ដោយ គង់ សូរិយា
ភ្នំពេញ៖ ទន្ទឹមនឹងកំនើនអាគារខ្ពស់ៗ ដែលបានរីកដូចផ្សិតនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ ទីក្រុងមួយនេះនឹងសាងសង់អាគារខ្ពស់ដ៏អស្ចារ្យជាច្រើនទៀត ដែលនឹងអាចឲ្យទីក្រុងនេះកាន់តែរំលេចខ្លួន និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ពិភពលោក។
ថ្ងៃនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច Propertyarea.asia សូមបង្ហាញនូវអាគារចំនួន១០ដែលនឹងសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នារយៈពេល៥ឆ្នាំខាងមុខ។ ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេនោះ។
-->
១/ អាគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុងកំពស់៦០០ម៉ែត្រ
អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Bunrong Twin Towerកំពុងស្ថិតក្នុងការឌីសាញឡើងវិញ និងធ្វើតេស្តដី ដោយក្រុមវិស្វករ និងស្ថាបត្យករជំនាញលំដាប់ពិភពលោក។ អាគារនេះគ្រោងចំណាយពេល៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ និងអាចចាប់ផ្តើមសាងសង់នៅពេលណាមួយក្នុងឆ្នាំនេះ។

សម្តេចតេជោហ៊ុន សែនបានបង្ហើបពីការសាងសង់អាគារនេះ នាពេលខាងមុខកាលពីពេលថ្មីៗនេះ ដែលអាគារនេះមានចំនួន១៣៣ជាន់ និងកំពស់សរុប៦០០ម៉ែត្រ ។ ទីតាំងនៃការសាងសង់អាគារនេះ ស្ថិតនៅក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុនថៃ ប៊ុនរ៉ុងនឹងសហការជាមួយក្រុមហ៊ុនចិនចំនួនពីរ ដើម្បីសាងសង់អាគារនេះ ដោយគ្រោងចំណាយទុន២១០០លានដុល្លារអាមេរិក។
យោងតាមកាសែត THE SUN ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបា
នឲ្យដឹងថា អាគារ Thai Bunrong Twin Tower ក្រោយពេលសាងសង់ចប់ វានឹងក្លាយជាអាគារពាណិជ្ជកម្មភ្លោះធំជាងគេ និងខ្ពស់ជាងគេនៅលើពិភពលោក។
២/ អាគារ The Glory
អាគារពាណិជ្ជកម្ម THE Glory កំពុងស្ថិតក្នុងការរៀបចំដីសាញឡើងវិញផងដែរ អាគារនេះមានកំពសរហូតដល់៧៨ជាន់ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក (ស្ថិតនៅខាងក្រោយអាគារ The Bridge)។ អាគារនេះគ្រោងនឹងសាងសង់នៅចុងឆ្នាំនេះ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្រុមហ៊ុន យាន ឆ័ង។

បើតាមលោក ផូ ប៊ីលសម្បត្តិ តំណាងក្រុមហ៊ុនយាន ឆ័ងប្រចាំកម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសាងសង់អាគារនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ព្រោះបច្ចុប្បន្នក្រុមហ៊ុនកំពុងឌីសាញរូបរាងអាគារ និងគ្រឿងបង្គុំរបស់អាគារដ៏ធំនេះឡើងវិញ។ ដោយសារវាជាអាគារខ្ពស់ ទើបក្រុមហ៊ុនបាននិងកំពុងគិតគូរ យ៉ាងយកចិត្តទុកដាក់ពីមូលដ្ឋានគ្រឹះ និងគ្រឿងបង្គុំរបស់អាគារនេះដោយម៉ត់ចត់បំផុត ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
តាមគំរោងការសាងសង់អាគារដ៏ខ្ពស់នេះ គ្រោងចំណាយទឹកប្រាក់២០០លានដុល្លារអាមេរិក។
៣/ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនៅជ្រោយចង្វារ

គំរោងនេះ ត្រូវបានឌីសាញរួចហើយ ប៉ុន្តែការសាងសង់ជាក់លាក់នៅពេលណាមិនទាន់ត្រូវបានបង្ហាញ ដោយក្រុមហ៊ុនសុខានៅឡើយទេ ព្រោះការសាងសង់អាគារដ៏អស្ចារ្យទាំងនេះ កំពុងស្ថិតក្នុងការសិក្សាពីគុណភាពដី សិក្សាពីទីផ្សារនៅកម្ពុជា ប៉ុន្តែវាទំនងជាមិនយូរទេ អាគារនេះនឹងសាងសង់។
៤/ អាគារពាណិជ្ជកម្មរបស់ The Prince Real Estate Group
ស្ថិតនៅទីតាំងកន្ទុយកោះពេជ្រ និងជាទីតាំងច្រមុះជ្រូកនៃទឹកដីកោះ ដែលកំពុងទទួលបានការអភិវឌ្ឍន៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានភ្លោះដ៏អស្ចារ្យមួយទៀត ដែលនឹងធ្វើឲ្យទីក្រុងកោះពេជ្រកាន់តែលេចធ្លោ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនាពេលអនាគត។

