅ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​កំពូល​ឆ្លាត​ សម្ដេច​តេជោ​ បាន​មានប្រសាសន៍​ថា​ វា​ជា​សំណាង​ណាស់​ដែល​រោងចក្រ​ នាំមក​នូវ​ការផលិត​កំពូល​វៃឆ្លាត​នៅ​កម្ពុជា​ ហើយ​កំពុងតែ​ប្រើប្រាស់​អំពូល​នេះ​នៅ​ខេត្ត​មួយចំនួន​ ហើយ​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​សៀមរាប​ ។


សម្ដេច​តេជោ​ ក៏​មានប្រសាសន៍​ផង​ដែរ​ “ពាក់ព័ន្ធ​នឹង​អំពូល​នេះ​ កម្ពុជា​គឺ​មាន​ប៉ូល​ ៣ គឺ​ប៉ូល​ភ្នំពេញ​ សៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ ក្នុង​ន័យ​នេះ​យើង​គប្បី​ប្រើ​អំពូល​ឆ្លាត​នេះ​ នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ដើម្បី​ជា​កត្តា​ជួយ​កាត់បន្ថយ​ ការ​ចំណាយ​ថាមពល​អគ្គិសនី​ផង​ជួយ​បរិស្ថាន​ផង​ និង​លើកទឹកចិត្ត​ ក្រុមហ៊ុន​ដែល​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here