រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ថ្មី​មួយទៀត​នៅ​ខេត្តកំពត​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ថ្មី​មួយទៀត​ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ នៅ​លើ​ផ្ទៃដី​ទំហំ​ជិត១៦ហិ​កតា​ ស្ថិតនៅ​ក្នុង​ខេត្តកំពត​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​អនុម័ត​ និង​គាំទ្រ​ឱ្យ​ចាប់​ដំណើរការ​ទៅតាម​ការ​ស្មើ​សុំ​បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​។

នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​នា​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ ក្រោម​ការដឹកនាំ​ប្រជុំ​អន្តរក្រសួង​ ដោយ​លោក​ នេត​ ភក្ត្រា​ រដ្ឋ​លេខាធិ​កា​ក្រសួងបរិស្ថាន​ ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ (IESIA​) សម្រាប់​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​ លើ​ផ្ទៃដី​ទំហំ​ ១៥,៩០ហិ​កតា​ នៅក្នុង​ខេត្តកំពត​ ត្រូវ​បានសម្រេច​គាំទ្រ​ និង​អនុម័ត​ឱ្យ​ដំណើរការ​ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ និង​អនុវត្ត​ទៅតាមច្បាប់​។

ទីតាំង​គម្រោង​អាជីវកម្ម​ថ្ម​សំណង់​មួយ​នេះ​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​ស្យា​ ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ត្រពាំងរាំង​ ឃុំ​តានី​ ស្រុក​អង្គរជ័យ​ ខេត្តកំពត​ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ CHH​ INVESTMENT​ CO​,. LTD​ (ម្ចាស់​គម្រោង​) សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ធី​ អិម​ ហ្រ្គីន​ ខន​សាល់​ធេ​នស៊ី​ ឯ.ក​ ។

កិច្ចប្រជុំ​នេះ​ មាន​សមាសភាព​ចូលរួម​ពី​តំណាង​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ​ នៃ​ក្រសួងបរិស្ថាន​ អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ តំណាង​អន្តរក្រសួង​ពាក់ព័ន្ធ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រដ្ឋបាល​ខេត្តកំពត​ មន្ទីរ​បរិស្ថាន​ខេត្តកំពត​ អង្គការ​ DPA​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ តំណាង​ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ សរុប​ប្រមាណ​ ៣៦នាក់​។

បន្ទាប់ពី​ឆ្លងកាត់​កិច្ចប្រជុំ​ បានសម្រេច​គាំទ្រ​ក្រុមហ៊ុន​ឱ្យ​ចាប់​ដំណើរការ​អាជីវកម្ម​ ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ និង​អនុវត្ត​ទៅតាមច្បាប់​កំណត់​ ជាពិសេស​ ផ្នែក​បរិស្ថាន​ និង​សុខ​សុវត្ថិភាព​របស់​បុគ្គលិក​ កម្មករ​ ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​គម្រោង​អាជីវកម្ម​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here