ក្រុមហ៊ុន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង​ដោយ​គ្រោង​វិនិយោគ​លើ​ផ្ទៃដី១៤ពាន់​ហិ​កតា​នៅ​ម្ពុ​ជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Coconut​ Palm​ Group​ Co​., Ltd​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន​ គ្រោ​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង​ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ទីផ្សារ​ចិន​។

លោក​ Mr​. ZHAO​ Bo​ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ Coconut​ Palm​ Group​ Co​., Ltd​ នៅក្នុង​ជំនួប​ជាមួយ​លោក​ វ៉េ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុ​ក្ខា​ប្រមា​ញ្ញ​ និង​នេសាទ​ កាលពី​ថ្ងៃទី១៧​ ខែធ្នូ​ម្សិលមិញ​នេះ​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​មក​សិក្សា​ស្វែងយល់​បន្ថែម​អំ​ពី​សក្តា​នុ​ពល​ពី​វិស័យ​កសិកម្ម​កម្ពុជា​ ដើម្បី​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ ចូលរួម​អភិ​វឌ្ឍន៌​វិស័យ​នេះ​ឲ្យ​មានការ​រីកចម្រើន​ សមស្រប​តាម​យុទ្ធ​សាស្រ្ត​ “ផ្លូវ​ និង​ខ្សែ​ក្រ​វ៉ាត់​” របស់​លោក​ប្រធានាធិបតី​ ស៊ី​ ជីង​ភីង​ និង​ជាពិសេស​ស្របតាម​សុ​ឆន្ទ:របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។

លោក​ ZHAO​ Bo​ បន្ត​ថា​ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ នា​ពេលនេះ​គឺទី១​- ស្វែងយល់​បន្ថែម​ពី​សក្តា​នុ​ពល​ដំណាំ​ដូង​ ដើម្បី​ធ្វើការ​វិនិយោគ​ និង​ទី២​- សិក្សា​លម្អិត​អំពី​សេចក្តី​ត្រូវការ​ លទ្ធភាព​ផ្គត់ផ្គង់​ផ្លែ​ដូង​ និង​ទីផ្សារ​ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​ទឹកដូង​ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ទីផ្សារ​ចិន​។

លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​ Coconut​ Palm​ Group​ គឹ​ជា​ក្រុមហ៊ុន​ធំជាង​គេ​នៅ​ប្រទេស​ចិន​ មាន​ទីតាំងនៅ​ខេត្ត​ហាយ​ណាន​ ក្នុង​មួយឆ្នាំ​អាច​រកចំណូល​បាន៤០០លាន​ដុល្លារ​ពី​ផលិតផល​ដូង​ ក្នុង​មួយថ្ងៃ​ប្រើប្រាស់​ដូង៦០ម៉ឺន​ផ្លែ​ ប្រើ​និយោជិក៦ពាន់​នាក់​បាន​នាំចេញ​ផលិតផល​ដូង​ទៅកាន់៣៨ប្រទេស​។

​;បច្ចុប្បន្ន​ ដោយសារ​ផ្លែ​ដូង​បាន​ធ្វើឲ្យ​កសិករ​ខេត្ត​ហាយ​ណាន​ មានការ​កែប្រែ​មុខមាត់​ថ្មី​ ជីវភាព​ធូរធារ​ សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ​ល្អ​។ ហេតុនេះ​ហើយ​ បាន​ជា​ក្រុមហ៊ុន​សម្រេចចិត្ត​មក​សិក្សា​លម្អិត​បន្ថែម​ ដើម្បី​ធ្វើការ​វិនិយោគ​លើ​ដំណាំ​នេះ​នៅ​កម្ពុជា​ ដែល​ទាមទារ​ត្រូវការ​ដី​ចំនួន១៤ពាន់​ហ.ត​។

លោក​សន្យា​ថា​ តាម​រយ:បច្ចេកទេស​ ទុន​វិនិយោគ​ បទពិសោធន៍​ និង​ទីផ្សារ​ នឹង​ខិតខំ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ហើយ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ គឺជា​សមិទ្ធផល​នៃ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​ ជាពិសេស​រវាង​ក្រុមហ៊ុន​ និង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។

​លោក​បាន​បញ្ជាក់​ថា​ “នឹង​រៀបចំ​ក្រុម​ ការងារ​បច្ចេកទេស​មក​កម្ពុជា​ម្តង​ទៀត​ក្នុង​ពេល​ឆាប់​ៗដើម្បី​សិក្សា​ដី​ ក្សេត្រ​បរិស្ថាន​ សក្តា​នុ​ពល​នៅ​តាម​តំបន់​ ទីផ្សារ​ និង​ច្រក​នាំចេញ​។ល។”។

