ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនផ្តល់សេវាជួលរថយន្តធំបំផុត នៅលើពិភពលោក Hertz Asia ដែលមានមូលដ្ឋាននៅសឹង្ហបូរី បានសហការជាមួយក្រុម City Link Transportation (Cambodia) ដើម្បីបម្រើសេវាកម្មរថយន្ត និងដឹកជិញ្ជួនអ្នកធ្វើដំណើរនៅកម្ពុជា។
ក្រុមហ៊ុនជួលរចយន្តនៅកម្ពុជានេះ នឹងប្រតិបត្តិការម៉ាក Hertz ជាច្រើនដូចជា Hertz, Dollar, Thrifty និង Firefly -នៅរាជធានីភ្នំពេញ ដែលមានរថយន្តចាប់ពីរថយន្តតូចរហូតដល់រថយន្តប្រណីត។ នេះបើយោងតាមរបាយការណ៍របសគេហទំព័រ TTGAsia ចុះផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុន City Link ក៏នឹងផ្តល់ជូននូវសេវា Hertz Chauffeur Drive (សេវាដឹកអ្នកដំណើរសម្រាប់អាជីវកម្ម) សម្រាប់ការផ្ទេរព្រលានយន្តហោះ និងអ្នកធ្វើដំណើរអាជីវកម្មផងដែរ។
លោក Eoin Macneill អនុប្រធានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Hertz បានមានប្រសាសន៍ថា “នេះជាលើកទី១ហើយ ដែលក្រុមហ៊ុន Hertz បានប្រគល់ម៉ាកសញ្ញាទាំង ៤ ដល់យីហោផ្តាច់មុខមួយនៅអាស៊ី ហើយបង្ហាញថាយើងជឿជាក់ថា ក្រុមហ៊ុន City Link មានជំនាញក្នុងការផ្តល់ជូននូវដំណោះស្រាយ ភាពចល័តជាមួយសេវាកម្មដ៏អស្ចារ្យដែលអតិថិជនរបស់យើងបានរំពឹងទុក”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Hertz បានឱ្យដឹងថា តម្រូវការជួលនឹងកើនឡើងនាពេលអនាគត ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១៥លាននាក់រំពឹងនឹងមកទស្សនាប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០។
លោក Macneill បានថ្លែងថា ខណៈអ្នកដំណើរដឹងកាន់តែច្បាស់ពីប្រទេសកម្ពុជា និងមានឱកាសបើកបរដោយខ្លួនឯង ក្រុមហ៊ុន Hertz អាចជួយអ្នកធ្វើដំណើរឱ្យរកឃើញសោភ័ណភាពរបស់ប្រទេសនេះ តាមរយៈសេវាកម្មជួលរថយន្តជាច្រើន”។

លោក បានបន្តថា “យើងមានការរំភើបចំពោះភាពជាដៃគូ Hertz និង City Link ហើយជឿជាក់ថា នឹងមានអនាគតដ៏ល្អសម្រាប់យើងនៅទីនេះ ជាមួយដៃគូថ្មីរបស់យើងនៅកម្ពុជា”៕






