ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata បានបោះទុកវិនិយោគនៅកម្ពុជា អស់ប្រមាណ ១,៤០០លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀត គឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។

លោក TAN SRI JAMALUDIN IBRAHIM ប្រធានក្រុមហ៊ុន Axiata Group Berhad នៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។
លោកបន្តថា “បច្ចុប្បនេះ ក្រុមហ៊ុន Smart បានចូលរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ”។ លោកបន្តថា “ក្រុមហ៊ុននឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀត ដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំងប្រទេស”។
សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោក TAN SRI និងក្រុមហ៊ុន Smart ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍កម្ពុជាតាមកម្មវិធីមនុស្សធម៍នានរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះសម្តេចតេជោ បានសុំអោយក្រុមហ៊ុនពិចារណាពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ឲ្យគ្របដណ្ដប់ទៅលើទីជនបទអោយបានច្រើនទូលំទូលាយ ជាពិសេស សម្ដេចតេជោបានស្នើសុំឲ្យក្រុមហ៊ុនពិចារណា ក្នុងការជួយផ្តើ់នូវសេវា Internet ដល់សាលារៀន រួមទាំងសាកលវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងនៅតាមបណ្ណាល័យជាដើម និងមន្ទីរពេទ្យដើម្បីធ្វើយ៉ាងណាឲ្យគ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស មានឱកាសប្រើប្រាស់បច្ចេកវិទ្យាតាមInternet ដើម្បីបង្កើនការសិក្សាស្រាវជ្រាវពង្រីកចំណេះវិជ្ជា ដើម្បីពង្រឹងគុណភាព និងសមត្ថភាពធនធានមនុស្សអោយកាន់តែរីកចម្រើន។
សម្តេចតេជោបានស្នើសុំឲ្យក្រុមហ៊ុន Smart Axiata ពិចារណាពិនិត្យមើលប្រព័ន្ធស្មាតនៅក្រៅប្រទេស (Roaming) ផងដែរ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត អាចដំណើរការទៅបានទាំងការហៅចេញចូល និងប្រព័ន្ឋ Internet អោយបានល្អនៅក្រៅប្រទេសអោយបានច្រើន។ ព្រោះពេលសម្តេចតេជោ អញ្ជើញទៅបេសកកម្មក្រៅប្រទេស គឺប្រព័ន្ឋស្មាតមិនសូវមាន Roaming ដែលលំបាកប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរប្រព័ន្ធស្មាតដែលជាប្រព័ន្ធដ៏ល្អមួយ ដែលមានល្បឿនលឿនជឿទុកចិត្តបាន។ តាមរយៈការពង្រីកវិសាលភាពថែមទៀតទាំងនៅក្នុងស្រុក និងក្រៅស្រុកគឺនឹងធ្វើអោយកាន់តែពេញនិយម ពីប្រជាពល រដ្ធ និងយុវជន សិស្សានុសិស្សជាមិនខាន ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុន Smart Axiata កំពុងមានសក្ដានុពលឈានខ្លាំងផ្នែកវិស័យ Telecommunication ដែលទាក់ទាញបានជំនឿជឿជាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា៕






