ដោយ វុត្ថា
ខេត្តស្វាយរៀងៈ ក្រុមហ៊ុន SO YANG Decorative Lighting (Cambodia) Co.Ltd) ដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស GIGA Resources SEZ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ក្នុងពិធីសម្ពោធដំណើរនៃក្រុមហ៊ុនអន្តរជាតិនេះ កាលពីចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកស្រីបន្តថា “ក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើងលើផ្ទៃដីដល់ទៅ១១.៥ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស”។ លោកស្រីបន្ថែមថា “នេះពិតជាសមិទ្ធផល និងមោទនភាពរបស់ខេត្តស្វាយរៀងយើងដែលក្លាយជាមូលដ្ឋានឧស្សាហកម្មមួយ ជាមួយនឹងទុនវិនិយោគជាច្រើន គម្រោងនេះពិតជាផ្តល់ការងារដល់ពលករក្នុងស្រុក ផ្តល់ចំណូលជាពន្ធដារនានា រួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តស្វាយរៀងឱ្យកាន់តែជឿនលឿនថែមទៀត”។
លោកស្រីបញ្ជាក់ទៀតថា ការវិនិយោគនេះ ជាការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ទន្ទឹមនេះ ក្នុងរយៈពេលប្រហែល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើន សេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។
លោកគូសបញ្ជាក់ទៀតថា ដោយឡែក វិស័យឧស្សាហកម្ម ក៏កំពុងរីកចំរើនយ៉ាងខ្លាំង ដោយសារយើងមានគោល នយោបាយ លើកទឹកចិត្តអ្នកវិនិយោគ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹកដែលត្រូវបានស្ដារឡើងវិញឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរនិងដឹកជញ្ជូនកាន់តែងាយស្រួល ព្រោះខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃប្រទេសកម្ពុជាដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះមានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និងទីតាំងយុទ្ធសាស្រ្តដ៏ល្អ។

លោកស្រី ម៉ែន សំអន ក៏បានស្នើដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមានរបស់កម្ពុជាម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះយូរអង្វែង។
ហើយការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯងបានទេ ពោល គឺត្រូវអភិវឌ្ឍជាអន្តរវិស័យរួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្តសាធារណៈ និងត្រូវធានាឲ្យបាននូវសន្ដិសុខ និងសណ្តាប់ធ្នាប់។ល៕