ទោះជាយ៉ាងណាក្រុមហ៊ុន Prince Real Estate Group មិនទាន់បញ្ជាក់ឲ្យដឹងពីការសាងសង់ និងកំពស់អាគារភ្លោះនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅប្រទេសចិននេះ នឹងមិនពន្យាពេលសាងសង់នោះទេ។
៥/ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោករបស់ R&F
ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយទៀត ឈ្មោះ A&F Property Co, Ltd បាននិងកំពុងវិនិយោគទឹកប្រាក់ ៧០០លានដុល្លារ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានការសាងសង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើប ក្លឹបកីឡាកំពស់ចាប់ពីជាង១០ជាន់រហូតដល់៦០ជាន់។គំរោងនេះសាងសង់លើផ្ទៃដីជាច្រើនហិកតា ស្ថិតនៅសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
៦/ អាគារកំពស់ ៦៥ជាន់នៃគំរោង Olympia CITY
ជាមួយនឹងភាពឈានមុខគេ នៃក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក ក្រុមហ៊ុន OCIC នឹងសាងសង់អាគារពាណិជ្ជកម្មលំដាប់អន្តរជាតិកំពស់៦៥ជាន់ ដែលបច្ចុប្បន្នការសាងសង់អាគារនេះ បានចាប់ផ្តើមហើយ ជាមួយសកម្មភាពបុកគ្រឹះយ៉ាងមមាញឹក។ តាមគំរោងអាគារនេះនឹងប្រើប្រាស់ជាសណ្ឋាគារផ្កាយ៥ ការិយាល័យ អាផាតម៉ិនប្រណីតជាដើម។

គំរោង Olympia City ស្ថិតនៅលើផ្ទៃដីជាង៦ហិកតា និងបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ដោយគ្រាន់តែចំណាយលើផ្នែកសំណង់អស់ទឹកប្រាក់ប្រមាណ៥០០លានដុល្លារ។
គំរោងនេះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីហ្សាលដឺហ្គោល មហាវិថីទេពផន មហាវិថីព្រះមុនីរ៉េត ពោលគឺស្ថិតនៅទល់មុខអតីតរង្វង់មូលនាងគង្ហីង។
៧/ សណ្ឋាគារកំពស់ ៦០ជាន់របស់ The Prince Real Estate
អាគារលំនៅដ្ឋាន និងផ្សារទំនើប The Prince Real Estate ដែលដាក់ឈ្មោះ The Prince Plaza ស្ថិតនៅស្របតាមមហាវិថីព្រះនរោត្តម ខាងត្បូងក្រសួងមហាផ្ទៃបានជិតបញ្ចប់ហើយ។ ជាមួយនឹងមហិច្ឆតាដ៏ធំ និងមានសុទិដ្ឋិនិយមពី គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានបង្ហើបថា ក្រុមហ៊ុននឹងសាងសង់សណ្ឋាគារលំដាប់ពិភពលោកកំពស់៦០ជាន់ថ្មីមួយទៀត ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម (ក្បែរThe Prince Plaza)។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទំហំទុនវិនិយោគក្នុងគំរោងថ្មីនេះទេ និងពេលវេលាសាងសង់ជាក់លាក់ឡើយ។
៨/ គំរោង KOWLOON Bay

ក្រុមហ៊ុន World Bridge Group បានសហការជាមួយក្រុមហ៊ុនចិន ដើម្បីសាងសង់អាគារពាណិជ្ជកម្ម លំនៅដ្ឋាន ផ្សារទំនើបភ្លោះកំពស់៥៩ជាន់ ដែលនឹងសាងសង់ក្រោយការបោះឆ្នោតឆ្នាំ២០១៨។ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ ស្ថិតនៅលើផ្លូវសុធារស ក្បែរផ្សារទំនើប AEON MALL1។
៩/ គំរោង The PeAK
ក្រុមហ៊ុន World Bridge Group សហការជាមួយក្រុមហ៊ុនយក្សមានមូលដ្ឋាននៅប្រទេសឹង្ហបុរី គឺ Oxley Holding Group បាននិងកំពុងសាងសង់មជ្ឈមណ្ឌលលំនៅដ្ឋាន អាគារពាណិជ្ជកម្ម និងសណ្ឋាគារ Shangri-La កំពស់៥៥ជាន់ចំនួន៣អាគារ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ក្បែរទីក្រុងកោះពេជ្រផងដែរ។

លោកឧកញ៉ា សៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងថា អាគារនៃគំរោង The PeAk នឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ ដែលបច្ចុប្បន្នការលក់ខុនដូក្នុងគំរោងនេះ លក់បានយ៉ាងជោគជ័យ។
គំរោងនេះគ្រោងចំណាយទុនវិនិយោគ៥០០លានដុល្លារអាមេរិក ហើយវានឹងក្លាយជា Landmark ថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ។
១០/ អាគារលំនៅដ្ឋានរបស់ EASTONE បឹងកេងកង១
ក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់បានវិនិយោគរួចហើយនូវអាគារខុនដូ East One នៅតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុងខ័ណ្ឌដូនពេញ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន Eastland ចំនួន៥អាគារជាប់គ្នានៅលើមហាវិថីព្រះនរោត្តម ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។

ជាមួយនឹងភាពសុទិដ្ឋិនិយមនៃទីផ្សារនៅកម្ពុជា ក្រុមហ៊ុននេះក៏បាននិងកំពុងឌីសាញប្លង់បញ្ចប់ ដើម្បីសាងសង់អាគារខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្នុងសង្កាត់បឹងកេងកងមួយ ដែលមានកំពស់កប់ពពកផងដែរ ប៉ុន្តែគំរោងនេះនឹងអាចចាប់ផ្តើមក្រោយការបោះឆ្នោត។
ក្រុមហ៊ុន East Land Group កំពុងរៀបចំឯកសារ និងនិតិវិធីពាក់ព័ន្ឋ ដើម្បីបោះលក់មូលបត្រ ក្នុងផ្សារហ៊ុនកម្ពុជានាពេលខាងមុខផងដែរ៕









