រដ្ឋាភិបាល​ប្រកាស​ថា​ ការ​ប្រមូល​ពន្ធ​ពីរ​ដ្ឋ​ករ​គយ​ និង​អគ្គ​ពន្ធ​លើស​ពី​ផែនការ​ប្រមាណ​ ១,១០៤​ លាន​ដុល្លារ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​នៅ​បណ្តា​សង្គម​ Facebook​ ផ្លូវការ​របស់​សម្ដេច​ថា​ ការ​ប្រមូល​ពន្ធ​ពីរ​ដ្ឋ​ករ​គយ​ និង​អគ្គ​ពន្ធ​បាន​ប្រមាណ​ ៥,៦៥២​ លាន​ដុល្លារ​ ដែល​ប្រមូល​បាន​លើស​ពី​ផែនការ​បាន​កំណត់​ប្រមាណ​ ១,១០៤​ លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ គិត​មកទល់​ខែធ្នូ​ ២០១៩​ នេះ​ ចំណូល​ដែល​បាន​មក​ពីរ​ដ្ឋ​ករ​គយ​ បើ​តាម​គម្រោង​ផែនការ​កំណត់​ត្រូវ​ប្រមូល​ឲ្យបាន​ ២,២៦០​ លាន​ដុល្លារ​ ។ ប៉ុន្តែ​មកដល់​ត្រឹម​ថ្ងៃទី៩​ ខែធ្នូ​ ២០១៩​ គឺ​យើង​ប្រមូល​បាន​ ៣,០១៣​ លាន​ដុល្លារ​ លើស​ផែនការ​ប្រមាណ​ ៧៥៨​ លាន​ដុល្លារ​ (ស្មើនឹង៣៣.៥​% )។

បើ​គិតជា​មធ្យម​ចំណូល​ដែល​មក​ពីរ​ដ្ឋ​ករ​គយ​ គឺ​ប្រមូល​បាន​ប្រមាណ១០លាន​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​ៗ។ សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “យើង​នៅសល់​ជិត២០ថ្ងៃ​ទៀត​ ដែល​មិនទាន់​បាន​គិត​បូក​ថែម​ ហើយដែល​យើង​រំពឹង​ថា​ចំណូល​គយ​គឺ​នឹង​កើន​លើស​ផែនការ​ប្រមាណ​ជាង​ ៨០០លាន​ដុល្លារ​”។

ចំពោះ​ចំណូល​ពីអ​គ្គ​ពន្ធ​ដា​វិញ​គឺ​មាន​ផែនការ​ប្រមូល​អោយ​បាន​ប្រមាណ​ ២,២៨៨​ លាន​ដុល្លារ​។ ប៉ុន្តែ​មកទល់​ពេលនេះ​ គឺ​ប្រមូល​ចំណូល​បាន​ ២,៦៣៤​ លាន​ដុល្លារ​រួចហើយ​ ដែល​ពេលនេះ​បាន​លើស​ផែនការ​ប្រមាណ​ ៣៤៥​ លាន​ដុល្លារ​។

សរុប​ក្នុង​ច្បាប់​ផែនការ​ថវិកា​ ពីរ​ដ្ឋ​ករ​គយ​ និង​អគ្គ​ពន្ធ​ដា​ដែល​បាន​ដាក់ចេញ​គឺ​មាន​គម្រោង​ប្រមូល​ចំណូល​ប្រមាណ​ ៤,៥៤៨លាន​ដុល្លារ​ ។ ប៉ុន្តែ​រហូតដល់​ពេលនេះ​គឺ​ប្រមូល​បាន​ប្រមាណ​ ៥,៦៥២​ លាន​ដុល្លារ​ ដែល​ប្រមូល​បាន​លើស​ពី​ផែនការ​ដែល​បាន​កំណត់​ប្រមាណ​ ១,១០៤​ លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​។

