
ដោយ ប៊ី
ភ្នំពេញៈ កម្ពុជានឹងរង់ចាំការឆ្លើយពីសហភាពអឺរ៉ុប ចំពោះបញ្ហា EBA បន្ទាប់ពីប្រគល់ជូន នូវឯកសារឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅនឹងរបាយការណ៍របស់គណ:កម្មការអឺរ៉ុប។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកណុំ ពិសិដ្ឋឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបែលហ្សិក បានប្រគល់ជូននូវឯកសារឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅនឹងរបាយការណ៍របស់គណ:កម្មការអឺរ៉ុប ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ជូនលោកស្រី Alina Boiciuc តំណាងគណ:កម្មការអឺរ៉ុប នៅទីស្នាក់ការអគ្គនាយកដ្ឋានពាណិជ្ជកម្ម នៃគណ:កម្មការអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ ជាការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធ និងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ ជាបណ្តោះអាសន្ន ដែលបានផ្តល់ឲ្យកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានាដែលរាជរដ្ឋាភិបាល បានអនុវត្តឆ្លើយតប ទៅនឹងបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភ របស់គណៈកម្មការអឺរ៉ុប ជាអាទី៍ រួមមាន ការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិនិងសេរីភាពបង្កើតសមាគមជាដើម។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុប នឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គមដល់កម្មការីនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
សមាគមរោងចក្រកាត់ដេរនៅក្ពុជា (GMAC) បានក៏បានជំរុញឱ្យសហភាពអឺរ៉ុបបន្តរក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ដល់កម្ពុជា ដើម្បីផ្តល់ការងារដល់កម្មករ និយោជិតចំនួន៧៥០,០០០ នាក់ ; និងសុខមាលភាពប្រជាពលរដ្ឋប្រមាណ៣លាននាក់ស្ថិតនៅក្នុងហានីភ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរនៅម្ពុជា (GMAC)ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហាកន្លងមកនេះបានឱ្យដឹងថា ប្រទេសកម្ពុជា បានទទួលអត្ថប្រយោជន៍ពីកម្មវិធី EBA តាំងពីឆ្នាំ២០០១ ។ អ្នកដែលទទួលបានអត្ថប្រយោជន៍ចម្បងគឺកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Travel Goods) ក្នុងប្រទេសកម្ពុជា។
ឧស្សាហកម្មទាំងនេះ តំណាងឲ្យប្រមាណ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និង៩០ភាគរយ នៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ពាណិជ្ជកម្មចំនួន៤,៧៧ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៨ កើនឡើងចំនួន១០ដង ចាប់ពីកម្មវិធី EBA ត្រូវបានផ្តល់ឱ្យកម្ពុជាដំបូង។
សមាគមរោងចក្រកាត់ដេរនៅម្ពុជា ដែលជាតំណាងរោងចក្រចំនួន៥៨០ នៅកម្ពុជាបានអះអាងបន្តថា ដោយសារតែការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈកម្មវិធី EBA ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បានចេញផុតពីភាពក្រីក្រ និងបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។
កម្មករចំនួន ៧៥០,០០០នាក់នៅក្នុងឧស្សាហកម្មនេះ តំណាងជាងពាក់កណ្តាលនៃកម្លាំងការងារសរុប ក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ហើយឧស្សាហកម្មនេះផ្តល់ការគាំទ្រចំណូលផ្ទាល់ដល់គ្រួសារជាង២០ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាង៨០ភាគរយនៃកម្មកររបស់យើងជាស្ត្រី ហើយពួកគេភាគច្រើនបំផុតមានអាយុក្រោម ៣៥ឆ្នាំ។
សរុបទៅកម្មវិធី EBA មានផលវិជ្ជមានដល់ជីវិត ប្រជាពលរដ្ឋប្រមាណ៣លាននាក់ក្នុងប្រទេសកម្ពុជា៕





