រដ្ឋាភិបាល​-វិស័យ​ឯកជន​ ប្តេជ្ញា​បង្កើន​ល្បឿន​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​

0

ដោយ ​វុត្ថា

ភ្នំពេញ​៖ រដ្ឋាភិបាល​-វិស័យ​ឯកជន​ បាន​ប្តេជ្ញា​ចិ​ត្ត​រក្នុង​ការជំរុញ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​ ក្នុង​គោលដៅ​រួមចំណែក​ បង្កើន​ល្បឿន​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

លោ​កអ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សំណេះសំណាល​ប្រចាំឆ្នាំ​ រវាង​តំណាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ក្រោម​ប្រធានបទ​ វឌ្ឍនភាព​នៃ​ការអនុវត្ត​កាតព្វកិច្ច​ច្បាប់​ស្តី​ពី​ការងារ​ និង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ នា​ព្រឹក​ ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ឲ្យដឹង​ថា​ ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និត​ តាមរយៈ​ការអនុវត្ត​យន្តការ​ត្រីភាគី​ និង​កិច្ច​សន្ទនា​សង្គម​ដែល​យើង​បាន​អនុវត្ត​ ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ នៅក្នុង​ការធានា​បាន​នូវ​ភាព​សុខដុម​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​ ដែល​ធ្វើ​ឱ្យ​មានការ​ថយ​ចុះ​នូវ​វិវាទ​ការងារ​បាន​ប្រសើរ​ជាង​មុន​ច្រើន​។

លោក​ បន្ត​ ថា​ការ​បន្ត​ចូលរួម​អនុវត្តយ៉ាង​សកម្ម​ ក្នុង​ការ​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ យុទ្ធសាស្ត្រ​ចតុកោណ​ គោលនយោបាយ​នានា​ ដូចជា​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​ គោលនយោបាយ​ជាតិ​ស្តី​ពី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។ ​

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ទន្ទឹម​នឹង​នេះ​ ការចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ នូវ​កាតព្វកិច្ច​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការងារ​ ច្បាប់​ស្តី​ពី​សហជីព​ ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ ច្បាប់​ស្តី​ពី​ប្រាក់ឈ្នួល​អប្បបរមា​ រួម​ទាំង​បទដ្ឋាន​គតិយុត្តិ​នានា​ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ផង​ដែរ​។ ​

បន្ថែម​ពីនេះ​សមាគម​សហព័ន្ធ​និយោជក​កម្ពុជា​ (CAFEBA​) ក៍​ជា​ដៃ​គូរ​ដ៏​សំខាន់​ផង​ដែរ​ ដែល​បាន​ចូលរួម​ ធ្វើ​ឱ្យ​ក្រសួង​អាច​សម្រេច​បាន​ដោយ​ជោគជ័យ​ នូវ​ការអនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ និង​គម្រោង​នានា​ផង​ដែរ​។

លោក​ បញ្ជាក់​ ថា​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​ជាមួយ​ CAFEBA​ សំដៅលើ​កកម្ពស់​ភាព​ប្រកួតប្រជែង​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការសម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០​ ដែល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ និង​ ឆ្នាំ២០៥០​ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។ ​

ស្ថិត​ក្នុង​បរិបទ​ដែល​វិស័យ​ឯកជន​ កាន់តែ​ប្រឈម​កាន់តែ​ខ្លាំង​ទៅ​នឹង​ លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា​ យើង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយគ្នា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ ដើម្បី​ធានា​ថា​ វិស័យ​ឯកជន​ នៅតែ​អាច​បន្ត​ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ សមាជិក​ទាំងអស់​របស់ CAFEBA​ អាច​រក្សា​បាន​ដំណើរ​ផលិតកម្ម​ អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​។

ដូចដែល​អ្វី​ដែល​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​នៅក្នុង​ វេទិកា​រាជរដ្ឋាភិបាល​-វិស័យ​ឯកជន​ លើក​ទី១៨​ កាលពី​ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាលំដាប់​។

លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​សហព័ន្ធ​និយោជក​កម្ពុជា​ (CAFEBA​) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ ដែល​យើង​រួមគ្នា​បំពេញ​ប្រកបដោយ​ភាព​ជោគជ័យ​ ក្នុងរយៈពេល​កន្លងមក​ ដែល​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ព្រមទាំង​ធានា​បាន​នូវ​ការ​បន្ត​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ជាង​ ៧% រយៈពេល​ពីរ​ទស្ស​វត្តន៍​កន្លងមក​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here