ដោយៈ រ៉ាណេត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានថ្លែងថា គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០១៩កន្លងទៅនេះ បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានផ្តល់ឥណទានដល់វិស័យកសិកម្មរហូត ដល់ជាង២ពានលានដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការចូលរួមជួយលើកស្ទួយវិស័យនេះឱ្យរីកចម្រើន។
នៅក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៦ របស់ធនាគារជាតិនៃកម្ពុជាស្ដីពី “វិស័យកសិកម្មក្នុងបរិបទ នៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃរចនាសម្ពន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក” ដែលរៀបចំដោយធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩កន្លងមកនេះ លោកស្រីនាវ ច័ន្ទថាណា បានបញ្ជាក់ថា បើតាមទិន្ន័យនៅឆ្នាំ២០១០ ឥណទានសរុបលើវិស័យកសិកម្ម មានចំនួន១.៦ទ្រីលានរៀល ស្មើ៣៨១លានដុល្លារអាមេរិក ប៉ុន្ដែគិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ ឥណទានសរុបទៅកាន់វិស័យនេះ បានកើនដល់១៣.១ទ្រីលានរៀល ស្មើរនឹង២.២០០លានដុល្លារអាមេរិក”។
ទន្ទឹមនឹងនេះអត្រាការប្រា ក់ត្រូវបានកំណត់អតិបរមា១៨ ភាគរយ នៅខែមេសាឆ្នាំ២០១៧ ដើម្បីសម្រួលដល់លទ្ធភាពទទួលបានឥណទានដល់កសិករ។
ស្របជាមួយនឹងប្រធានបទ ដែលលើកយកពីវិស័យកសិកម្មមកពិភាក្សា ក្នុងសន្និសីទនេះ លោកស្រី នាវ ច័ន្ទថាណា ក៏បានលើកពីកត្តាប្រឈម និងដំណោះស្រាយមួយចំនួន ដែលជំរុញឲ្យវិស័យនេះឈានឆ្ពោះទៅមុខ។

លោកស្រីបញ្ជាក់ថា “ថ្ងៃនេះខ្ញុំសូមលើកយកចំណុចសំខាន់ៗមួយចំនួន លើវិស័យកសិកម្មនៅកម្ពុជា ដែលគួរយកមកពិភាក្សាក្នុងសន្និសីទថ្ងៃនេះ”។ លោកស្រីបន្តថា “ខ្ញុំយល់ថា ដើម្បីជំរុញកំណើនវិស័យកសិកម្ម ត្រូវធ្វើឲ្យផលិតភាពនៃវិស័យនេះល្អប្រសើរឡើង និងបង្កើតភាពធន់ និងអាកាសធាតុលើវិស័យនេះ”៕