សម្តេច​តេជោ​ បាន​មានប្រសាសន៍​ថា​ “បើ​យើង​បូករួម​ទាំង២ខែមុន​យើង​អាច​ប៉ាន់ស្មាន​បាន​ថា​នឹង​ចំណូល​លើស​ផែនការ​គឺ​នឹង​ឈាន​ដល់​ ១,៣០០លាន​ដុល្លារ​ ដែល​ជា​ថវិកា​ដ៏​ល្អ​បាន​មក​ពី​ចំណូល​សារពើពន្ធ​ ហើយដែល​មិនទាន់​បាន​បូក​បញ្ចូល​ពី​ចំណូល​មិនមែន​សារពើពន្ធ​មាន​ដូចជា​ចំណូល​បាន​មក​ពី​ថ្លៃ​ទិដ្ឋាការ​ទេសចរណ៍​ អាការ​យានដ្ឋាន​ អាកាសចរណ៍​ ប័ណ្ណចូល​ទស្សនា​អង្គ​វត្ត​ និង​ពី​ដី​កសិកម្ម​(ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ជួល​ទៅ​អោយ​ឯកជន​វិនិយោគ​)… ។ល។”។

សម្តេច​បាន​បន្ត​ថា​ “នៅពេល​នេះ​ រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ​ ៣,៥០០លាន​ដុល្លារ​ ដែល​អាច​ប្រើប្រាស់​បា​នភ្លាមៗ​ ដែល​មិនបាន​រួមបញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​ ១៥ពាន់​លាន​ដុល្លារ​ និង​ មាស​ប្រមាណ ៣០តោន​ ទៀតផង​”។

លោក​ បាន​មានប្រសាសន៍​ថា​ “ច្បាស់​ណាស់​ កត្តា​សន្តិភាព​ គឺ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​បាន​ឆ្លងកាត់​សង្រ្គាម​ និង​វិនាសកម្ម​នៃ​របប​ប្រល័យ​ពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ និង​បាន​ធ្វើអោយ​ប្រទេសជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ​។

ពិតប្រាកដ​ណាស់​ “ មាន​សន្តិភាព​ ទើប​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​, មាន​សន្តិភាព​ ទើប​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ទៅ​បាន​”។ សន្តិភាព​ពេញលេញ​ជាង២០ឆ្នាំ​មកនេះ​ គឺ​បាន​ផ្តល់​ឱកាស​អោយ​កម្ពុជា​បាន​កសាង​អភិវឌ្ឍន៍​សង្គមជាតិ​រីកចម្រើន​ដល់​សព្វថ្ងៃ​ ដែល​បាន​ធ្វើអោយ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីក​លូតលាស់​ជាមួយ​កំណើន​ក្នុងរង្វង់​ប្រមាណ​ ៧.១​% ដែល​មាន​អត្រា​អតិផរណា​ត្រឹមតែ​ ២.៥​%ប៉ុណ្ណោះ​។

ក្រោម​ការដឹកនាំ​លើ​មា​គា៍​ និង​ទស្សនៈ​វិស័យ​ច្បាស់លាស់​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ ដែល​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ “ចុង​ខ្សែ​ពីរ​នៃ​ចំណង​ខ្សែ​មួយ​” ដែល​សំដៅលើ​ការគ្រប់គ្រង​ស្ថានភាព​នយោបាយ​អោយ​មាន​ស្ថិរភាព​ល្អ​ និង​ គ្រប់គ្រង​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​អោយ​មាន​ស្ថិរភាព​រឹងមាំ​ល្អ​កើនឡើង​ថែមទៀត​។

កម្ពុជា​ដែល​បាន​ដើរមក​ដល់​ដំណាក់កាល​នេះ​ គឺ​ដោយសារ​មានការ​ចូលរួម​ពី​ប្រទេស​ជា​ដៃគូ​ ដៃគូ​វិនិយោគឯកជន​ និង​ពី​បងប្អូន​ជនរួមជាតិ​ទាំងអស់គ្នា​ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ និង​ចូលរួម​ទទួលខុសត្រូវ​បង់ពន្ធ​ទាំងអស់គ្នា​ ដើម្បី​កម្ពុជា​កាន់តែ​រីក​លូតលាស់​ឆាប់រហ័ស​លឿនទៅមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here