ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​បោះទុន​ ១០លាន​ដុល្លារ​ដើម្បី​វិនិយោគ​លើ​អាជីវកម្ម​ពាក់ព័ន្ធ​វិស័យ​សំណង់​នៅ​កម្ពុជា

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ វិនិយោគិន​ចិន​បានសម្រេច​បោះទុន​ប្រមាណ ១០លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​បង្កើត​ក្រុមហ៊ុន​ចំនួន២ នៅ​កម្ពុជា​គឺ​ King​ Shore​ Construction​ Cambodia​ Ltd​ និង​ក្រុមហ៊ុន​ King​ Shore​ Glass​ (Cambodia​ ) Co​., Ltd​. ក្នុង​គោលបំណង​វិនិយោគ​ និង​ធ្វើអាជីវកម្ម​លើ​វិស័យ​សំណង់​ និង​ការ​ឌីហ្សាញ​ តុបតែង​។

លោក​ ជាំ​ង តាយ​អ៊ី​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ King​ Shore​ Construction​ បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ដា​ក់​ឪ្យ​ដំណើរ​ក្រុមហ៊ុន​ទាំង២កាលពី​ពេល​ថ្មី​ៗនេះ​ថា​ កម្ពុជា​ និង​ចិន​មាន​ទំនាក់ទំនង​ល្អ​ និង​ជិតស្និទ្ធ​ កម្ពុជា​មាន​សុខ​សន្តិភាព​ កំណើន​សេដ្ឋកិច្ច​ថេរ​ និង​ មាន​សក្តា​នុ​ពល​ផ្នែក​វិស័យ​សំណង់​ ។ទាំងនេះ​ជា​មូលហេតុ​ដែល​លោក​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ។

លោក​បន្ត​ថា​ ឃីង​ ស ខន់​ស្រ្តា​ក់​សិន​ នឹង​នាំមក​នូវ​វិស័យ​សំណង់​ និង​ការ​តុបតែង​ដែល​ល្អ​ មានគុណ​ភាព​ខ្ពស់​ និង​ស្តង់ដារ​អន្តរជាតិ​ មក​ជួយ​អភិវឌ្ឍ​កម្ពុជា​ ជាពិសេស​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ ។

លោក​ ជួង​ ហួយ​ហ័រ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ King​ Shore​ Construction​ បាន​បញ្ជាក់​ថា​ ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ គឺជា​សមិទ្ធផល​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ លោក​ថា​ នឹង​ខិតខំ​ដើម្បី​ជួយ​អភិវឌ្ឍ​និង​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដោយ​ឈរ​លើ​ផលប្រយោជន៍​រួម​ ។

លោក​បានឱ្យ​ដឹង​ដែរ​ថា​ គោលដៅ​របស់​លោក​គឺ​ចង់​ធ្វើ​ឱ្យ​ King​ Shore​ Construction​ ក្លាយជា​សហគ្រាស​ខាង​តុបតែង​ស្ថាបត្យកម្ម​លំដាប់​លេខ១នៅ​កម្ពុជា​ នៅក្នុង​រយៈពេល៣ទៅ៥ឆ្នាំខាងមុខ​ និង​ ពង្រីក​ទៅ​ទីផ្សារ​អាស៊ាន​ដោយ​យក​កម្ពុជា​ជាទី​ផ្សារ​មូលដ្ឋាន​យុទ្ធសាស្ត្រ​ ។

លោក​ មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សម្តែង​នូវ​ការ​ស្វា​គម​ និង​អបអរសាទរ​ចំពោះ​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ King​ Shore​ Construction​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ចិន​ ដែល​បាន​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ លើ​វិស័យ​ឧស្សាហកម្ម​សំណង់​ និង​ឌេ​គ័រ​សំណង់​អគារ​ ។

លោក​ថា​ តាមរយៈ​វត្តមាន​របស់​ក្រុមហ៊ុន​ King​ Shore​ Construction​ នឹង​រួមចំណែក​ធ្វើ​ឱ្យ​ការ​តុបតែង​លម្អ​សំណង់​អគារ​ទាំង​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ និង​ តាម​បណ្តា​ខេត្ត​នានា​ កាន់តែ​មាន​វឌ្ឍនភាព​ គុណភាព​ និង​ប្រណីតភាព​ តាមរយៈ​ការ​រួមបញ្ចូល​នៃ​គំនិត​ស្ថាបត្យកម្ម​ថ្មី​ៗជាមួយនឹង​ស្ថាបត្យកម្ម​ក្នុង​ស្រុក​ បង្កើត​បាន​ជា​រចនា​បទ​នៃ​សំណង់​ទំនើប​ ទាន់សម័យ​ និង​នៅតែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​ ។

លោក​ឱ្យ​ដឹង​ទៀត​ថា​ នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឃើញ​នូវ​ការចូលរួម​អបអរសាទរ​ និង​គាំទ្រ​ចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ភាព​ជោគ​ ជ័យ​ថ្មី​មួយទៀត​ នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ពិសេស​គឺ​ការ​ខិតខំ​បង្កើន​នូវ​ទំនុកចិត្ត​ និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន​-ធុរជន​ ។

លោ​អភិបាលរង​បន្ថែម​ទៀត​ថា​ វិស័យ​អចលនទ្រព្យ​ គឺជា​ជន្ទល់​ដ៏​សំខាន់​មួយ​ នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ម៉្លោះហើយ​ការសម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ និង​ដេ​គ័រ​សំណង់​អគារ​ ពិតជា​មាន​តម្រូវការ​ក្នុង​អត្រា​ខ្ពស់​ និង​នៅ​មាន​ភាព​ទូលំទូលាយ​ ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​ផ្នែក​អចលនទ្រព្យ​ និង​ដើម្បី​បង្កើន​ភាព​ធន់​នៃ​វិស័យ​ឯកជន​ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ ជា​កម្លាំង​ចលករ​នៃ​ការ​អភិវឌ្ឍ​ និង​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here