ដោយ វុត្ថា
ភ្នំពេញៈ រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុបនាដើមឆ្នាំ២០២០។

ក្រសួងពាណិជ្ជកម្មឪ្យដឹងថាផលប្រយោនន៍ទាំងនោះរួមមាន ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា កាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។
នេះជាការលើកឡើងរបស់លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងសិក្ខាសាលាស្តីពី “ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU) ។ លោកថា សិក្ខាសាលានេះមានគោលបំណងជូនដំណឹង និងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុន នាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ឲ្យបានយល់ដឹងអំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ និងលក្ខខណ្ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តប្រព័ន្ធ(REX)នេះ ដែលពុំធ្លាប់បានចូលរួមសិក្ខាសាលានេះកន្លងមក។
លោកបន្តទៀតថា សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តា អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារ EU ចាប់ផ្តើមអនុវត្តប្រព័ន្ធនេះចាប់ពីដើមឆ្នាំ២០២០តទៅ។
ក្នុងសិក្ខាសាលានេះ លោកវាគ្មិនបានពន្យល់យ៉ាងច្បាស់លាស់ អំពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប កំណែទម្រង់នីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU)។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធ ក្នុងការនាំចេញទំនិញពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះ នឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។
លោកបានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ; ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះ ឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុប បានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជា ចាប់ផ្តើមអនុវត្តប្រព័ន្ធនេះនៅដើមឆ្នាំ២០២០៕






