រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ EBA​

0
រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ EBA​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា​ អនុលោម​តាម​នីតិវិធី​របស់​សហភាព​អឺរ៉ុប​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ភារកិច្ច​ប្រគល់​ជូន​គណៈកម្មការ​អឺរ៉ុប​ នៅ​ថ្ងៃទី១២ខែធ្នូ​ ឆ្នាំ២០១៩​ ជា​ការ​ឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ ចំពោះ​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការ​រក​ឃើញ​ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​និង​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ជា​បណ្តោះអាសន្ន​ ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​ ក្រោម​កម្មវិធី​ “គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA​”។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ សេចក្តី​ឆ្លើយតប​ចុងក្រោយ​នេះ​ គឺជា​របាយការណ៍​គ្រប់ជ្រុងជ្រោយ​អំពី​សកម្មភាព​ និង​វិធានការណ៍​នានា​ដែល​រាជរដ្ឋាភិបាល​ បាន​អនុវត្ត​ឆ្លើយតប​ ទៅ​នឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ការ​ព្រួយបារម្ភ​ របស់​គណៈកម្មការ​អឺរ៉ុប​ ជា​អា​ទី៍​ រួមមាន​ ការគោរព​សិទ្ធិ​ក្នុង​ការចូលរួម​នយោបាយ​ សិទ្ធិ​ដីធ្លី​ សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​បង្កើត​សមាគម​ជាដើម​។

សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា​ ក្នុង​ចន្លោះ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​ខ្លួន​ នៅ​ខែកុម្ភៈ​ ឆ្នាំ២០២០ខាងមុខនេះ​ រាជរដ្ឋាភិបាល​សង្ឃឹមថា​ គណៈកម្មការ​អឺរ៉ុប​ នឹង​ធ្វើការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ប្រកបដោយ​សុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការអនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA​” ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម​ដល់​កម្ម​ការីនី​ប្រមាណ​ជិត​មួយ​លាន​នាក់​ និង​ផល​ប៉ះពាល់​ដោយប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ ដែល​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់ឈ្នួល​របស់​ពួកគេ​ រួម​ទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យ​ភាព​ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here