ដោយ Donald Lee
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ បានដាក់ចេញផែនការសម្រាប់អាមេរិកដើម្បីកាត់បន្ថយពន្ធចិនដែលមានស្រាប់មកនៅត្រឹម ៧,៥ ភាគរយ និងពន្យារពេលការយកពន្ធលើទំនិញចិនរួមមានកុំព្យូទ័រ និងស្មាតហ្វូន ខណៈក្រុងប៉េកាំងយល់ព្រមនាំចូល ២០០ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ការតំឡើងពន្ធគយនៅថ្ងៃទី ១៥ ខែ ធ្នូ លើទំនិញចិនដែលមានតម្លៃ ១៦០ ពាន់លានដុល្លារនឹងមានការពន្យាពេលវេលាផុតកំណត់។ ការយកពន្ធលើទំនិញអេឡិចត្រូនិកចិនដែលមានតម្លៃ ១២០ ពាន់លានដុល្លារនឹងត្រូវកាត់បន្ថយមកនៅត្រឹម ៧,៥ ភាគរយ ហើយពន្ធផ្សេងទៀតនឹងនៅតែមាន ខណៈដែលភាគីទាំងពីរចរចាគ្នាក្នុងដំណាក់កាលខាងមុខ។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយក្នុងឱកាសជួបជាមួយប្រធានាធិបតី Abdo Benítez នៃសាធារណរដ្ឋប៉ារ៉ាហ្គាយនៅសេតវិមានថា “ពន្ធគយភាគច្រើននឹងនៅតែមាន ២៥ ភាគរយលើទំនិញចិន ដែលមានតម្លៃ២៥០ ពាន់លានដុល្លារ”។
លោក Trump បានបង្ហាញថា “យើងនឹងប្រើវាសម្រាប់ការចរចានាពេលអនាគតលើកិច្ចព្រមព្រៀងដំណាក់កាលទី ២ ពីព្រោះចិនចង់ឃើញការដកពន្ធគយចេញ ហើយយើងក៏យល់ព្រម។ ប៉ុន្តែការងារនេះនឹងត្រូវប្រើជាតុចរចាសម្រាប់ដំណាក់កាលទី ២ កិច្ចព្រមព្រៀងដែលពួកគេចង់ចាប់ផ្តើមភ្លាមៗ ហើយនោះមិនអីទេសម្រាប់ខ្ញុំ”។
ការប្តេជ្ញារបស់ចិនក្នុងការនាំចូលទំនិញអាមេរិកដែលមានតម្លៃ ២០០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំខាងមុខគឺជាជោគជ័យដ៏ធំធេងសម្រាប់លោក Trump។ យោងតាមទិន្នន័យរបស់ការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិក ចិនបានទិញទំនិញ និងសេវាកម្មរបស់អាមេរិកដែលមានតម្លៃ ១៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ។
ក្រុមអ្នកវិភាគបារម្ភថា លោក Trump នឹងប្រើប្រាស់ការគំរាមរបស់លោកដែលលោកសុខចិត្តរង់ចាំរហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាឆ្នាំ ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាល Trump បានបញ្ជាក់ថា វាមិនទំនងទេដែលថាលោក Trump នឹងរង់ចាំយូរដើម្បីធ្វើកិច្ចព្រមព្រៀងដំណាក់កាលទី ១ ។

លោក Trump បាននិយាយថា “យើងនឹងរង់ចាំរហូតដល់ក្រោយការបោះឆ្នោត [ការបោះឆ្នោតទូទៅអាមេរិកនៅឆ្នាំ ២០២០] ប៉ុន្តែពួកគេចង់ចាប់ផ្តើមឱ្យបានឆាប់ជាងនេះ ហើយវាមិនអីទេ”។
លោក Trump បានបន្ថែមថា “នេះគឺជាកិច្ចព្រមព្រៀងដ៏ធំមួយដែលជាកិច្ចព្រមព្រៀងរបស់ចិន។ វាគ្របដណ្តប់លើវិស័យផលិតកម្មកសិកម្ម ការបង្កើតច្បាប់បទបញ្ញត្តិជាច្រើន។ រឿងជាច្រើនត្រូវបានធ្វើឡើង។ វាជាដំណាក់កាលទី ១ ប៉ុន្តែរឿងធំៗជាច្រើនត្រូវបានធ្វើ”៕






