ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនសៀម Taco Co ដែលជាដៃគូអាជីវកម្មផ្តាច់មុខរបស់ភោជនីយដ្ឋាន Taco Bell ដែលជាភោជនីយដ្ឋានអាហាររហ័សរបស់អាមេរិក កំពុងពិភាក្សាជាមួយក្រុមហ៊ុនម្ចាស់សិទ្ធិអាជីវកម្ម ក្នុងការពង្រីកខ្សែសង្វាក់អាជីវកម្មនៅក្នុងតំបន់។

លោក Chalermchai Mahagitsiri នាយកក្រុមហ៊ុនត្រូវបានរាយការណ៍ ក្នុងកាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុនចង់បើកភោជនីយដ្ឋាន Taco Bell នៅក្នុងតំបន់ CLMV ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ដែលជាតំបន់មានសក្តានុពលទីផ្សារខ្លាំង។ ក្រុមហ៊ុន Siam Taco គឺជាការបណ្តាក់ទុនរួមគ្នានៃទីភ្នាក់ងារថៃ Thoresen Thai Agencies និងស៊ី CM Capital ដែលកាន់កាប់ដោយគ្រួសារ Mahagitsiri។
ក្រុមហ៊ុននេះកាលពីឆ្នាំមុន បានទទួលបានសិទ្ធិក្នុងការដំណើរការភោជនីយដ្ឋាន Taco Bell នៅថៃដោយបើកហាងដំបូង នៅខែមករានៅជាន់ទី១ នៃផ្សារ Mercury Ville ទល់មុខនឹងមជ្ឈមណ្ឌលកម្សាន្ តCentral Chidlom។
ថៃគឺជាប្រទេសទី ២ នៅអាស៊ានដែលបើកភោជនីយដ្ឋាន Taco Bell បន្ទាប់ពីប្រទេសហ្វីលីពីន។
លោក Ankush Tuli នាយកគ្រប់គ្រងក្រុមហ៊ុន Taco Bell អាស៊ី និងប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ាបាននិយាយថា កិច្ចពិភាក្សាអំពីការពង្រីកកំពុងដំណើរការ ហើយមិនទាន់មានការសន្និដ្ឋាននៅឡើយទេ។
លោក Tuli បាននិយាយថា “វាអាចទៅរួចនាពេលអនាគត ប៉ុន្តែបច្ចុប្បន្នយើងគ្រាន់តែចង់ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើប្រទេសថៃដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលទទួលបានជោគជ័យបំផុតរបស់យើង”។ លោកបន្តថា “ថៃ និងអាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាអ្នកចូលរួមចំណែក ក្នុងការលក់សំខាន់ដល់ Taco Bell ទូទាំងពិភពលោកនាពេលអនាគត ហើយ Taco Bell ក៏នឹងក្លាយជាយីហោដ៏សំខាន់”។
Taco Bell រួមចំណែក១៥ភាគរយ នៃការលក់របស់ក្រុមហ៊ុន Yum។ ការលក់ខ្សែសង្វាក់នេះ បានឈានដល់ទឹកប្រាក់១១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ។

ក្រុម Taco Bell មានភោជនីយដ្ឋាន Taco Bell ជាង៧០០០ កន្លែងនៅអាមេរិក និង ៥៨០កន្លែងនៅ៣០ ប្រទេសផ្សេងទៀត ក្នុងនោះមាន១១ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក៕






