ក្រសួងប្រៃសណីយ៍នឹងពង្រីកបណ្តាញអ៊ីនធើណេតល្បឿនលឿនទៅកាន់ស្រុកចំនួន៧

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈមូលនិធិទទួលបានពីប្រតិបត្តិករទូរគមនាគមន៍ នឹងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ឋអ៊ីនធើណេតល្បឿនលឿន ទៅកាន់ស្រុកចំនួន៧នៅឆ្នាំនេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនា​គមន៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកតុល ញ៉ក់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា កម្ពុជានឹងប្រើប្រាស់មូលនិធិចំនួនពីរ ដើម្បីកាត់បន្ថយគម្លាតនៃការទទួលបានសេវាទូរគមនាគមន៍ និ​ងបច្ចេកវិទ្យារវាងទីក្រុង និងជនបទ ហើយរួមចំណែកអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច ដោយធ្វើការសាងសង់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ ទូរគមនាគន៍សម្រាប់អ៊ីនធរណែតល្បឿនលឿន នៅតំបន់អាទិភាពមួយចំនួន ដែលតំបន់អទិភាពមួយទាំងនោះ មានដូចជា ស្រុកទឹកផុស ស្រុកកំពង់លែង ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកស្អាង ស្រុកកំពង់សិលា និងមួយផ្នែកទៀត ក្នុងតំបន់អារ៉ែង ដែលប្រជាជននៅខ្វះទាំងសេវាទូរសព័្ទនិងសេវាអ៊ីនធរណែត។

លោកបន្តថា “មូលនិធិសេវាសកលវិស័យទូរគមនាគមន៍ រួមចំណែកធ្វើឲ្យសេវាទូរគ​មនាគមន៍ គ្របដណ្ដប់ឲ្យទូលំទូលាយជាមួយតម្លៃសមរម្យ”។លោកបន្តថា “មូលនិធិនេះក៏ទទួលបានថវិកាពីប្រតិបត្តករ ទូរគ​មនាគមន៍នៅកម្ពុជាផងដែរ ដែលប្រតិ​បត្តិករទាំងនោះត្រូវបង់វិភាគទាន២ភាគរយ នៃប្រាក់ចំណូលដុលរៀងរាល់ឆ្នាំរបស់ខ្លួន”។

លោកបន្តថា ក្នុងដំណាក់កាលទី១ នៃការបង់វិភាគទាន មានទំហំទឹកប្រាក់ជិត៣លានដុល្លារ ហើយថវិកាអាចកើនដល់ជាង១០លានដុល្លារ ក្នុងការបង់វិភាគទានដំណាក់កាលទី៣ក្នុងមួយឆ្នាំ។

ការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ឋទូរគមនាគមន៍នេះ ស្ថិតក្រោមគំរោងនៃមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមូលនិធិសេវាសកលវិស័យទូរគមនាគមន៍។

លោកជុន វ៉ាតអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យានិងព័តមាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងផងដែរថា គម្រោងទាំងពីរនេះ ទទួលបានការបង់វិភាគទានពីបណ្ដាក្រុមហ៊ុន ប្រតិបត្តករទូរគមនាគមន៍ ដែលធ្វើអជីវកម្មនៅកម្ពុជា នឹងប្រើប្រាស់ដើម្បីអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យានៅកម្ពុជា។ លោកបន្តថា មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានទទួលបានថវិការ១ភាគរយ នៃប្រាក់ចំណូលដុលរៀងរាល់ឆ្នាំរបស់ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា ដោយពេលនេះមានថវិកាសរុបចំនួនជាង១,៧លានដុល្លារអាមេរិក និងជិត៩លានរៀល។

លោកបន្តថា ថវិកានៃមូលនិធិនេះ នឹងប្រើប្រាស់ក្នុងគោលដៅ ដូចជាជំរុញការអភិវឌ្ឍធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យខាងលើ និងជំរុញអាជីវកម្មថ្មីៗផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here