ដោយ Donald Lee
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ជប៉ុន និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នានៅទីក្រុងតូក្យូកាលពីថ្ងៃច័ន្ទ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មមួយ ដែលទីក្រុងតូក្យូរឹតត្បិតការនាំចេញសម្ភារៈបច្ចេកវិទ្យាសំខាន់ៗ ហើយប្រជាជនកូរ៉េធ្វើពហិការ មិនប្រើប្រាស់ផលិតផលផលិតនៅជប៉ុន។
លោក Yoichi Iida នាយកក្រសួងពាណិជ្ជកម្មសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ជប៉ុន និងលោក Lee Ho-hyeon នាយកក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានជួបគ្នា ដែលធ្វើអ្នកវិភាគជឿជាក់ថា ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព ដល់សង្គ្រាមពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង។
កិច្ចពិភាក្សាពាណិជ្ជកម្មគឺជាកិច្ចពិភាក្សាទីមួយ បន្ទាប់ពីក្រុងតូក្យូបានដកកូរ៉េខាងត្បូងចេញពី បញ្ជីស នៃដៃគូពាណិជ្ជកម្មអនុគ្រោះ និងបានរឹតត្បិតការនាំចេញសម្ភារៈសំខាន់ៗ ដែលចាំបាច់សម្រាប់ឧបករណ៍ពាក់កណ្តាលសម្រេចសំខាន់ និងឧស្សាហកម្មផលិតបន្ទះអេក្រង់។ នេះក៏ជាលើកទី១ ដែលមន្រ្តីគយបានជួបគ្នាក្នុងរយៈពេលជាង៣ឆ្នាំ។
រដ្ឋាភិបាលជប៉ុនបានអះអាងថា ការដករ៉េខាងត្បូងចេញពីបញ្ជីពណ៌ស ដោយសារតែទីក្រុងសេអ៊ូល មិនបានត្រួតពិនិត្យទំនិញឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថាបច្ចេកវិទ្យានេះ នឹងមិនត្រូវបានប្រើនៅក្នុងការស្រាវជ្រាវអាវុធ ដោយបណ្តាប្រទេសផ្តាច់ការទាំងឡាយឡើយ។
ទីក្រុងសេអ៊ូលអះអាងថា ការរឹតត្បិតពាណិជ្ជកម្មរបស់ជប៉ុន មិនមែនដោយសារតែការភ័យខ្លាចថា បច្ចេកវិទ្យានឹងចូលក្នុងកណ្តាប់ដៃរបស់ខ្លួន ជាមួយប្រទេសផ្តាច់ការទាំងឡាយនោះទេ ប៉ុន្តែនៅក្នុងការសងសឹកនៃសេចក្តីបង្គាប់ របស់តុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំមុន ដល់សាជីវកម្មជប៉ុនបង់ប្រាក់សំណង សម្រាប់ការចូលរួមរបស់ពួកគេក្នុងពលកម្មទាសករលើជនជាតិកូរ៉េ អំឡុងការកាន់កាប់របស់ខ្លួននៅឆ្នាំ១៩១០ ដល់ ១៩៤៥។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េ មានជម្លោះដោយផ្ទាល់ជាមួយសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងប្រទេសទាំងពីរដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាមគឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣ លើពិភពលោកនេះ បានចាប់ផ្តើមបាត់បង់ថាមពលនៅក្នុងត្រីមាសទី៣ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប០,២ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឱ្យដឹងថា សេដ្ឋកិច្ចជប៉ុននឹងត្រូវបានជាប់គាំងនៅក្នុងឆ្នាំ២០២០ ខណៈដែលខ្លួននៅតែបន្តកំណើនយឺតនៅចុងឆ្នាំនេះ។ IMF បានទម្លាក់ការព្យាករកំណើនរបស់ជប៉ុនជាថ្មីម្តងទៀត ដោយធ្លាក់ចុះពី០,៩ភាគរយ មកនៅត្រឹម០,៨ ភាគរយ។
ក្រុមអ្នកវិភាគបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះ១,៦ភាគរយ ពីត្រីមាសមុន ដោយសារតែភាពតានតឹង នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សេដ្ឋកិច្ចជប៉ុនពឹងផ្អែកខ្លាំងលើការនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ភ័ស្តុភារសំខាន់ៗ នៅជុំវិញពិភពលោក។
សង្គ្រាមពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ធ្វើឱ្យប្រជាជនកូរ៉េភាគច្រើនធ្វើពហិការទំនិញ និងសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរ បានឈានដល់កំរិតទាបជាប្រវត្តិសាស្ត្រ។
សេដ្ឋកិច្ចកូរ៉េខាងត្បូងក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកំពុងជះឥទ្ធិពលដល់សង្វាក់តម្លៃពិភពលោក។
ធនាគារកណ្តាលកូរ៉េខាងត្បូងព្យាករណ៍ថា សេដ្ឋកិច្ចនឹងជាប់គាំងនៅឆ្នាំ២០២០ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក នៅពេលប្រទេសនេះជំរុញការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅកាន់អាស៊ីអាគ្នេយ៍៕






