ចំណុចត្រូវគិត មុនពេលទិញផ្ទះសម្រាប់លក់បន្តយកចំណេញ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ស្ថិតនៅក្នុងបរិបទនៃភាពពុះកញ្ជ្រោល លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាវិស័យនេះមានការរីកដុះដា​លគ្រប់ទីកន្លែង ជាពេលដែលអ្នកមានធនធានបានវិនិយោគលើផ្នែកផ្សេងៗក្នុងវិស័យនេះ ដូចជាទិញផ្ទះ ទិញដី ទិញខុនដូទុកលក់យកចំណេញជាដើម។

អ្នកវិនិយោគមានក្ដីរំពឹងទទួលបានភាគលាភ និងប្រាក់ចំណេញនៅថ្ងៃអនាគត ខណៈដែលអ្នកវិនិយោគមួយចំនួន បានធ្វើឡើងទាំងភាពប្រថុយប្រថាន។ ចង់ដឹងទេថា តើគួរសិក្សា និងពឹងផ្អែកទៅលើចំណុចគន្លឹះអ្វីខ្លះ ទើបអាចទទួលបានប្រាក់ចំណេញពីការវិនិយោគ និងគេចផុតពីការខាតបង់ ? សូមស្វែងយល់នូវគន្លឹះខ្លីៗ តែមានប្រយោជន៍ដូចខាងក្រោមជាមួយគេហទំព័រអចលនទ្រ ព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា www.propertyarea.asia។

-​សិក្សា​ទៅលើ​ទីតាំង

មិនថាលោកអ្នកទិញ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ  ឬទិញសម្រាប់ការវិនិយោគបន្តនោះទេ ចំណុចដែលគួរពិចារណាមុនគេនោះ គឺគួរតែ​សិក្សា​ឱ្យ​បាន​លម្អិត​អំពី​ទីតាំង​ជា​មុន​សិន។ ត្រូវដឹងពីព័ត៌មាននានា​ឱ្យ​បាន​ច្រើន​បំផុត ​ដូច​ជា បរិយាកាស​ទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស ​សេវា​សាធារណៈ ដូច​ជា​ សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។

-​ប្រៀបធៀប​ព័ត៌មាន

នៅពេល​បាន​សិក្សា​លម្អិត និង​ទទួល​បាន​ព័ត៌មានពាក់ព័ន្ធទាំងអស់ ដូចបានរៀបរាប់ខាង​នេះហើយ លោកអ្នក ​អាច​យក​ព័ត៌មាន​ទាំងនោះ​ទៅពិចារណា​ ដោយធ្វើការប្រៀបធៀបគ្នាជាមួយទីតាំងផ្សេងទៀត ដែ​លស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកថា តើតំបន់ ឬទីតាំង​ណាមួយ ​ដែល​មានភាពទាក់ទាញ​ មានការ​ចាប់អារម្មណ៍​ច្រើន​ជាង ដោយដោយសំអាងទៅលើចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ផ្ទាល់ ដែលជាចំណុច​សំខាន់។

– ភាពចាំបាច់​នៃ​ការ​ទិញ​លំនៅ​ដ្ឋាន

ការ​ទិញ​​លំនៅដ្ឋាន​សម្រាប់វិនិយោគដើម្បីទទួលបានចំណេញ ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់ លើការទិញទុកវិនិយោគនោះ ដូចជា មិនសូវបញ្ហានោះទេ ប៉ុន្តែបើចំពោះអ្នកវិនិយោគដោយការបង់រំលស់ ឬពឹងផ្អែកទៅលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុ គួរតែ​គិត​ឱ្យ​បាន​ដិត​ដល់​ ដែលវាអាចជាពី​បញ្ហាហានិភ័យខ្ពស់ និងអាចកើតមានជាយថាហេតុដោយប្រការណាមួយ។

ដូច្នេះលោក អ្នកគួរតែមានការត្រៀមទុក នូវដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុឱ្យបានរួចរាល់ជាស្រេច។​ចំណុច​សំខាន់ និងចាំបាច់មួយចំណុចទៀត គឺប្រភពចំណូលដែលត្រៀមបង់រំលស់ប្រកបដោយស្ថិរភាព។

-​ពិគ្រោះ​យោបល់​ជាមួយអ្នកជំនាញ

ដើម្បីជួយ​ឱ្យ​ការ​ទិញសម្រាប់វិនិយោ​គរបស់លោក អ្នកអាចមានភាពរលូនទៅបាន លោក អ្នកគួរ​តែរក​អ្នកជំនាញផ្នែកវិស័យនេះ ដើម្បី​ជួយ​ផ្តល់​ជាយោបល់មុនពេលសម្រេចចិត្តទិញ ពីព្រោះ​ថាការសុំពិគ្រោះពីសំណាក់អ្នកជំនាញ ក្រៅពី​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ហើយ​នោះ ថែម​ទាំង​ធ្វើ​ឱ្យ​ការ​ទិញ​ ​លក់​លំនៅ​ដ្ឋានរបស់លោក អ្នក​មានភាព​ជឿជាក់​ និងប្រាកដថាការសម្រេចចិត្ត មិនត្រូវធ្វើឡើងទាំងភាពប្រថុយប្រថាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here