ដោយ វុត្ថា
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (SECC) បានសម្រេចអនុញាតឱ្យក្រុមហ៊ុន CEO Master Club Investment Plc.ចែកចាយលក់ទិញមូលប័ត្រនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ តបតាមការស្នើសុំ។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ SECC លើកទី៥៨នាថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា ការប្រមូលទុនពីសាធារណៈសម្រាប់គម្រោងវិនិយោគរួមត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ដែលបានអនុលោមតាមស្តង់ដារនៃការវាយតម្លៃអំពីគុណវុឌ្ឍន៍ និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់តម្លាភាព និងទំនុកចិត្តដល់សាធារណៈជនឱ្យបានច្បាស់លាស់ជៀសវាងការវិនិយោគដែលមានហានិភ័យខ្ពស់ ដែលអាចបង្ករបញ្ហាជាអវិជ្ជមានដល់អ្នកវិនិយោគក៏ដូចជាវិស័យវិនិយោគរួមតែម្តង។
លោកអោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមក្រុមហ៊ុន CEO Master Club Investment Plc. បានលើក ឡើងថាការបង្កើតឱ្យមានភាពស្របច្បាប់សម្រាប់ការវិនិយោគរួមគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការកសាងម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ព្រោះវានឹងចូលរួមចំណែកជួយសហគ្រិន និងសហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតប្រាក់ចំណេញ និងមានសមត្ថភាពដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មមានលក្ខណៈស្តង់ដារឱ្យទទួលបានប្រភពទុនមិនចេះរីងស្ងួត និងមានភាពបត់បែនខ្ពស់ដើម្បីពង្រីកអាជីវកម្មបង្កើនប្រាក់ចំណេញរបស់ខ្លួនឱ្យបានកាន់តែច្រើន។
លោកបន្តថាទន្ទឹមនឹងនោះដែរក៏ផ្តល់ឱកាសដល់ប្រជាជនសាធារណៈទូទៅដែលមានលុយទំនេរតិចក្តីច្រើនក្តីអាចចូលរួមវិនិយោគក្នុងគម្រោងធំៗ ដែលមានសក្តានុពលចំណេញខ្ពស់ស្របច្បាប់តម្លាភាព និងមានប្រព័ន្ធគ្រប់គ្រងហានិភ័យច្បាស់លាស់។
លោកក៏បានលើកឡើងផងដែរថា សម្រាប់បងប្អូនសហគ្រិនដែលធ្វើការប្រមូលទុនវិនិយោគរួមនៅក្នុងវិស័យអចលនទ្រព្យកន្លងមក ដែលមិនមានភាពស្របច្បាប់ក្នុងការប្រមូលទុនវិនិយោគអាចពិភាក្សាគ្នាជាមួយក្រុមហ៊ុនស៊ីអ៊ីអូម៉ាស្ទ័រក្លឹបអ៊ិនវេសម៉ិនម.ក (CEO Master Club Investment Plc.)ដើម្បីក្លាយជាដៃគូរស្របច្បាប់ជាមួយគ្នាបាន។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជារាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតជាង ១,០០០នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុនកំពុងប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារក្នុងមួយឆ្នាំ និងបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់៕






