អង់គ្លេសត្រៀមបញ្ជូនអ្នកជំនាញដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្នើសុំរដ្ឋាភិបាលកម្ពូជា បង្កើតជាសិក្ឋាសាលាផ្លូវការមួយដើម្បីអភិវឌ្ឍធនធានមនុស្សជួយជំរុញដល់ភាពរីកចម្រើននៅកម្ពុជាបន្ថែមទៀត ក្រោមវត្តមានវាគ្មិនដែលមានជំនាញ និងឯកទេសច្បាស់លាស់មកពីចក្រភពអង់គ្លេសផ្ទាល់ ក្នុងគោលដៅជួយជ្រោមជ្រែងកិច្ចអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។


នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល រួមជាមួយនឹងការធ្វើកិច្ចពិភាក្សាការងារសំខាន់ៗមួយចំនួន ក្នុងនាមជាដៃគូសហការ និងអភិវឌ្ឍនៅកម្ពុជា ដោយរួមមានលោក Stewart Clayton ទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាផងដែរ។

នៅក្នុងកិច្ចជំនួបនេះ លោកស្រី Tina Redshaw បានស្នើសុំការគាំទ្រ ក៏ដូចជាអនុសាសន៍ពីលោកទេសរដ្ឋមន្ត្រីលើគម្រោងរៀបចំសិក្ខាសាលា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានការចូលរួមពីវាគ្មិន និងអ្នកឯកទេសសំខាន់ៗពីចក្រអង់គ្លេស។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានលើកឡើងផែនការ និងគម្រោងកំពុងដំណើរការបន្តពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជាតិរបស់កម្ពុជា ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនតាមគោលការណ៍សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) និងការដាក់ឱ្យដំណើរផ្លូវរថភ្លើងប៉ែកខាងជើងភ្នំពេញ-ប៉ោយប៉ែត ដែលបានផ្អាកដំណើរអស់រយៈពេលប្រមាណ៤៥ឆ្នាំកន្លងមកដោយសារសង្គ្រាម ដើម្បីតភ្ជាប់ផ្លូវដែកកម្ពុជាជាមួយប្រទេសជិតខាង។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីផែនការថ្មីផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងMonorail ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here