ដោយ វុត្ថា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានឱ្យដឹងថា សម្រាប់រយៈពេល១១ខែឆ្នាំ ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមាណមូលបានមានចំនួន ១០,៥២៦.៦៨ពាន់លានរៀល ស្មើនឹងប្រមាណ២,៦៣១.៦៧ លានដុល្លារអាមេរិកស្មើនឹង ១១៥.០០% នៃផែនការប្រចាំឆ្នាំ២០១៩នេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែល ក្រុមការងារគេហទំព័រ propertyarea.asia ទទួលបានទទួលបានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា ប្រសិនបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធ-អាករសម្រាប់រយៈពេល១១ខែ ឆ្នាំ ២០១៩នេះ កើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល ប្រមាណជា ៥៧០,៤៦ លានដុល្លារអាមេរិកស្មើនឹង២៧.៦៨ % ។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ចំណូលដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៩០៩.ប៊ីលានរៀល ប្រមាណ ២២៧.៤៨ លានដុល្លារអាមេរិក ស្មើនឹង ៩,៩៤ % នៃផែនការប្រចាំឆ្នាំ។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៨ ; ឃើញថា កើនឡើងចំនួន ១៥៩.៩០ ប៊ីលានរៀល ប្រមាណ ៣៩.៩៨ លានដុល្លារអាមេរិក ស្មើនឹង ២១.៣២ %។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS នាទីក្រុងកោះពេជ្រកាលពីកន្លងមកថ្មីៗនេះ ថា ចំណូលពន្ធបានមកពីគយ និងពន្ធដារ មកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ទទួលបានចំនួន៥,៦៥២ លានដុល្លារអាមេរិក លើសផែនការគ្រោងទុកប្រមាណ១,១០៣លានដុល្លារ ដោយក្នុងនោះចំណូលបានពីពន្ធទិញរថយន្ត និងម៉ូតូមានរហូតដល់៥២ភាគរយ។
សម្តេចតេជោបានថ្លែងថា “រាជរដ្ឋាភិបាលមានថវិកាប្រមាណ ៣,៥០០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ពេលមានការបន្ទាន់។ ថវិកានេះ មិនទាន់បូកបញ្ចូលប្រាក់បម្រុងអន្តរជាតិ១៥ពាន់លានដុល្លារ និងមាស៣០តោននៅឡើយនោះទេ”។
បើទោះបីមានថវិកាសល់ សម្រាប់ប្រើប្រាស់ច្រើនយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា ក្រសួងមិនអាចស្នើសុំចាយថវិកាបន្ថែមបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា“សមិទ្ធផលទាំងអស់នេះ បានមកពីកិច្ចខិតខំទាំងអស់គ្នា”។ សម្តេចតេជោបន្ថែមថា “អ្នកជាប់កាតព្វកិច្ចពន្ធទាំងឡាយ ត្រូវតែនាំគ្នាចូលរួមបង់ពន្ធ”។
សម្តេចតេជោហ៊ុន សែនបានថ្លែងថា ប្រាក់បង់ពន្ធ គឺយកទៅប្រើប្រាស់សម្រាប់ការធ្វើផ្លូវ និងសាងសង់មន្ទីរពេទ្យជាដើម៕






