ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ថ្មី​មួយ​គ្រោង​វិនិយោគ​លើ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ នៅ​កម្ពុជា​

0

ដោយ​ ប៊ី

​ភ្នំពេញ​៖ ក្រុមហ៊ុន​សណ្ឋាគារ​ និង​រមណីយដ្ឋាន​ Lebua​ Hotels​ and​ Resorts​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ថៃ​ គ្រោង​នឹង​ពង្រីក​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​មកកាន់​កម្ពុជា​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយចំនួន​នៅ​អាស៊ី​អាគ្នេយ៍​។

ប្រតិបត្តិ​ករ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ថៃ​នេះ​កំពុង​រៀបចំផែនការ​សម្រាប់​ការចុះបញ្ជី​ជា​សាធារណៈ​នៅ​ទីក្រុង​បាងកក​ ឬសឹង្ហ​បូរី​សម្រាប់​ការរៀបចំ​ការពង្រីក​អាជីវកម្ម​ផ្នែក​ផ្សេងទៀត​ក្នុង​តំបន់​។ នេះ​គេហទំព័រ​ព័ត៌មាន​ឧស្សាហកម្ម​ទេសចរណ៍​ Skift​ បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​។

ដំណើរការ​នៃ​ការចុះបញ្ជី​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ក្នុងរយៈពេល​មួយ​ ឬពីរ​ឆ្នាំ​។របាយការណ៍​ដដែល​បាន​ចាត់ទុក​ប្រទេស​វៀតណាម​ ឡាវ​ និង​កម្ពុជា​ជា​ទិសដៅ​សំខាន់​សម្រាប់​ការ​វិនិយោគ​នា​ពេល​អនាគត​នៅ​ខាងក្រៅ​ពី​ប្រទេស​ថៃ​។

ក្រៅពី​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ នៅ​ទីក្រុង​បាងកក​ ក្រុម​ហ៊ុន​ណ្ឋា​គារ​ និង​រមណីយដ្ឋាន​នេះ​ក៏​មាន​អចលនទ្រព្យ​ប្រណីត​ចំនួន​ ២ នៅ​ប្រទេស​ឥណ្ឌា​ និង​មួយផ្សេងទៀត​នៅ​ញូ​វហ្សេ​ឡែន​។

ក្រុមហ៊ុន​នឹង​បើក​សណ្ឋាគារ​ចំនួន​ ២ បន្ថែម​ទៀត​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំក្រោយ​។នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក​ Deepak​ Ohri​ បាន​និយាយ​ថា​ “ការចុះបញ្ជី​នេះ​នឹង​ផ្តល់​មូលនិធិ​ដល់​ការពង្រីក​ទីផ្សារ​នៅ​តំបន់​ឥណ្ឌូចិន​ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ និង​វៀតណាម​ ខណៈ​ប្រទេស​ថៃ​នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​កណ្តាល​ ដោយសារតែ​ទីតាំង​ភូមិសាស្ត្រ​”។

លោក​ Ohri​ បាន​និយាយ​ថា​ ពួកគេ​នឹង​នាំមក​នូវ​អ្វី​ដែល​ថ្មី​ដែល​សាក​សមនឹង​ប្រទេស​នី​មួយ​ៗដែល​បាន​រៀបរាប់​ខាងលើ​។លោក​ បាន​បន្ត​ថា​ “យើង​នឹង​ផ្តល់​គំនិត​ផ្សេងគ្នា​ដើម្បី​ឱ្យ​សមស្រប​នឹង​ទីផ្សារ​កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ និង​វៀតណាម​។ ស្រមៃ​មើល​ទូក​មួយ​ជាមួយ​ក្លឹប​មួយថ្ងៃ​នៅ​ ឆ្នេរសមុទ្រ​ហា​ឡុង​។ សណ្ឋាគារ​បូ​ទិ​កដែល​មាន​បន្ទប់​ប្រហែល​ ៨០​ ក្នុង​ទីតាំង​ពិសេស​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “យើង​នឹង​ជ្រើសរើស​ទីតាំង​របស់​យើង​ដោយ​យកចិត្ត​ទុកដាក់​។ ហើយ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើនឹង​ត្រូវ​ធ្វើឡើង​ជាមួយ​សម្ភារៈសំណង់​ដែល​មាន​និរន្តរភាព​ ។ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ទីផ្សារ​កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ និង​វៀតណាម​”។

LEAVE A REPLY

Please enter your comment!
Please enter your name here