ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​នៅ​ខេត្តសៀមរាប​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Beijing​ Jingneng​ Power​ Co​.,Ltd​ ដែល​ជា​ក្រុមហ៊ុន​របស់​ចិន​ បាន​បង្ហាញ​មហិច្ឆតា​ គ្រោង​បោះទុន​វិនិយោគ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ នៅក្នុង​ខេត្តសៀមរាប​។

បើ​តាម​តំណាង​ក្រុមហ៊ុន​ Beijing​ Jingneng​ Power​ Co​.,Ltd​ នៅក្នុង​ជំនួប​ជាមួយ​ លោក​ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ១២​ ម្សិលមិញ​នេះ​ បាន​បាន​ស្នើសុំ​អោយ​រដ្ឋបាល​ខេត្ត​ ជួយ​រក​ដី​ ឬ ជួល​ដី​ ដែល​មានតម្លៃ​ទាប​ដើម្បី​ឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុង​ការ​វិនិយោគ​។

តំណាង​ក្រុម​ដដែល​បន្ត​ថា​ “ប្រសិនបើ​ក្រុមហ៊ុន​ទិញ​ ឬ ជួល​ដី​ ដែល​មានតម្លៃ​ថ្លៃ​ពេក​ ក្រុមហ៊ុន​ក៏​លក់​អគ្គិសនី​ក្នុង​តម្លៃ​ថ្លៃ​ដែរ​ ហើយនឹង​ត្រូវ​វិនិយោគ​រយៈពេល​យូរ​ទើប​ក្រុមហ៊ុន​អាច​ទទួល​បានផល​ចំណេញ​ ជួយ​គាំទ្រ​គម្រោង​របស់​ក្រុមហ៊ុន​ និង​ជួយ​សម្របសម្រួល​បន្ធូរបន្ថយ​ពន្ធ​ និង​ជួយ​ទិញ​អគ្គិសនី​ពេល​ក្រុមហ៊ុន​ផលិត​បាន​”។

លោក​ ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​បាន​សម្តែង​ការ​គាំទ្រ​លើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ ចំពោះ​ក្រុមហ៊ុន​ ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​នៅក្នុង​ខេត្តសៀមរាប​។

លោក​បន្ថែម​ទៀត​ថា​ នឹង​ជួយ​សម្របសម្រួល​នីតិវិធី​ច្បាប់​នៅពេល​ដែល​ក្រុមហ៊ុន​ទទួល​បានការ​អនុញ្ញាត​លើ​គម្រោង​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ទទួល​បាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ចុះ​អនុស្សារ​ណៈ​ជាមួយ​ក្រុមហ៊ុន​នៅពេល​ទទួល​បាន​សិទ្ធិ​ពី​ថ្នាក់​ជាតិ​។

លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា​ នៅ​ខេត្តសៀមរាប​ ការប្រើ​ប្រាស់​អគ្គិសនី​ បាន​គ្រប​ដណ្តប់​ប្រហែល​ ៨០​% ដែល​មាន​បណ្តាញ​ខ្សែ​មក​ពី​ប្រទេស​ថៃ​ចំនួន​ ១១៥​ មេ​កា​វ៉ាត់​ និង​មក​ពី​វារីអគ្គិសនី​ខេត្តពោធិ៍សាត់​ទំហំ​ ២៣០​ មេ​កា​វ៉ាត់​ ហើយនឹង​មាន​ថាមពល​អគ្គិសនី​មក​ពី​សេសាន​ទំហំ​ ៤០០​ មេ​កា​វ៉ាត់​ ក្នុង​ពេល​ខាងមុខ​។

ទោះបីជា​យ៉ាងនេះ​ក្តី​ ការប្រើ​ប្រាស់​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន​ មានការ​ខ្វះខាត​ ហើយ​តម្រូវការ​ប្រើប្រាស់​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here