ដោយ Donald Lee
ភ្នំពេញៈ ការប្រកួតប្រជែងដណ្តើមយក លំដាប់ទូរស័ព្ទស្មាតហ្វូនកំពូលៗនៅលើពិភពលោកកំពុងចាប់ផ្តើមក្តៅ ខណៈក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងខិតជិតដល់លំដាប់ចំណាត់របស់ក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិកសាមសុង បើទោះបីជារដ្ឋាភិបាលអាមេរិក បានចុះបញ្ជីខ្មៅក្រុមហ៊ុនចិននេះនៅដើមឆ្នាំនេះក៏ដោយ។
ក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងនឹងរក្សាតំណែងលេខ១របស់ខ្លួន ជាមួយនឹងទូរស័ព្ទចំនួន៣២៣លានគ្រឿង ដែលត្រូវបាននាំចេញនៅឆ្នាំនេះ។ ក្រុមហ៊ុននឹងបញ្ចប់នៅឆ្នាំនេះនូវចំណែកទីផ្សារ២១,៣ ភាគរយ។
ក្រុមហ៊ុន Huawei ដែលមានមូលដ្ឋាននៅចិន នឹងបញ្ចប់ការដឹកជញ្ជូនចេញ២៥១ លានគ្រឿងដែលមានចំនួន១៧,៧ ភាគរយនៃទីផ្សារនៅក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើងជាង៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការកើនឡើងនេះបានកើតឡើង នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះក្នុងបញ្ជីខ្មៅក្រុមហ៊ុន Huawei អំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ អ្នកវិភាគសេដ្ឋកិច្ចខ្លះបានចាត់ទុកការផ្លាស់ប្តូរនេះ គឺស្មើនឹងការកាត់ទោសប្រហារជីវិត សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សិនជិន និងព្យាករណ៍ថាការលក់ស្មាតហ្វូននឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ។
ការហាមឃាត់របស់អាមេរិក បានកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ចេញពីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់អាមេរិក និងបច្ចេកវិទ្យាសូហ្វវែរ ដែលត្រូវបានប្រើសម្រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលទាក់ទងនឹង 5G និងស្មាតហ្វូន។
ជិត២០ភាគរយ នៃសមាសធាតុខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei គឺមកពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Qualcomm, Intel និង Micron Technology ដែលផ្តល់នូវមីក្រូឈីបដែលប្រើនៅក្នុងបណ្តាញ និងម៉ូឌឹម 5G ។
ទោះយ៉ាងណាក្រុមហ៊ុន Huawei បានផ្តោតលើទីផ្សារក្នុងស្រុក និងបានប្រកាសការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។
ក្នុងពេលនេះ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅអាមេរិក បាននាំចេញ១៩៣ លានគ្រឿងក្នុងឆ្នាំនេះ។ ទូរស័ព្ទ Iphone បានគ្រប់គ្រងទីផ្សារចំនួន១៣,៦ ភាគរយនៅឆ្នាំនេះ៕






