ដោយ Donald Lee
ភ្នំពេញៈ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២ នៅលើពិភពលោកកំពុងឈានទៅរកសង្គ្រាមមួយទៀត ដែលពេលនេះការប៉ះទង្គិចផ្នែកបច្ចេកវិទ្យា ខណៈព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងអាមេរិក និងចិនកំពុងត្រូវបានបិទបញ្ចប់។

ក្រុមអ្នកវិភាគជឿជាក់ថា អាមេរិក និងចិនកំពុងឆ្ពោះទៅរកសង្គ្រាមត្រជាក់ បច្ចេកវិទ្យា ដែលដូចនឹងការប្រកួតប្រជែង បច្ចេកវិទ្យារវាងអាមេរិក និងរុស្ស៊ី ដែលគ្របដណ្តប់លើពិភពលោកក្រោយសង្គ្រាមលោកលើកទី២។
ប្រធានាធិបតីអាមេរិក Donald Trump បានដាក់បញ្ជីខ្មៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កាលពីដើមឆ្នាំនេះ ហើយថែមទាំងបានស្នើទៅប្រទេសកាណាដា ដើម្បីឃុំខ្លួនក្រុមហ៊ុន CFO របស់ក្រុមហ៊ុន និងធ្វើបត្យាប័នលោកស្រីទៅអាមេរិក ពីបទរំលោភទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។
ក្រុមអ្នកវិភាគជឿជាក់ថា ការចុះក្នុងបញ្ជីខ្មៅ គឺដើម្បីរារាំងក្រុមហ៊ុន Huawei ពីការប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក ក្នុងការដើរឈានមុខអាមេរិក ក្នុងបច្ចេកវិទ្យាទូរគមនាគមន៍ 5G។
ការអត្ថាធិប្បាយមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានសរសេរថា “ចិនកំពុងនាំមុខអាមេរិក លើការដាក់ពង្រាយបច្ចេកវិទ្យា5G ប៉ុន្តែអាមេរិកកំពុងពិភាក្សាអំពីបច្ចេកវិទ្យានេះ ដែលផ្តល់ល្បឿនទិន្នន័យលឿនជាងមុន ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាកំពុងរីកចម្រើនផ្សេងទៀត”។
អាមេរិកតាមស្តង់ដារជាច្រើន នៅតែជាមេដឹកនាំពិភពលោក ខាងបច្ចេកវិទ្យាទំនើប ដូចជា ក្បួនដោះស្រាយបញ្ញាសិប្បនិម្មិត ប៉ុន្តែការនាំមុខរបស់ចិននៅក្នុងបណ្តាញ5G ជំនាន់ក្រោយ នៅតែជាប្រភពនៃភាពមិនងាយស្រួលសម្រាប់អាមេរិក និងជាការលើកទឹកចិត្តមួយសម្រាប់ខ្លួនដើម្បីចាប់យក។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទ TikTok និង Musical.ly បានស្ថិតក្រោមការឃ្លាំមើលយ៉ាងខ្លាំងនៅអាមេរិក ដោយសារប្រជាប្រិយភាពរបស់វាបានផ្ទុះឡើងនៅឆ្នាំនេះ។ សមាជិកសភាអាមេរិកភ័យខ្លាចថា ទីក្រុងប៉េកាំងនឹងអាចទាញយកប្រយោជន៍ ពីប្រជាប្រិយភាពរបស់កម្មវិធីដើម្បីប្រមូល និងទទួលទិន្នន័យរបស់ជនជាតិអាមេរិករាប់លាននាក់។
លើសពីនេះ ទីក្រុងប៉េកាំង កំពុងរៀបចំផែនការតំបន់សេដ្ឋកិច្ចលំហអាកាស ដែលលស្ថិតនៅគន្លាតរវាងផែនដី និងព្រះច័ន្ទ ដែលអាចផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំដល់ទៅ ១០ទ្រីលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលគ្រប់គ្រងដោយរដ្ឋបានចេញផ្សាយកាលពីខែមុន។
តំបន់សេដ្ឋកិច្ចនេះ នឹងគ្របដណ្តប់តំបន់រវាងផែនដី និងព្រះច័ន្ទ។ នេះបើយោងតាមសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CAST) ។
របាយការណ៍បានដកស្រង់សម្តីលោក Bao Weimin ប្រធានគណៈកម្មការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅ CAST បាននិយាយថា បច្ចេកវិទ្យាដឹកជញ្ជូនគួរតែត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ និងប្រព័ន្ធដឹកជញ្ជូនភ័ស្តុភារនៅឆ្នាំ២០៤០។ តំបន់សេដ្ឋកិច្ចគួរតែដំណើរការពេញលេញនៅឆ្នាំ២០៥០។
ជាការឆ្លើយតបលោក Donald J. Trump បានចុះហត្ថលេខាលើច្បាប់ស្តីពីការអនុញ្ញាតការពារជាតិជាប្រវត្តិសាស្ត្រ ដែលនឹងបង្កើតសេវាកម្មយោធាមួយ ដែលមានឈ្មោះថា “កងកម្លាំងអវកាសអាមេរិក” កាលពីថ្ងៃសុក្រ។

ក្រសួងការពារជាតិអាមេរិក បានស្នើសុំថវិកាចំនួន៧២,៤លានដុល្លារ ប៉ុន្តែសមាជិកសភាបានអនុម័ត កញ្ចប់ថវិកាចំនួន៤០លានដុល្លារតែប៉ុណ្ណោះ។
នៅក្នុងពិធីចុះហត្ថលេខាមួយកាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា “ដោយមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់យើង ឧត្តមភាពរបស់អាមេរិក នៅក្នុងអវកាសពិតជាមានសារៈសំខាន់ណាស់។ យើងកំពុងនាំមុខ ប៉ុន្តែយើងមិននាំមុខដោយគ្រប់គ្រាន់នោះទេ។ ក្នុងពេលដ៏ខ្លីខាងមុខនេះ យើងនឹងនាំមុខច្រើន។ កម្លាំងអវកាសនឹងជួយយើងទប់ស្កាត់ការឈ្លានពាន និងត្រួតត្រាទីខ្ពស់បំផុត”៕






