ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានទៅដល់ទីក្រុងម៉ាកាវកាលពីថ្ងៃ ពុធ ដើម្បីអបអរសាទរខួបលើកទី២០នៃការវិលត្រឡប់របស់ម៉ាកាវ ទៅកាន់ចិនវិញក្រោមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។

លោកស៊ីបាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានម៉ាកាវថា “វាពិតជាមានប្រយោជន៍ ក្នុងការបូកសរុបបទពិសោធន៍ និងលក្ខណៈពិសេសរបស់ម៉ាកាវក្នុងការអនុវត្តដោយស្មោះត្រង់នូវប្រទេសមួយប្រព័ន្ធពីរ”។
លោកស៊ីបានមានប្រសាសន៍ថា “យើងនឹងរួមគ្នា ដើម្បីដាក់ចេញនូវគម្រោងមេសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ម៉ាកាវ”។
ទីក្រុងប៉េកាំង គ្រោងនឹងផ្លាស់ប្តូរមជ្ឈមណ្ឌលល្បែងម៉ាកាវ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ ដើម្បីជំនួសទីក្រុងហុងកុង ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលបានរញ្ជួយទីក្រុងនៅឆ្នាំនេះ។
ក្រុមអ្នកវិភាគក្នុងស្រុក បានចាត់ទុកការផ្លាស់ប្តូររបស់ទីក្រុងប៉េកាំងថា ជាអំណោយដល់ម៉ាកាវ សម្រាប់ការមិនចូលរួមក្នុងបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅហុងកុង។
ការផ្លាស់ប្តូរនេះស្របគ្នា នឹងផែនការរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុកណ្តាល ដែលមានឈ្មោះថាតំបន់ក្វាងទុង – ហុងកុង – ម៉ាកាវ Greater Bay។ ដូចដែលឈ្មោះបានបង្ហាញ ចិនមានផែនការបញ្ចូលខេត្តក្វាងទុង ជាមួយហុងកុង និងម៉ាកាវ។
របាយការណ៍របស់រដ្ឋាភិបាលចិនបានបញ្ជាក់ថា “ជាលំនៅឋានសម្រាប់ប្រជាជនចំនួន៧១,១៦ លាននាក់តំបន់ Greater Bay មានផលិតផលសរុបក្នុងស្រុកចំនួន១,៦ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៨ ដែលជាចំនួនខ្ពស់បំផុតទីបី បន្ទាប់ពីតំបន់ឆ្នេរសមុទ្រតូក្យូ និងតំបន់ទីក្រុងញូវយ៉ក”។

រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើផ្ទុយស្រឡះពីម៉ាកាវជាមួយហុងកុង នៅពេលឈានដល់ដំណើរទស្សនកិច្ចរបស់លោកស៊ី។ ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សព្វផ្សាយការអត្ថាធិប្បាយវែងលើគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីររបស់ចិន។
សេចក្តីអត្ថាធិប្បាយមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានបញ្ជាក់ថា “ប្រជាជននៅម៉ាកាវ បានរក្សាយ៉ាងខ្ជាប់ខ្ជួននូវតម្រូវការស្នូល ដែលថាប្រទេសមួយ គឺជាតម្រូវការជាមុន និងជាមូលដ្ឋាននៃប្រព័ន្ធពីរ និងបានបើកនូវទស្សនវិស័យថ្មីសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនៃ ប្រទេសមួយប្រព័ន្ធពីរជាមួយម៉ាកាវ”៕






