ដំណឹងរីករាយ៖ សំណង់សណ្ឋាគារខ្មោចក្លាយជាសណ្ឋាគារដ៏ប្រណីត

0

ដោយ វុត្ថា

ភ្នំពេញ៖ សំណង់អគារប្រវត្តិសាស្ត្រ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង និងត្រូវបានគេបោះបោះចោលរាប់ទសវត្សរ៍ ត្រូវបានគេជួសជុលកែលម្អឡើងវិញ ប្រែក្លាយពី“អគារខ្មោច”ទៅជាសណ្ឋាគារដ៏ល្អប្រណិត និងរងចាំទទួលស្វាយគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលស្ថិតនៅលើកំពូលភ្នំបូកគោដ៏ល្បីល្បាញរបស់កម្ពុជានៅក្នុងខេត្តកំពត បានបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ។

សណ្ឋាគារដែលធ្លាប់មានឈ្មោះ ឡឺ បូកគោ ត្រូវបានបើកដំណើរការនៅដើមឆ្នាំ១៩៦២ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលផ្តល់សេវាកម្មជូនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏ជាកន្លែងវិស្សមកាលដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលចិត្តជាទីបំផុត។

ស្ថិតនៅច្រាំងថ្មចោតនៃកំពូលភ្នំបូកគោ សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ  ផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល ដែលត្រូវបានជនជាតិបារាំងហៅថា ឆ្នេរសមុទ្របៃតង។

អាកាសធាតុនៅលើកំពូលភ្នំបូកគោ មានចន្លោះពី១៧ ដល់២៤ អង្សាសេ ពេញមួយឆ្នាំ។ ភ្នំបូកគោមិនត្រឹមតែជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវបុណ្ណ៉ោះទេ ហើយវាក៏ជារមណីយដ្ឋានសុខភាព ដែលព្យាបាលដោយធម្មជាតិ រួមមានឥទ្ធិពលទៅលើសួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធប្រសាទ ការស្តារឡើងវិញនៃចលនាឈាម និងការបង្កើនកម្លាំង។

សណ្ឋាគារឡឺ បូកគោផាឡេស គឺជាអគារបួនជាន់ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ជាមួយនឹងវត្តមានដ៏មានអានុភាព មានរានហាល និងជណ្តើរថ្មើរ​ជើងបែបអ៊ីតាលី។

សព្វថ្ងៃនេះសណ្ឋាគារ ឡឺបូក គោផាឡេស ត្រូវបានជួសជុលឡើងវិញដោយក្រុមហ៊ុន Sokha Hotels & Resort ។

អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារនេះ លោក FRUGERE F. Philippe បានឲ្យដឹងថា “ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារប្រវត្ដិសាស្ត្រ និងជារតនសម្បត្ដិរបស់ប្រទេសយើង។ ក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាប័ទ្មផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិតដែលនាំចូលពីប្រទេសអេស្ប៉ាញ។

ក្រោយពីជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះ នឹងត្រូវបានបើកសម្ពោធនៅដើមឆ្នាំ២០១៨ ដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ ភោជនីយដ្ឋានចំនួន២ ដែលបង្ហាញនូវប្រណិតភាពនៃសណ្ឋាគារនេះនាសម័យអតីតកាល ចុងភៅជនជាតិស្វីស និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គ និងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅក្បែរចំការបន្លែ។

ឈ្មោះសណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវបានរក្សាទុកក៏ដូចជាការរក្សាទុកនូវប្រវត្តិសាស្ត្រនៃអាណានិគម និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។

សំណង់អគារអាណានិគមសេសសល់ ដែលនៅតែអាចមើលឃើញនាពេលបច្ចុប្បន្ន រួមមាន ផ្ទះជប៉ុន ព្រះវិហារកាតូលិក វត្តសំពៅប្រាំ ដំណាក់ស្លាខ្មៅ ដំណាក់ស្តេច សាលាក្រុង និងសំណង់អគារអាណានិគមជាច្រើនទៀត ដែលមានស្ទើរតែគ្រប់ទីកន្លែង និងតែងតែត្រូវបានគ្របដណ្តប់ដោយអ័ព្ទ។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលស្នាក់នៅសណ្ឋាគារ ឡឺ បូកគោ ផាឡេស ដែលត្រូវបានគេស្គាល់ថា ជារមណីយដ្ឋានសុខភាពបែបធម្មជាតិ ក៏អាចទៅទស្សនាបឹងលើភ្នំដ៏ស្រស់ត្រកាល ទឹកជ្រោះពពកវិលដ៏ស្រស់ស្អាត ថ្មដែលបង្កើតជារូបរាងខុសៗគ្នាជាច្រើននៅវាលស្រែ១០០ និងរូបរាងដ៏អស្ចារ្យនៃនិមិត្តរូបច្រកទ្វាររវាងឋានសួគ៌ និងឋានមនុស្ស។

ការតាំងសមាធិ ត្រូវបានគេណែនាំឲ្យធ្វើនៅលើភ្នំបូកគោ ជាពិសេសវាលស្រែ៥០០។ ភ្នំបូកគោ ជាកន្លែងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានផ្កាបំពង់ក្រឡោម ដែលត្រូវបានអ្នកស្រុកយកមកប្រើប្រាស់ជាឱសថ៕

LEAVE A REPLY

Please enter your comment!
Please enter your name here