ដោយ Donald Lee
ភ្នំពេញ៖ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថានឹងជំរុញតំបន់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ខណៈប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្ម ដូចជាសឹង្ហបូរី តៃវ៉ាន់ និងកូរ៉េខាងត្បូងនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឯករាជ្យ។
ការស្ទង់មតិរបស់របាយការណ៍ដែលតំណាងអ្នកជំនាញសេដ្ឋកិច្ចជាង ៦០០ នាក់នៅទូទាំងតំបន់ បានឱ្យដឹង ថា ការនាំចេញនៅក្នុងប្រទេសវៀតណាមបានកើនឡើងជាង ១២ ភាគរយហើយ ហើយសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ផ្សេងទៀតត្រូវបានរំពឹងថានឹងអនុវត្តតាមកំណើនឡើងនេះ។
របាយការណ៍បាននិយាយថា “ការស្ទង់មតិប្រចាំឆ្នាំរបស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបង្ហាញពីសុទិដ្ឋិនិយមមួយចំនួនសម្រាប់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ ការនាំចេញរបស់វៀតណាមត្រូវបានរំពឹងថានឹងបន្តអនុវត្តកំណើនឡើងយ៉ាងខ្លាំងជាមួយនឹងកំណើនខ្ពស់ជាង ១២ ភាគរយ”។
អ្នកឆ្លើយសំណួរស្ទើរតែពាក់កណ្ដាលរំពឹងថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងកើនឡើងនៅឆ្នាំក្រោយផ្ទុយពីជិត ៧០ ភាគរយដែលជឿថា សេដ្ឋកិច្ចពិភពលោកទាំងមូលនឹងឈានទៅរកការធ្លាក់ចុះ។
អគ្គលេខាធិការវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក លោក Eduardo Pedrosa បាននិយាយថា ”នេះគឺជាការផ្លាស់ប្តូរគួរឱ្យកត់សំគាល់។ យើងមិនមានទស្សនវិស័យដូចនោះទេចាប់តាំងពីយើងបានចាប់ផ្តើមការស្ទង់មតិនេះកាលពី ១០ ឆ្នាំមុន។ ដូច្នេះនោះគឺជាការរកឃើញដ៏គួរឱ្យតក់ស្លុតមួយ។
របាយការណ៍បានចាត់ទុកសង្រ្គាមពាណិជ្ជកម្មពិភពលោកដែលកំពុងកើតមាន ការលេចចេញជាសកលប្រឆាំងនឹងសកលភាវូបនីយកម្ម និងប្រឆាំងពាណិជ្ជកម្មបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មច្រើនបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍បានព្យាករថា កំណើនសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនឹងធ្លាក់ចុះ ០.៥ ភាគរយ ពី ៣,៣ ភាគរយនៅឆ្នាំ ២០២០ ហើយនៅតែរក្សាកម្រិតនោះរហូតដល់ឆ្នាំ ២០២៤។ របាយការណ៍បានឱ្យដឹងថា “ស្ថានភាពនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានរំជើបរំជួលចាប់តាំងពីពេលនោះមកកាលពីឆ្នាំមុន ជាមួយនឹងការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកដែលកំពុងមានលក្ខណៈអវិជ្ជមាន។
កំណើនសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានរំពឹងថានឹងធ្លាក់ចុះពីកំណើន ៣,៨ ភាគរយក្នុងឆ្នាំ ២០១៨ ដល់កំណើន ៣,៣ ភាគរយនៅឆ្នាំនេះ”។
វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានចង្អុលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃពាណិជ្ជកម្ម ដោយសារបុព្វហេតុចម្បងនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងតំបន់សម្រាប់ប៉ុន្មានឆ្នាំខាងមុខ ហើយបានព្រមានថា បណ្តាប្រទេសនៅអាស៊ីចាំបាច់ត្រូវបង្កើតគោលនយោបាយសកម្មបន្ថែមទៀត និងមិនពឹងផ្អែកលើកញ្ចប់ជំរុញបែបប្រពៃណី ដូចជាការចំណាយខ្ពស់របស់រដ្ឋាភិបាល និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល។
របាយការណ៍បានឱ្យដឹងទឿតថា “វាគឺជាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យខាងក្រៅដែលជាការព្រួយបារម្ភបំផុតជាមួយនឹងកំណើននៃការនាំចេញដែលធ្លាក់ចុះពី ៤,០ ភាគរយមកនៅត្រឹម ០,៩ ភាគរយនៅឆ្នាំនេះសម្រាប់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ខណៈពេលដែលរដ្ឋាភិបាលកំពុងធ្វើសកម្មភាពដើម្បីបន្ថយការធ្លាក់ចុះតាមរយៈវិធានការណ៍ជំរុញសេដ្ឋកិច្ចជាពិសេសការកាត់បន្ថយអត្រាការប្រាក់ស កម្មភាពផ្សេងទៀតក៏ត្រូវធ្វើផងដែរ”។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមរៀបចំខ្សែសង្វាក់តម្លៃពិភពលោកជុំវិញពិភពលោករួចទៅហើយ និងកំពុងជះឥទ្ធិពលដល់បណ្តាប្រទេសអាស៊ីដែលពឹងផ្អែកលើពាណិជ្ជកម្ម និងបានចាប់ផ្តើមនិន្នាការនៃការការពារនិយម និងប្រឆាំងសកលភាវូបនីយកម្មក្នុងចំណោមប្រជាជាតិនានា។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី ១០ ឆ្នាំមុន។
របាយការណ៍បានកែប្រែការព្យាករណ៍ ផលិតផលសរុបក្នុងស្រុករបស់ពិភពលោកឆ្នាំ ២០១៩ មានកំណើន ២,៩ ភាគរយ និង ៣ ភាគរយសម្រាប់ឆ្នាំក្រោយ។ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ២០២០-២០២១ គឺមាន ការធ្លាក់ចុះបំផុតមួយចាប់តាំងពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៩៕






