មហាយក្ស​ចិន​ប្រាប់​ជប៉ុន​កុំឱ្យ​មាន​អារម្មណ៍​រង​ការ​គំរាមកំហែង​ដោយសារ​ការ​លេចឡើង​របស់​ខ្លួន​

0
មហាយក្ស​ចិន​ប្រាប់​ជប៉ុន​កុំឱ្យ​មាន​អារម្មណ៍​រង​ការ​គំរាមកំហែង​ដោយសារ​ការ​លេចឡើង​របស់​ខ្លួន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជី​នពីង​ បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ស៊ីន​ហ្សូ​ អាបេ​ថា​ ជប៉ុន​មិន​គួរ​មាន​អារម្មណ៍​ថា​ មានការ​គំរាមកំហែង​ពី​ប្រទេស​ចិន​ទេ​ ហើយ​ប្រទេស​ទាំងពីរ​កំពុង​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ នៅក្នុង​ទំនាក់ទំនង​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យុគសម័យ​ដ៏​ឃោរឃៅ​ ដែល​បាន​គ្របដណ្ដប់​លើ​អតីតកាល​។

មេដឹកនាំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី២​ និង​ទី​ ៣ នៅ​លើ​ពិភពលោក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ស៊ី​ បាន​ថ្លែង​ទៅកាន់​កាសែត​របស់​រដ្ឋ​ថា​ “ប្រទេស​ទាំងពីរ​គួរតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ឯកភាព​នយោបាយ​ដែល​ចិន​ និង​ជប៉ុន​ជា​ដៃគូ​សហប្រតិបត្តិ​ការ​ ប៉ុន្តែ​មិនមែន​ជា​ការ​គំរាមកំហែង​ទេ​។ ក្នុងស្មារតី​ “ប្រែក្លាយ​ការប្រកួត​ប្រជែង​ ទៅជា​ការសម្រប​សម្រួល​” ចិន​ និង​ជប៉ុន​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ នៃ​ទំនាក់ទំនង​ទ្វេភាគី​តាម​មាគ៌ា​ត្រឹមត្រូវ​”។

ទំនាក់ទំនង​រវាង​ជប៉ុន​ និង​ចិន​បាន​ធូរស្រាល​ ខណៈ​ចិន​បាន​ពង្រឹង​ជំហរ​កំពូល​របស់​ខ្លួន​នៅក្នុង​ទ្វីបអាស៊ី​ ក្រោម​រជ្ជកាល​ដឹកនាំ​របស់​លោក​ស៊ី​។ ជម្លោះ​កន្លងមក​លើទឹក​ដី​ និង​ភាពឃោរឃៅ​ ក្នុង​សម័យ​សង្គ្រាម​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​ធ្វើ​ឱ្យ​មានការ​ខឹង​សម្បារ​ឡើងវិញ​ នៅពេល​ដែល​តំបន់​ទាំងមូល​ នៅតែ​ត្រូវ​បាន​រារាំង​ដោយ​គោលនយោបាយ​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

សង្រ្គាម​ពន្ធគយ​របស់​អាមេរិក​ កំពុង​ធ្វើ​ឱ្យ​គូប្រជែង​អាស៊ី​ទាំងពីរ​រួបរួម​គ្នា​ ដើម្បី​ពិភាក្សា​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​របស់​ពួកគេ​។

លោក​ស៊ី​បាន​ថ្លែង​ថា​ “ពិភពលោក​កំពុង​មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ ដែល​មិនធ្លាប់​ឃើញ​ ក្នុងរយៈពេល​មួយ​សតវត្សរ៍​កន្លងមក​នេះ​។ ស្ថានភាព​កាន់តែ​ស្មុគស្មាញ​គឺ​យើង​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ជា​យុទ្ធសាស្ត្រ​”។លោក​ស៊ី​បាន​បន្ថែម​ថា​ “នេះ​គួរតែ​ជា​មូល​ ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ចិន​ និង​ជប៉ុន​ សម្រាប់​យុគសម័យ​ថ្មី​ ហើយ​នេះ​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឱ្យ​ព្រិល​ និង​រង្គោះរង្គើ​នៅពេល​ណាមួយ​ឡើយ​”។

លោក​ស៊ី​ ក៏​កំពុង​សម្រុះសម្រួល​សង្រ្គាម​ពាណិជ្ជកម្ម​ រវាង​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ដែល​បាន​និង​កំពុង​បង្កប់​ក្នុង​តំបន់​នេះ​ក្នុងអំឡុងឆ្នាំ​ ២០១៩​។

ទីក្រុង​ប៉េកាំង​ ក៏​កំពុង​ប្រើប្រាស់​អំណាច​ទន់​របស់​ខ្លួន​ ដើម្បី​នាំ​សេដ្ឋកិច្ច​អាស៊ី​ដ៏​ធំ​បំផុត​ចូល​ ទៅ​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​)។ ប្លុក​ពាណិជ្ជកម្ម​ដែល​មាន​អាស៊ាន​ និង​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​កំណត់​ថា​ធំជាង​សហភាព​អឺរ៉ុប​ និង​មាន​ចំនួន​ពាក់កណ្តាល​ នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ច្រើនជាង៣០ភាគរយ​នៃ​GDP​សាកល​។

