ពាណិជ្ជករ​ និង​ប្រតិបត្តិ​ករ​ជាច្រើន​នាក់​ជួបជុំគ្នា​ពិភាក្សា​បង្កើត​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​នេះ​ជា​លើក​ទី២ហើយ​ ដែល​ក្រុម​បណ្តា​ពាណិជ្ជករ​ និង​ប្រតិបត្តិ​ករ​លើ​វិស័យ​ពាណិជ្ជកម្ម​ ពិព័រណ៍​ និង​ទេសចរណ៍​បាន​ជួបជុំ​ពិភាក្សា​គ្នា​ និង​សិក្សា​ពី​ឱកាស​វិនិយោគ​ជា​ដៃគូ​រួមគ្នា​ក្រោម​ប្រធានបទ​ “Tourism​ &​ MICE​ Biz​ Fair​ 2020​” ដែល​រៀបចំឡើង​ ដោយ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ។

កិច្ច​ជំនួប​ពិភាក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​បែប​ពិព័រណ៍​ជា​លើក​ទី២​ នៅក្នុង​រាជធានី​ភ្នំពេញ​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាល​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៩​ កន្លងទៅ​ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ដោយ​សមាសភាព​ចូលរួម​ជា​ពាណិជ្ជករ​ ប្រតិបត្តិ​ករ​ដែល​មក​ពីប​ណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​នាក់​។

នាយក​គ្រប់គ្រង​ផ្នែក​ព្រឹត្តិ​ការណ៍​ និង​ការ​លក់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ លោក​ Ahmad​ Anuar​ បាន​មានប្រសាសន៍​ថា​ កិច្ច​ជំនួប​ និង​ពិភាក្សា​គ្នា​មួយ​នេះ​ គឺ​មាន​សារសំខាន់​ និង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ដែល​ក្រៅពី​អាចប​ង្កើត​ទំនាក់​ ទំនង​នៅក្នុង​កិច្ច​ប្រកប​អាជីវកម្ម​និង​មុខ​ជំនួញ​ ថែមទាំង​អាច​ស្វែ​ករ​កដៃ​គូ​វិនិយោគ​ជាមួយគ្នា​ថែមទៀត​ផង​។

លោក​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​កម្មវិធី​មួយ​នេះ​ វា​ជា​ការ​ផ្តល់​ឱកាស​ពិសេស​សម្រាប់​បណ្តា​សហគ្រិន​នានា​នៅក្នុង​ស្រុក​ ដើម្បី​តភ្ជាប់​ជាមួយនឹង​សហគ្រិន​មក​ពី​បណ្តា​ប្រទេស​ដទៃទៀត​ធ្វើជា​ដៃគូ​អាជីវកម្ម​ និង​ផ្លាស់ប្ដូរ​មុខទំនិញ​រវាង​គ្នា​ទៅ​វិញ​ទៅមក​”។

លោក​បាន​បញ្ជាក់​ថា​ “ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នឹង​មានការ​រៀបចំ​ពិព័រណ៍​បែប​ពាណិជ្ជកម្ម​ រៀងរាល់​មួយ​ខែ​ម្ដង​ដែល​មាន​អ្នកចូលរួម​សុទ្ធតែ​ជា​ពាណិជ្ជករ​ និង​នាំ​យក​បណ្តា​ផលិតផល​នានា​មក​ដាក់​តាំង​បង្ហាញ​ ដើម្បី​ស្វែងរក​ដៃគូ​ក្នុង​ការចែកចាយ​ទៅកាន់​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ​”។

លោក​ សេង​ លីម៉ា​ ប្រធាន​ចាត់ចែង​ប្រចាំ​សម្ព័ន្ធ​ក្រុមហ៊ុន ​Mekong​ Views​ Properties បាន​បង្ហាញ​ពី​ភាព​ស្ញប់ស្ញែង​ ពី​ការរៀបចំ​កម្មវិធី​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ នេះ​ថា​ “ខ្ញុំ​ធ្លាប់​ចូលរួម​នៅក្នុង​កម្មវិធី​ជាច្រើន​ ដែល​ជជែក​ពី​ការ​វិនិយោគ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ដែល​វា​ជា​វេទិកា​បង្កើត​ឱកាស​វិនិយោគ​ និង​ស្វែងរក​ដៃគូ​”។

លោក​បន្ត​ថា​ “ការបង្កើត​ឱកាស​ឱ្យ​មានការ​ជួបជុំគ្នា​រវាង​អ្នក​ពាណិជ្ជករ​ និង​ប្រតិបត្តិ​ករ​ ដែល​ជា​ភាគី​អ្នកលក់​ និង​អ្នកទិញ​នេះ​មាន​សារ​សំខាន់​បំផុត​ ហើយ​ខ្ញុំ​សូម​គាំទ្រ​ឱ្យ​មានកម្ម​វិធី​បែបនេះ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ឱ្យ​មាន​ភា​ពល្អ្រ​សើរ​”។

លោក​ នឿន​ រឹ​ទ្ធី​ ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​សណ្ឋាគារ​ ភ្នំពេញ​អេ​រ៉ា​ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “ការរៀបចំ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​ឯកជន​ ដោយ​ក្នុងនាម​យើង​ជា​ពាណិជ្ជករ​ ក៏ដូចជា​ប្រតិបត្តិ​ករ​ គឺ​ត្រូវ​ធ្វើឡើង​ដោយខ្លួនឯង​ ជាជាង​រង់ចាំ​ការ​បើកឱកាស​ពីសំណាក់​រដ្ឋាភិបាល​។

លោក​បន្ត​ថា​ “តាមរយៈ​​កម្មវិធី​នេះ​ សម្រាប់​អ្នក​ដែល​មានដៃ​គូ​សហការ​ជាមួយ​រួចហើយ​នោះ​ គឺ​អាច​បង្កើន​កិច្ច​ទំនាក់ទំនង​ និង​បន្ត​កិច្ចសហការ​បន្ថែម​ទៀត​ ដោយឡែក​ចំពោះ​អ្នក​ដែល​មិនទាន់​មានដៃ​គូ​ ពួកគាត់​អាច​ស្វែងយល់​ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅក្នុង​កម្មវិធី​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ នៅពេល​ដែល​វិស័យ​ឯកជន​មានការ​ខិតខំ​ប្រឹង​ នោះ​រដ្ឋាភិបាល​ ក៏​នឹង​បង្កើន​កិច្ចការ​ជួយ​សម្រប​សម្រួល​ និង​បើកឱកាស​កៀងគរ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ ឱ្យ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដែល​កាន់តែ​ធ្វើ​ឱ្យ​កិច្ច​ប្រកប​មុខ​ជំនួញ​ ក៏ដូចជា​ពាណិជ្ជកម្ម​ក្នុង​ស្រុក​កាន់តែ​មាន​ភាពល្អ​ប្រសើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here