សេដ្ឋកិច្ច​ក្នុង​ទ្វីបអាស៊ី​នឹង​ឈរ​នៅ​លំដាប់​លេខមួយ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ២០២០​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាស៊ី​ នឹង​មាន​ទំហំ​ធំជាង​អាមេរិក​ខាងជើង​ និង​អឺរ៉ុប​ដែល​រួមបញ្ចូល​គ្នា​នៅ​ឆ្នាំ២០២០​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។

ប្រទេស​ចិន​ ឥណ្ឌា​ និង​អាស៊ាន​ឥឡូវនេះ​ នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​នៅក្នុង​តំបន់​ ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ​។ នេះ​បើ​យោង​តាម​របាយការណ៍​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “ភាគច្រើន​នៃ​កំណើន​នេះ​ គឺ​បាន​មក​ពីទី​ផ្សារ​កំពុង​អភិវឌ្ឍន៍​ ដូចជា​ ចិន​ ឥណ្ឌា​ និង​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ ហើយ​វា​នឹង​ផ្តល់​នូវ​ការសម្រេច​ចិ​ត្ត​ថ្មី​ៗជាច្រើន​សម្រាប់​ធុរកិច្ច​ រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​”។

មួយឆ្នាំ​កន្លងទៅ​នេះ​ គឺជា​ការ​លំបាក​មួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ចាប់ផ្តើម​រៀបចំឡើង​វិញ​នូវ​ខ្សែ​សង្វា​ក់​តម្លៃ​ពិភពលោក​ ជុំវិញ​ពិភពលោក​រួច​ទៅ​ហើយ​ និង​កំពុង​ជះឥទ្ធិពល​ដល់​បណ្តា​ប្រទេស​អាស៊ី​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ និង​បាន​ចាប់ផ្តើម​និន្នាការ​នៃ​ការ​ការពារ​ និង​ប្រឆាំង​សកល​ភាវូបនីយកម្ម​ក្នុងចំណោម​ប្រជាជាតិ​នានា​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

ទោះ​យ៉ាងណា​ សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ជំរុញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​សឹង្ហ​បូរី​ តៃវ៉ាន់​ និង​កូរ៉េ​ខាងត្បូង​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ក្នុងរយៈពេល​ពីរបី​ឆ្នាំខាងមុខ​។ នេះ​បើ​យោង​តាម​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​។

យោង​តាម​ការស្ទង់មតិ​របស់​របាយការណ៍​ ដែល​តំណាង​អ្នកជំនាញ​សេដ្ឋកិច្ច​ជាង​ ៦០០នាក់​នៅ​ទូទាំង​តំបន់​ ការនាំចេញ​នៅក្នុង​ប្រទេស​វៀតណាម​ បាន​កើនឡើង​ជាង១២​ ភាគរយ​ ហើយ​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​ត្រូវ​បាន​រំពឹង​ថា​ នឹង​អនុវត្ត​តាម​កំណើន​ឡើង​នេះ​។

របាយការណ៍​បាន​និយាយ​ថា​ “ការស្ទង់មតិ​ប្រចាំឆ្នាំ​របស់​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ បង្ហាញ​ពី​សុទិដ្ឋិនិយម​មួយចំនួន​ សម្រាប់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​។ ការនាំចេញ​របស់​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ជាមួយនឹង​កំណើន​ខ្ពស់​ជាង១២ភាគរយ​”។

អ្នកឆ្លើយ​សំណួរ​ស្ទើរតែ​ពាក់កណ្ដាល​រំពឹង​ថា​ សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ​ ផ្ទុយពី​ជិត៧០ ភាគរយ​ដែល​ជឿ​ថា​ សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​នឹង​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​។

លើស​ពីនេះ​ ទីក្រុង​ប៉េកាំង​ក៏​កំពុង​ប្រើប្រាស់​អំណាច​ទន់ភ្លន់​របស់​ខ្លួន​ ដើម្បី​នាំ​សេដ្ឋកិច្ច​អា​ស៊ី​ធំៗ​ ចូល​ទៅ​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ។ ប្លុក​ពាណិជ្ជកម្ម​ដែល​មាន​អាស៊ាន​ និង​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​បាន​កំណត់​ថា​ធំជាង​សហភាព​អឺរ៉ុប​ និង​មាន​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​ ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ច្រើន ជាង ៣០ភាគរយ​នៃ ​GDP ​សកល​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករណ៍​ថា​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​បង្កើត​បាន៦០​ ភាគរយ​នៃ​កំណើន​ពិភពលោក​ទាំងអស់​នៅ​ឆ្នាំ២០៣០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here