ដោយ Donald Lee
ភ្នំពេញ៖ រដ្ឋលេខាធិការផែនការសេដ្ឋកិច្ចសង្គមបាននិយាយកាលពីថ្ងៃ ពុធ ថា សេដ្ឋកិច្ចហ្វីលីពីននឹងបន្តកើនឡើងដល់ ៧,៥ ភាគរយរហូតដល់ឆ្នាំ ២០២២ ទោះបីមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកក៏ដោយ។

រដ្ឋលេខាធិការផែនការសេដ្ឋកិច្ចរបស់ហ្វីលីពីនលោក Ernesto Pernia មានប្រសាសន៍ថា “កំណើនផលិតផលសរុបក្នុងស្រុករបស់យើងត្រូវបានព្យាករថានឹងមានចន្លោះពី ៦ ទៅ ៦,៥ ភាគរយសម្រាប់ឆ្នាំ ២០១៩ និងពី ៦,៥ ទៅ ៧,៥ ភាគរយនៅឆ្នាំ ២០២០ ដល់ ២០២២”។
សេដ្ឋកិច្ចហ្វីលីពីនបានបន្តរីកចម្រើននៅឆ្នាំនេះ ហើយនៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុតនៅអាស៊ី ខណៈប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មដទៃទៀតនៅក្នុងតំបន់នេះរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី ១០ ឆ្នាំមុនជាមួយតំបន់អាស៊ី។
លោក Pernia ក៏បាននិយាយផងដែរថា ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចបានកាត់បន្ថយចំនួនប្រជាជនក្នុងភាពក្រីក្រយ៉ាងខ្លាំង។ នៅឆ្នាំ ២០១៥ ប្រជាជន ២៣,៥ លាននាក់ត្រូវបានរាយការណ៍ថាកំពុងរស់នៅក្នុងភាពក្រីក្រ។ ប៉ុន្តែនៅឆ្នាំ ២០១៨ ចំនួននេះបានថយចុះយ៉ាងខ្លាំងដល់ ១៧,៦ លាននាក់នៅឆ្នាំ ២០១៨។ លោក Pernia មានប្រសាសន៍ថា “នេះមានន័យថា យើងបានធ្វើឱ្យប្រជាជនហ្វីលីពីនចំនួន ៥,៩ លាននាក់ចេញពីភាពក្រីក្រនៅចន្លោះឆ្នាំ ២០១៥ និង ២០១៨”។
សេដ្ឋកិច្ចរបស់ហ្វីលីពីនស្ថិតនៅលើផ្លូវក្លាយប្រទេសសេដ្ឋកិច្ចធំទី ២ ក្នុងអាស៊ាន។ នេះបើយោងតាមការព្យាករណ៍សេដ្ឋកិច្ចអាស៊ីថ្មីដែលបានចេញផ្សាយកាលពីដើមខែនេះ។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានបញ្ជាក់ថា ការផ្លាស់ប្តូរឌីជីថលនៃសេដ្ឋកិច្ចអាស៊ាននឹងជំរុញកំណើនផលិតផលសរុបក្នុងស្រុករបស់ហ្វីលីពីន។ របាយការណ៍របស់ JCER បាននិយាយថា ហ្វីលីពីនត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសអាស៊ានមានសេដ្ឋកិច្ចធំជាងគេទី ២ បន្ទាប់ពីឥណ្ឌូនេស៊ីទាក់ទងនឹងទំហំសេដ្ឋកិច្ច៕






