ក្រុមហ៊ុន​ធំ​មួយ​របស់​ម៉ាឡេស៊ី​គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ធំ​មួយ​របស់​ម៉ាឡេស៊ី​ដែល​ឈ្មោះ​ RAFULIN​ គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ក៏​មានបំណង​ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​អាងស្តុកទឹក​ធំ​មួយ​សម្រាប់​តម្កល់​ទឹក​ទុក​ផ្គត់ផ្គង់​ក្នុង​រដូវប្រាំង​។

ការ​គ្រោង​វិនិយោគ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​ប្រជុំ​រវាង​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ទឹក​ស្អាត​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ​ RAFULIN​ ដែល​មាន​លោក​ Raffe​ Chekku​ ជា​ប្រធាន​ក្រុមហ៊ុន​ និង​លោក​ Tan​ Sri​ Ali​ Bin​ Hamsa​ ជាទី​ប្រឹក្សា​និង​ជា​អតីត​អគ្គ​លេខា​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​ និង​លោក​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​នៅ​ទី​ស្តី​ការក្រ​សួង​កាលពី​ម្សិលមិញ​ ។

ក្នុង​ជំនួប​ពិភាក្សា​នេះ​ភាគី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ចង់​សិក្សា​ស្វែងយល់​ការ​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​ ដោយចង់​ធ្វើជា​ភាគី​អ្នកលក់​ដុំ​ ផលិត​ឲ្យ​ទៅ​អ្នកលក់​រាយ​បន្ត​ ហើយក៏​ចង់​ពិនិត្យ​លទ្ធភាព​វិនិយោគ​បង្កើត​អាងស្តុកទឹក​ធំ​មួយ​សម្រាប់​តម្កល់​ទឹក​ទុក​ផ្គត់ផ្គង់​ក្នុង​រដូវប្រាំង​ផង​ដែរ​ ។

លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការ​ស្វា​គមន៌​ និង​បាន​លើកឡើង​ពី​គោលនយោបាយ​វិស័យ​ទឹក​ស្អាត​របស់ក្រ​សួង​ដោយ​បាន​កំណត់​យក​ឆ្នាំ២០២៥​ តំបន់​ទីប្រជុំជន​ទូទាំង​ប្រទេស​នឹង​មាន​បណ្តាញ​ទឹក​ស្អាត​តទៅ​ដល់​ ។ លើស​ពីនេះ​ទៅទៀត​ ក្រសួង​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​មួយទៀត​ គឺ​មិន​ត្រឹមតែ​តំបន់​ទីប្រជុ​ជន​ទេ​ តែ​ត្រូវ​គិត​គូ​ដល់​តំបន់ជនបទ​ និង​តំបន់​ដាច់​ស្រ​យ៉ា​លផង​ដែរ​ ។

ពីព្រោះ​កាលណា​ប្រជាជន​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្នា​ ពួកគាត់​នឹង​ជៀស​ផុត​ពី​ការ​ឆ្លង​ជម្ងឺ​ដង្កា​ត់​ផ្សេង​ៗ ដោយ​ការប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ ។ ក្នុង​នោះ​វា​ក៏បាន​ជួយ​ជម្រុ​ញការ​អភិ​វឌ្ឍន៌​ទូទៅ​ផង​ដែរ​ ។

លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បាន​បន្ថែម​ថា​ “ទោះបី​វិស័យ​ទឹក​ស្អាត​ជា​ភារកិច្ច​របស់​រដ្ឋ​ក៏​ពិតមែន​ តែ​ក្នុង​ដំណាក់កាល​នេះ​ ក្រសួង​នៅតែ​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូល​មក​វិនិយោគ​នៅ​តំបន់​ណា​ដែល​រដ្ឋ​មិនទាន់​មានលទ្ធភាព​ ជាពិសេស​អ្នក​វិ​និ​យោ​គធំៗ​ ដែល​ផលិត​រួច​លក់​ដំ​បន្ត​ ដូច​គម្រោង​វិនិយោគ​ដែល​ភាគី​ម៉ាឡេស៊ី​បាន​លើក​ខាងលើ​”។

លោក​ បាន​បន្ត​ថា​ “រី​ឯតំបន់ជនបទ​ រឺ​តំបន់​ដាច់​ស្រ​យ៉ា​ល គឺ​យើង​រក​គ្រប់​មធ្យោបាយ​តាមរយៈ​បង្កើត​អាង​ចម្រោះ​ខ្នាត​តូច​ ដាក់​នៅ​ទីតាំង​ចំ​កណ្តាល​ណាមួយ​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មក​ទទួលយក​សេវា​ផ្តល់​ទឹក​ស្អាត​នេះ​”។ ដោយឡែក​ទាក់ទង​ និង​គម្រោង​វិនិយោគ​ចង់​បង្កើត​អាង​ស្តុក​តម្កល់​ទឹក​ លោក​ទេស​រដ្ឋមន្ត្រី​ បាន​មើលឃើញ​ពីសា​រៈសំ​ខាន់​របស់​វា​ ពីព្រោះ​នៅ​រដូវវស្សា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ រហូតដល់​លេច​លំនៅ​ដ្ឋាន​ទៀតផង​ ។

លោក​ទេស​រដ្ឋមន្ត្រី​ មានប្រសាសន៍​ថា​ “បើ​យើង​មាន​បច្ចេកទេស​ស្រូប​យក​ទឹក​ទាំងនោះ​ គឺ​យើង​អាច​រួមចំណែក​ដោះស្រាយ​បាន​ពេល​ដល់​រដូវប្រាំង​ហើយ​ជួបប្រទះ​ភាពរាំងស្ងួត​”។ ភាគី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ បង្ហាញ​នូវ​ចំណាប់​អា​រម្ម​ណ៌​ ហើយនឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការងារ​នេះ​ ហើយនឹង​បង្ហាញ​នូវ​លទ្ធផល​រយៈពេល​ ០៣​ ខែ​ ក្រោយ​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here