ដោយគង់ សូរិយា
ភ្នំពេញ រឿងដែលគេទន្ទឹងជាយូរមកហើយ មានដំណឹងល្អ ដោយផ្ទះមានតម្លៃសមរម្យតំបូងគេ បានប្រកាសទទួលកក់ប្រាក់ជាផ្លូវការពីអតិថិជនហើយ។
ដោយគង់ សូរិយា
ភ្នំពេញ រឿងដែលគេទន្ទឹងជាយូរមកហើយ មានដំណឹងល្អ ដោយផ្ទះមានតម្លៃសមរម្យតំបូងគេ បានប្រកាសទទួលកក់ប្រាក់ជាផ្លូវការពីអតិថិជនហើយ។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisal(KFA )ដែលទទួលសិទ្ឋលក់គំរោងនេះ ជាផ្លូវការបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មករានេះថា ក្រុមហ៊ុនបានបើកទទួលការកក់ប្រាក់ពីអតិថិជនហើយ ដោយផ្ទះក្នុងគំរោងនេះមានតម្លៃចាប់ពី២៥,០០០ដុល្លារ ដល់ជាង៣០,០០០ដុល្លារអាមេរិក។ លោកបន្តថា អតិថិជនអាចកក់ប្រាក់ចន្លោះពី៥ទៅ៣០ភាគរយ និងទទួលបានការអនុគ្រោះ មិនយកការប្រាក់រយៈពេល២៤ខែ និងបន្ទាប់ពីនេះ អតិថិជនអាចប្រើប្រាស់ឥណទានធនាគារ ដោយក្រុមហ៊ុនជាអ្នកជួយសម្របសម្រួលជូន។
អតិថិជនអាចស្វែងរកការិយាល័យ ស្ថិតនៅដីឡូត៍លេខ៦៤៤បេ ភូមិទួលរកា សង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកគំរោងលំនៅដ្ឋាននេះស្ថិតនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុនWorld Bridge កំពុងចាប់ផ្តើមសាងសង់លំនៅដ្ឋាននេះហើយ ដែលមានផ្ទះសរុបចំនួន២៤៥៧ផ្ទះ ស្ថិតនៅលើផ្ទៃដីជាង២០ហិកតា និងគ្រោងចំណាយពេលសាងសង់រយៈពេលចំនួន២០ខែ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនវើលដ័ប្រីដ ហូមឯកដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនWorld Bridge Groupបានឲ្យដឹងថា ដើម្បីជួយសម្រួលបន្ទុកនការបង់ប្រាក់កក់របស់អតិថិជន សម្រាប់គំរោងលំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុនរបស់យើងខ្ញុំ ក្រុមហ៊ុននឹងអនុញ្ញាត្តឲ្យអតិថិជនបង់ប្រាក់កក់តំបូងតែ៥ភាគរយ ឬ១០ភាគរយនៃតម្លៃផ្ទះប៉ុណ្ណោះ ហើយអាចបង់បង្រ្គប់ឲ្យគ្រប់ចំនួន២០ភាគរយ ឬ២៥ភាគរយ ឬ៣០ភាគរយរហូតដល់២៤ខែ ដោយគ្មានការប្រាក់អ្វីទាំងអស់ជាមួយក្រុមហ៊ុន។
ក្នុងន័យនេះអតិថិជន នឹងត្រូវបង់ប្រាក់ចន្លោះពី១០៥ដុល្លារអាមេរិក ទៅ២៤៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ អាស្រ័យតាមតម្លៃផ្ទះនិងជម្រើសបង់ប្រាក់កក់។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា អតិថិជនដែលមានបំណងទិញលំនៅដ្ឋានក្នុងគំរោងនេះ ត្រូវភ្ជាប់ឯកសារចំនួន៣ គឺទី១ ពាក្យស្នើសុំទិញលំនៅដ្ឋានតម្លៃសមរម្យជាមួយក្រុមហ៊ុន ទី២ អត្តសញ្ញាណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់មន្រ្តីរាជការ និងទី៣ សំបុត្រអាពាហ៍ពិពាហ៍ឬសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ៕