ដោយ ប៊ី
ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីប្រទេសកូរ៉េខាងត្បូង មកកាន់កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជាង៤៤៧០ លានដុល្លារ នៅកម្ពុជាចាប់ពីឆ្នាំ១៩៩៦ ដល់ខែមករា ឆ្នាំ២០១៩នេះ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េមានប្រមាណជិត៧០០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងនៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩កន្លងមកនេះស្តីពី លទ្ធផលជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឱកាសអនុញ្ញាតឲ្យលោក Park Heung-kyoeng ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម។
អ្នកនាំពាក្យរូបនេះបានថ្លែងថា “បើសិនយើងមើលទុនវិនិយោគកូរ៉េ មកកម្ពុជាកន្លងមក យើងឃើញថាក្នុងឆ្នាំ១៩៩៦ ដល់ខែមករាឆ្នាំ២០១៩នេះ មានប្រមាណជាង ៤៤៧០លានដុល្លារ”។ លោក កុយ គួង បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដោយបញ្ជាក់ថា “ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ យើងពិនិត្យមើលឆ្នាំ២០១៨ មានប្រមាណជាជិត៨០០លានដុល្លារ ប៉ុន្តែព័ត៌មានខាងកូរ៉េមានជិត១០០០ពាន់លានដុល្លារ។ បើឆ្នាំ២០១៩ រយៈពេល៩ខែនេះ ប្រមាណជិត៧០០លានដុល្លារ”។
បើតាមអ្នកនាំពាក្យ សម្រាប់វិស័យទេសចរណ៍វិញ អ្នកទេសចរកូរ៉េមកទស្សនាកម្ពុជា ក្នុងមួយឆ្នាំៗប្រមាណ៣០ម៉ឺន ទៅ៤០ម៉ឺននាក់។ កម្ពុជា-កូរ៉េ ក៏ជំរុញឲ្យមានកំណើនអ្នកទេសចរកាន់តែច្រើន ពីព្រោះបើពិនិត្យមើលជើងយន្តហោះ ដែលហោះត្រង់មកកម្ពុជាប្រមាណ៥០ជើងក្នុងមួយសប្តាហ៍។
លោកកុយ គួង បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានពិភាក្សាពីវិស័យកសិកម្មផងដែរ ដែលឯកសារចំនួន៥ ចុះហត្ថលេខានៅទីក្រុងប៊ូសាន ក៏មានអនុស្សារណៈការយោគយល់គ្នា លើវិស័យកសិកម្ម ពីព្រោះកសិកម្មនៅកូរ៉េ មានកសិកម្មទទួលផលបានច្រើន មានបច្ចេកវិទ្យាទំនើបលើរឿងកសិកម្ម។ កម្ពុជាសង្ឃឹមថា នឹងធ្វើឲ្យវិស័យកសិកម្មកាន់តែល្អថែមទៀត ហើយក្នុងនោះក៏មានការនឹងត្រៀមនាំផ្លែស្វាយកម្ពុជា ទៅលក់នៅកូរ៉េដែរ ស្របពេលកម្ពុជាសង្ឃឹមថាផ្លែស្វាយ នឹងទទួលបាននូវការគាំទ្រច្រើនពីកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេស បានបន្តទៀតថា ចំពោះទំនាក់ទំនងផ្នែកពហុភាគី កម្ពុជា-កូរ៉េ បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក៏ដូចជាមេគង្គ-កូរ៉េ ដែលកន្លងមកនេះ ប្រធានាធិបតីកូរ៉េ បានផ្តួចផ្តើមគំនិត មានគម្រោងជាច្រើន ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ ឲ្យមានលក្ខណៈរឹងមាំខ្លាំងក្លាថែមទៀត។

ភាគីទាំងពីរ ក៏បានពិភាក្សាធ្វើយ៉ាងណាជំរុញឲ្យគម្រោងទាំងនោះ ដំណើរការដោយល្អប្រសើរ ជាពិសេសសេចក្តីថ្លែងការណ៍ ទីក្រុងប៊ូសានកន្លងមកនេះ ដែលផ្តោតលើវិស័យ៣ ឬ 3P រួមមាន People (មនុស្ស) Peace (សន្តិភាព) និង Prosperity (វិបុលភាព) ដែលកូរ៉េបានដើរតួសំខាន់ក្នុងការងារនេះ ជាពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ផ្តោតលើធនធានទឹក ដើម្បីឲ្យទឹកត្រូវប្រើប្រាស់បានឲ្យល្អ៕






