កម្ពុជា​ទទួល​បាន​អ្នកដំណើរ​តាមផ្លូវអាកាស​ជិត១១លាន​នាក់​ក្នុងរយៈពេល១១ខែ​ឆ្នាំនេះ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ចំនួន​អ្នកដំណើរ​នៅ​ព្រលា​នយន្តហោះ​កម្ពុជា​ បាន​កើនឡើង១២ភាគរយ​ក្នុងរយៈពេល១១ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដោយសារតែ​មានផ្លូវ​អាកាស​ថ្មី​ និង​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ថ្មី​ៗកំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​។

យោង​តាម​តួលេខ​ពី​ក្រុមហ៊ុន​ កម្ពុជា​ អ៊ែរ​ផត​ ដែល​គ្រប់​គ្រង​ព្រលា​នយន្តហោះ​អន្តរជាតិ​ចំនួន៣នៅ​កម្ពុជា​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​បាន​បង្ហាញថា​ ចាប់ពី​ខែ​ មករា​ដល់​ខែ​ វិច្ឆិកា​ អ្នកដំណើរ​មាន​ចំនួន១០​,៦លាន​នាក់​។

អាកាសយាន​ដ្ឋាន​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ មានការ​កើនឡើង​នូវ​ចរាចរណ៍​ច្រើនជាង​គេ​ ខណៈ​អាកាសយាន​ដ្ឋាន​សៀមរាប​ ជួប​ការ​ធ្លាក់ចុះ​ចរាចរណ៍​យន្តហោះ​។

អាកាសយាន​ដ្ឋាន​ភ្នំពេញ​ បាន​ដឹក​អ្នកដំណើរ​ចំនួន៥​,៥ លាន​នាក់​កើនឡើង១២​ ភាគរយ​ ហើយ​អាកាសយាន​ដ្ឋាន​ក្រុង​ព្រះសីហនុ​ ទទួល​បាន​កំណត់ត្រា​ខ្ពស់​ដោយមាន​កំណើន១៧៧ភាគរយ​ ស្មើនឹង​ចំនួន​អ្នកដំណើរ​ចំនួន១​,៥លាន​នាក់​។

ផ្ទុយទៅវិញ​ អាកាសយាន​ដ្ឋាន​ខេត្តសៀមរាប​ឃើញថា​ ចរាចរណ៍​អ្នកដំណើរ​ធ្លាក់ចុះ១១ភាគរយ​ ដោយមាន​ចំនួន​អ្នកធ្វើ​ដំណើរ​ស្មើនឹង៣​,៥លាន​នាក់​។

លោកខែ​ក ណូរី​នដា​ ប្រធាន​ផ្នែក​ទំនាក់ទំនង​ និង​ទីផ្សារ​ក្រុមហ៊ុន​កម្ពុជា​ អ៊ែរ​ផត​ ត្រូវ​បាន​រាយការណ៍​ថា​ “សម្រាប់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​ ការ​រីកចម្រើន​ត្រូវ​បាន​ជំរុញ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ថ្មី​ និង​ផ្លូវ​ហោះហើរ​”។

លោក​បន្ត​ថា​ “សម្រាប់​ក្រុង​ព្រះសីហនុ​ ក្រុមហ៊ុន​អាកាសចរណ៍​ និង​ផ្លូវ​ហោះហើរ​ថ្មី​គឺជា​ក្បាលម៉ាស៊ីន​ នៃ​កំណើន​ចំនួន​អ្នកធ្វើ​ដំណើរ​។ លើស​ពីនេះ​ទៀត​ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ បាន​ប្តូរ​សេវាកម្ម​របស់​ពួកគេ​ពី​ខេត្តសៀមរាប​ ទៅ​កាន់់​ក្រុង​ព្រះសីហនុ​”។

សម្រាប់​ខេត្តសៀមរាប​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ បាន​ឈប់​ហោះហើរ​នៅ​ទីនោះ​។ ឧទាហរណ៍​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​បាន​ប្តូរ​ជើងហោះហើរ​របស់​ពួកគេ​ ទៅកាន់​ក្រុង​ព្រះសីហនុ​។

យោង​តាម​ក្រសួងទេសចរណ៍​ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន៥​,២ លាន​នាក់​ចាប់ពី​ខែ​ មករា​ដល់​ខែតុលា​ ឆ្នាំនេះ​កើនឡើង៩​,៧ ភាគរយ​។ ក្នុងចំណោម​នោះ​មាន​ ៣,៧លាន​នាក់​ បាន​ឆ្លង​កា​ត់​ព្រលា​នយន្តហោះ​ កើនឡើង១២ភាគរយ​ក្នុងរយៈពេល​នេះ​។

បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន៥​ និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន៤៤​៕

LEAVE A REPLY

Please enter your comment!
Please enter your name here