កូរ៉េ​គ្រោង​ជួយ​បង្កើត​ទីក្រុង​វៃឆ្លាត​ នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ អគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​កូរ៉េ​ ថ្មី​ប្រចាំ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សាធារណរដ្ឋ​កូរ៉េ​មាន​ចេតនា​ជួយ​កម្ពុជា​ក្នុង​ការបង្កើត​ទីក្រុង​វៃ​ ឆ្លាត​ (Smart​ City​) នៅក្នុង​ ក្រុង​ព្រះសីហនុ​ និង​តំបន់​ កាំ​កូ​ ស៊ី​ធី​ (Camko​ City​) រាជធានី​ភ្នំពេញ​។

លោក​ Park​ Heung​-kyeong​ ​អគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​កូរ៉េ​ ថ្មី​ប្រចាំ​កម្ពុជា​ មានប្រសាសន៍​បែបនេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​កាលពី​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ។

លោក​ Park​ Heung​-kyeong​ បាន​បង្ហាញ​ពី​ក្ដី​រីករាយ​ដែល​បាន​ធ្វើការ​ជាមួយ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​មាន​ទំនាក់ ទំនង​ល្អជា​មួយ​សាធារណរដ្ឋ​កូរ៉េ​ជា​យូ​ណាស់​ មក​ហើយ​ ។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ថ្លែង​នូវ​ការគោរព​ចំពោះ​ ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​រហូត​មកទល់​សព្វថ្ងៃ​។

លោក​ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចូលរួម​អបអរសាទរ​ ចំពោះ​ លោក​ Park​ Heung​-kyeong​ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​កូរ៉េ​ ថ្មី​ប្រចាំ​កម្ពុជា​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​អនុវត្តយ៉ាង​សកម្ម​នូវ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ ចតុកោណ​ដំណាក់កាល​ទី៤​ របស់​ខ្លួន​ជាមួយនឹង​ស្ថេរ​ ភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ ដែល​កម្ពុជា​ មាន​សព្វថ្ងៃ​នេះ​ ក៏​មិន​អាច​កាត់ផ្ដាច់​ចេញពី​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ និង​ប្រជាជន​កូរ៉េ​ផង​ដែរ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ អំពី​សមិទ្ធផល​របស់ក្រ​សួង​ដែល​សម្រេច​បាន​ ១) ការចុះបញ្ជី​ដីធ្លី​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន៧៧​% ហើយ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​សមូហភាព​ជូន​ជនជាតិ​ដើម​ភាគតិច​សម្រេច​បាន​ចំនួន២៦​ សហគមន៍​ ហើយ​តាម​ការ​គ្រោងទុក​នឹង​ឈាន​ដល់៣០សហគមន៍​ នៅ​ថ្ងៃទី២០​ ខែធ្នូ​ ខាងមុខនេះ​។

២) ច្បាប់​ស្តី​ពី​សំណង់​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ព្រះរាជ​ក្រឹត្យ​ កាលពី​ថ្ងៃទី២​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មី​ៗ។ ៣) ក្រសួង​បាន​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ ទីក្រុង​ព្រះសីហនុ​ និង​ក្រុង​បាត​ដំបង​ គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្លង់​គោល​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​ និង​ទីប្រជុំជន​មួយចំនួន​ទៀត​នា​ពេល​ខាងមុខ​។

៤) ការ​ដោះស្រាយ​វិវាទ​ដីធ្លី​តាម​យន្តការ​នានា​ បាន​យ៉ាងច្រើន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សាទរ​ និង​សុ​ខដុ​មរ​នា​ក្នុង​សង្គម​ ។ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​សំណូមពរ​ ដល់​សាធារណរដ្ឋ​កូរ៉េ​ គាំទ្រ​នូវ​គោលនយោបាយ​ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ និង​ពង្រឹង​ចំណងមិត្តភាព​ និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។

ការចូលរួម​ចំណែក​របស់​សាធារណរដ្ឋ​កូរ៉េ​ មាន​លក្ខណៈ​ធំធេង​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដោយមាន​ការ​វិ​និ​យោក​ និង​ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ប្រទេស​ និង​នៅ​ប្រទេស​កូរ៉េ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here