ដោយ វុត្ថា
ខេត្តកំពត៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ក្រុមវិនិយោគិនជប៉ុននេះ ឱ្យវិនិយោគលើវិស័យទេសចរណ៍នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែមិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបជាមួយវិនិយោគិនជប៉ុនមួយក្រុមដែលខំស្កាត់មកស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ម្សិលមិញនេះថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។
លោកបន្តថា បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀតផងដែរ ដើម្បីសម្រេចកិច្ចការងារនេះ សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តនេះកាន់តែមានភាពរីកចម្រើនខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាក៏បានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក។
លោកបន្ថែមថា បច្ចុប្បន្ន ផ្សារក្ដាមនៅខេត្តកែបក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំពីឱកាសវិនិយោគលើវិស័យទេសចរណ៍នៅតំបន់ផ្សេងទៀត ដូចជាតំបន់កសិទេសចរណ៍កូនសត្វ ខេត្តកំពត ដែលមានចម្ការម្រេច ចម្ការផ្សេងទៀត ហើយក៏ស្ថិតនៅមិនឆ្ងាយពីខេត្តកែបប៉ុន្មានដែរ។
តំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដែលកំពុងរង់ចាំអ្នកវិនិយោគទៅធ្វើការវិនិយោគអភិវឌ្ឍន៍ឱ្យកាន់តែមានសក្ដានុពលទាក់ទាញ។ ក្រុមអ្នកវិនិយោគជប៉ុន ក៏មានការចាប់អារម្មណ៍លើរមណីយដ្ឋានធម្មជាតិទេទឹកពុះផងដែរ ដោយបង្ហើបឱ្យដឹងថា តំបន់នោះនៅមានលទ្ធភាពជំរុញឱ្យមានការរីកចម្រើនលើសពីពេលបច្ចុប្បន្ន ហើយក្រុមនេះនឹងពិចារណាលើចំណុចនេះ។

ក្រុមវិនិយោគិនជប៉ុនក៏មានការពេញចិត្តយ៉ាងខ្លាំង ចំពោះសម្រស់ផ្កាថ្មនៅសមុទ្រកម្ពុជាផងដែរ ពិសេសខេត្តព្រះសីហនុ ខេត្តកែបជាដើម។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនៅតំបន់ទេសចរណ៍ទាំង៣ខាងលើនេះ ជប៉ុនប្រាកដជាអាចធ្វើទៅបាន ព្រោះអ្នកវិនិយោគិនជប៉ុនមានជំនាញលើការអភិវឌ្ឍវិស័យទេសចរណ៍ប្រភេទនោះស្រាប់៕






