ដោយៈ រ៉ាណេត
ព្រះសីហនុៈ មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនមកពីខេត្តហ្វូជៀន បានបង្ហាញពីគោលបំណងចម្បង ក្នុងការជួយពង្រីកនិងពង្រឹកកិច្ចទំនាក់ទំនង អភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសក្រុងព្រះសីហនុ ជាមួយនឹងការស្មើសុំឱ្យមានកិច្ចសហការស៊ីជម្រៅ ពីរដ្ឋាភិបាលកម្ពុជាចំនួន៣ចំណុចបន្ថែមទៀត។

លោកស្រី Lei Chunmei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងរាស្ត្រប្រជាជនខេត្តហ្វូជៀន ប្រទេសចិន បានមានប្រសាសន៍នៅក្នុងការចូលជួបសម្ដែការគួរសម និងពិភាក្សាការងារជាមួយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា នៅក្នុងកិច្ចសហការជំរុញកំណើនសេដ្ឋកិច្ច ក្នុងខេត្តព្រះសហនុកាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ខេត្តហ្វូជៀន បានបើកការហោះហើរត្រង់មកកាន់ខេត្តព្រះសហនុ ដើម្បីជំរុញកិច្ចសហប្រតិបត្តការ ផ្លាស់ប្ដូរវប្បធម៌ អប់រំ និងទេសចរណ៍។
ជាមួយគ្នានេះ លោកស្រីក៏បានស្នើសុំ កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើចំណុចចំនួន៣ រួមមាន ទី១ – កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម អប់រំ ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម។ ទី២ – ពង្រឹងទំនាក់ទំនង ការផ្លាស់ប្ដូរព័ត៌មាន និងទី៣ ជំរុញការផ្លាស់ប្ដូរវប្បធម៌ ពង្រឹងការយល់ដឹងពីគ្នា ជាគ្រឹះនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» និងផ្លូវសូត្រសមុទ្រ ដោយលើកទឹកចិត្តប្រជាជនចិន អ្នកវិនិយោគ និងទេសចរចិនឱ្យកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែច្រើន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីការស្វាគមន៍នូវគោលបំណងល្អដែលបានលើកឡើងខាងនេះ។ លោកបានបញ្ជាក់ថា “កាលដើមឡើយ ព្រះសីហនុ មានមុខងារជាខេត្តទេសចរណ៍តែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាខេត្តតំបន់ប៉ូលអភិវឌ្ឍន៍ជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរ ដែលជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបម្រើឱ្យវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ការដឹកជញ្ជូន និងទេសចរណ៍។

បន្ថែមពីនេះ លោកអភិបាលក៏បានស្នើដល់ប្រធានប្រតិភូ លោកស្រី Lei Chunmei ជួយផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្ត ដើម្បីជំរុញ និងគៀងគរបណ្តាអ្នកវិនិយោគ និងទេសចរចិនឱ្យមានកាន់ខេត្តព្រះសីហនុ វិនិយោគរោងចក្រ ផ្គត់ផ្គង់វិស័យសំណង់ ដែលកំពុងតែមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត ជាពិសេសឈានដល់ការនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអាស៊ាន៕