លោក​ រដ្ឋមន្រ្តី​ វ៉េ​ង សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​រុ​ក្ខា​ប្រមា​ញ និង​នេសាទ​ បាន​សម្តែង​ការ​ស្វាគមន៍​ រីករាយ​ និង​គាំទ្រ​ចំពោះ​ឆន្ទ:វិនិយោគ​លើ​ដំណាំ​ដូង​ និង​បង្កើត​រោងចក្រ​កែច្នៃ​ដូង​នៅ​កម្ពុជា​ ព្រោះថា​វា​ស្រប​ពេល​ដែល​ក្រសួង​ ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យកចិត្ត​ទុកដាក់​លើ​ការ​ លើកកម្ពស់​កម្រិតជីវភាព​របស់​កសិករ​ តាម​រយ:ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ កសិកម្ម​ អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទាន់សម័យ​ ថ្លៃដើម​តិច​ បរិមាណ​ គុណភាព​ តម្លៃបន្ថែម​ ការកែច្នៃ​ ប្រកួតប្រជែង​ និង​មាន​ទីផ្សារ​នាំចេញ​ ហើយ​ជាពិសេស​ដំណាំ​ដូង​ ដែល​កសិករ​និយម​ដាំ​តាម​របង​ផ្ទះ​ ហើយ​បច្ចុប្បន្ន​មាន​ចំ​ការ​ធំៗ​ទៀតផង​។

លោក​បន្ត​ថា​ ប្រសិនបើ​យើង​បញ្ចូល​បច្ចេកទេស​ដាំដុះ​ សមស្រប​មួយ​ឲ្យ​អ្នក​ផលិត​ និង​រៀបចំ​ក្រុម​ ឬសហគមន៍​ផលិត​ យើង​សង្ឃឹមថា​ផលិតផល​ដូង​នឹង​មានតម្លៃ​បន្ថែម​ខ្ពស់​ ដោយសារ​មាន​តម្រូវការ​ទីផ្សារ​។

លោក​បាន​ជូន​មតិ​ដល់​ក្រុមហ៊ុន​ថា​ទី១​- ក្រុមហ៊ុន​គួរ​សហការ​ជាមួយ​ប្រជាជន​ ឬម្ចាស់​ចំការ​ ប្រមូល​ទិញ​ផលិតផល​តាម​រយ​: contract​ farming​ ផ្តល់​ពូជ​ បច្ចេកទេស​ និង​ជី​ ហើយ​បើ​អនុវត្ត​តាមរបៀប​នេះ​ អាច​ចាប់ផ្តើម​បាន​ឆាប់​ ជាពិសេស​កសិករ​នៅ​ខេត្តកំពត​ តាកែវ​ កោះកុង​ និង​ខេត្ត​ព្រះសីហនុ​ ដែល​សុទ្ធតែ​ជា​តំបន់​មាន​សក្តា​នុ​ពល​។ ទី២​- ប្រើប្រាស់​ដីស​ប្ប​ទាន​ដែល​មាន​ ស្រាប់​ តែ​ត្រូវ​សហការ​ជាមួយ​សប្ប​ទានិ​ក ដែល​មិនបាន​ប្រើប្រាស់​ឲ្យ​អស់​សក្តា​នុ​ពល​ ប៉ុន្តែ​គួរ​សិក្សា​ពី​លក្ខណ​ដី​ផង​ដែរ​ ចំណុច​នេះ​ទាម​ទា​ពេលវេលា​ សិក្សា​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​។

លោក​បាន​សម្តែង​នូវ​ការ​គាំទ្រ​លើ​គម្រោ​វិនិយោគ​នេះ​ ព្រោះ​ចំណូល​បាន​ពី​ផលិតកម្ម​ស្រូវ​ មិន​អាច​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​ និង​លើកកម្ពស់​កម្រិតជីវភាព​បាន​ឡើង​។ ដូច្នេះ​លោក​ចង់​ឲ្យ​កសិករ​គិត​គូ​ ប្តូរ​ពី​ដំណាំស្រូវ​មក​ដាំដំណាំ​ដូង​វិញ​ ជាពិសេស​កសិករ​នៅ​ខេត្តកំពត​ និង​តាកែវ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here