ទោះ​យ៉ាងណា​ កិច្ច​ព្រមព្រៀង​ RCEP​ កំពុង​ស្ថិត​ក្នុង​ការ​ឈាន​ដល់​ការ​ដួល​រលំ​ បន្ទាប់ពី​ប្រទេស​ជប៉ុន​ បាន​បង្ហាញ​សញ្ញា​ថា​ នឹង​ដកខ្លួន​ ប្រសិនបើ​ឥណ្ឌា​ដកខ្លួន​ចេញពី​ប្លុក​ពាណិជ្ជកម្ម​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ បាន​ចេញផ្សាយ​របាយការណ៍​មួយ​ក្នុង​ខែ​នេះ​ ដោយ​បានឱ្យ​ដឹង​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​ជប៉ុន​ មាន​ឆន្ទៈ​ក្នុង​ការ​ដកខ្លួន​ចេញពី​ប្លុក​ពាណិជ្ជកម្ម​ ប្រសិនបើ​ឥណ្ឌា​មិន​ត្រូវ​បាន​រាប់បញ្ចូល​។

ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការ​ចរ​ចារ​ RCEP​ កាលពី​ខែ​ វិច្ឆិកា​ ដោយ​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ លោក ​Narendra​ Modi​ ជឿជាក់​ថា​ ការចូលរួម​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​ មិន​សមស្រប​នឹង​ផលប្រយោជន៍​របស់​ប្រទេស​លោក​ទេ​។ ក្តី​បារម្ភ​ចំបង​គឺ​ផ្តោត​ជុំវិញ​ទំនិញ​ចិន​ ដែល​មានតម្លៃ​ថោក​ជន់​លិច​ទីផ្សារ​ឥណ្ឌា​ និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​ប៉ះពាល់​។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​ការ​ជឿជាក់​ថា​ ទំនិញ​ចិន​នឹង​ជន់​លិច​ទីផ្សារ​របស់​សមាជិក​ក្នុង​តំបន់​នេះ​ ខណៈ​ចិន​បាន​អនុវត្ត​តាមច្បាប់​ពាណិជ្ជកម្ម​ទាំងអស់​ ក្រោម​គោលការណ៍​ណែនាំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ទីក្រុង​ប៉េកាំង​ ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ បណ្តា​ប្រទេស​ ដូចជា​ឥណ្ឌា​មើលស្រាល​ ចំ​ពោះ​សក្តា​នុ​ពល​នៃ​ការ​ទទួល​បាន​ទីផ្សារ​ដ៏​ធំ​របស់​ចិន​។

របាយការណ៍​របស់​ Global​ Times​ បាន​លើកឡើង​ថា​ “ការយល់ឃើញ​ថា​នៅពេល​ដែល​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ ផលិតផល​ចិន​នឹង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ផ្សេងទៀត​គឺជា​ជំហរតែ​ម្ខាង​ ឬជា​រោគសញ្ញា​នៃ​ជំងឺ​ភ័យខ្លាច​។ បន្ទាប់ពីនេះ​ ចិន​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​ពាណិជ្ជកម្ម​ដូចគ្នា​ ដើម្បី​បើក​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត​។ គ្មាន​នរណា​ម្នាក់​ជំទាស់​ថា​ ចិន​មាន​ទី​ផ្សា​រស​ក្តានុ​ពល​ដ៏​ធំ​មួយ​ ដែល​ជា​ចំណុច​លក់​ដ៏​សំខាន់​មួយ​សម្រាប់​ RCEP​ ដែល​ស្នើ​ឡើង​ដោយ​អាស៊ាន​នោះ​ទេ​”។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ សេដ្ឋកិច្ច​ជប៉ុន​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការ​ជាប់​គាំង​នៅ​ឆ្នាំ២០២០​។ ជប៉ុន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី៣​ នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប០​,២ ភាគរយ​។

យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ សេដ្ឋកិច្ច​ជប៉ុន​ត្រូវ​បាន​ជាប់​គាំង​នៅ​ឆ្នាំ​ ២០២០​ ខណៈ​ដែល​ប្រទេស​នេះ​ បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ជាថ្មី​ម្តង​ទៀត​ នៅ​ឆ្នាំនេះ​ពី០​,៩ ភាគរយ​មក​នៅ​ត្រឹម០​,៨ ភាគរយ​។

IMF​បាន​ណែនាំ​ជប៉ុន​ ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ បច្ចុប្បន្ន​ជាមួយ​កូរ៉េ​ខាងត្បូង​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​ អាច​កាត់បន្ថយ​ការនាំចេញ​ការ​វិនិយោគ​ និង​កំណើន​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here