ដោយ វុត្ថា
ភ្នំពេញៈ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរយៈពេល ២០ឆ្នាំជាប់ៗគ្នាមកនេះ បានធ្វើឱ្យកម្ពុជាមានសមត្ថភាព ក្នុងការងារផលិតនូវផលិតផលសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងនាំចេញទៅក្រៅស្រុកនានានៅទូទាំងពិភពលោក។

លោកបណ្ឌិតហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រ រ៉ូសផ្លាស្ទីក (ខេមបូឌា) ខូអិលធីឌី កាលពីថ្ងៃទី១៥ ខែធ្នូម្សិលមិញនេះបានឱ្យដឹងថា ការវិនិយោគក្នុងស្រុក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការលើកកម្ពស់សហគ្រិនភាពក្នុងវិស័យឯកជន ដើម្បីស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ តាមរយៈសា្លកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)”។
លោកបន្តថា “សក្តានុពលនេះ គឺជាតំណាងសក្ខីភាព នៃការរីកចម្រើនរួមគ្នារបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេល២០ឆ្នាំជាប់ៗគ្នា”។ លោកបន្តថា “កំណើនបែបនេះ មិនមែនកើតឡើងដោយងាយស្រួលឥតហេតុនោះទេ គឺជាលទ្ធផលនៃការបូកបញ្ចូលគ្នា នៃកំណើនលើគ្រប់វិស័យទាំងអស់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន”។
លោកហ៊ុន ម៉ាណែតបន្តថា ក្នុងទស្សវត្សរ៍ឆ្នាំ៩០ ផលិតផលប្រើប្រាស់របស់យើងត្រូវបាននាំចូលមកពីប្រទេសក្រៅសឹងតែទាំងអស់ ហើយនៅលើទីផ្សារអន្តរជាតិ ផលិតផលមកពីអាស៊ីមិនមានមកពីកម្ពុជាទេ។ ប៉ុន្តែសព្វថ្ងៃនេះ ផលិតផលជាច្រើនជាតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក ត្រូវបានផលិតនៅក្នុងប្រទេសរបស់យើង ហើយនៅលើទីផ្សារអន្តរជាតិជាច្រើន ក៏ឃើញមានការលក់ផលិតផលកម្ពុជា ដែលនេះ គឺជាមោទនភាពជាតិរបស់យើងក្នុងនាមជាខ្មែរ ពីព្រោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក មានលក្ខខណ្ឌតម្រូវស្តង់ដារខ្ពស់ ដូច្នេះការដែលយើងអាចចូលក្នុងទីផ្សារទាំងនោះបាន គឺបញ្ជាក់បានអំពីសមត្ថភាពផលិតរបស់យើង ទាំងបរិមាណ និងគុណភាព ហើយជាគុណភាពដែលមានការទទួលស្គាល់ ជាអន្តរជាតិ និងផលិតដោយវិស្វករ និងអ្នកបច្ចេកទេស ជាកូនខ្មែរ ដែលមានសមត្ថភាពជំនាញច្បាស់លាស់។

ក្នុងនោះវាជាភាពជោគជ័យនៃផលិតផលរបស់កម្ពុជា ក៏ពឹងផ្អែកសំខាន់បំផុតលើការគាំទ្រនៅក្នុងស្រុក ហើយបច្ចុប្បន្ននេះ ខ្មែរយើងមិនត្រឹមតែផលិតបានទេ ប៉ុន្តែគុណភាពក៏ត្រូវតែល្អស្របតាមស្តង់ដារផងដែរ ពីព្រោះនៅក្នុងទីផ្សារសេរី អ្នកផលិតត្រូវផលិតទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសកត្តាគុណភាព និងតម្លៃនេះឯង ដែលត្រូវរួមផ្សំជាមួយគ្នា នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។

លោកបណ្ឌិតហ៊ុន ម៉ាណែត បញ្ជាក់ថា ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ក៏ដូចជា នាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ មិនត្រឹមតែបានចូលរួមក្នុងការលើកកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនសមត្ថភាពអោយកូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការរីកចម្រើសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង៕






