ក្រុមហ៊ុន​ចិន​គ្រោង​បោះទុន​វិនិយោគ​កែច្នៃ​សំរាម​ឲ្យ​ទៅជា​ថាមពល​អគ្គិសនី​​នៅក្នុង​ខេត្តបាត់ដំបង​

0

ដោយ ​វុត្ថា​

បាត់ដំបង​: ក្រុមហ៊ុន​ចិន​ដែល​ជាប់​លំដាប់​ទី៣​ មក​ពីទី​ក្រុង​សៀងហៃ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គ្រោង​បោះទុន​វិនិយោគ​ក្នុង​ការសាងសង់​រោងចក្រ​កែច្នៃ​សំរាម​ដើម្បី​ ​ផលិត​ថាមពល​អគ្គិសនី​ នៅក្នុង​ខេត្តបាត់ដំបង​។

លោក​ Zhou​ Yuhui​ ប្រធាន​ក្រុមហ៊ុន​ CITICPE​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោ​កងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​កាលពី​ម្សិល​នេះ​បាន​ឪ្យ​ដឹង​ថា​ នេះ​គឺជា​លើក​ទី១​ ហើយដែល​ក្រុមហ៊ុន​របស់​លោក​ បាន​សម្លឹងឃើញ​ពី​សក្តា​នុ​ពល​ក្នុង​ការកែច្នៃ​សំរាម​ឲ្យ​ទៅជា​ថា​ពល​អគ្គិសនី​ក្នុង​ខេត្ត​។

លោក​បន្ត​ថា​ “ការសាងសង់​នូវ​រោងចក្រ​កែច្នៃ​សំរាម​ ឲ្យ​ទៅជា​ថាមពល​អគ្គិសនី​ដើម្បី​ជា​ការ​ឆ្លើយតប​អំពី​កង្វល់​ និង​តម្រូវការ​ក្នុង​ខេត្ត​ និង​ឆ្លើយតបទៅនឹង​ការ​អំពាវនាវ​ របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​នានា​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ឲ្យ​មក​វិនិយោគ​លើ​វិស័យ​កែច្នៃ​សំរាម​នៅ​កម្ពុជា​”។

លោក​ Zhou​ Yuhui​ បាន​បន្ថែម​ថា​ គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ ព្រោះ​ដោយសារ​ខាង​ក្រុមហ៊ុន​ ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​គាំទ្រ​ ទៅលើ​ការ​ងា​មួយចំនួន​ ដែល​ទាក់ទិន​ទៅ​ និង​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ខេត្តបាត់ដំបង​ ដែល​ក្នុង​នោះ​ការងារ​ប្រមូល​សំរាម​ ដែល​ជា​តម្រូវការ​ចាំបាច់​យ៉ាងហោចណាស់​ ក្នុង​មួយថ្ងៃ​ឲ្យបាន៦០០តោន​ ដើម្បី​ធ្វើឲ្យ​សង្វាក់​ផលិត​ថាមពល​ពី​ការកែច្នៃ​សំរាម​ ទទួល​បាន​ជោគជ័យ​និង​ធានា​ពី​តម្រូវការ​ក្នុង​ការកែច្នៃ​ប្រចាំថ្ងៃ​។

លោក​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ ពី​ការ​ទុកដាក់​កាកសំណល់​សំរាម​របស់​ពលរដ្ឋ​នៅកន្លែង​ណាមួយ​ច្បាស់លាស់​ ដើម្បី​ធ្វើការ​ដឹកជញ្ជូន​សំរាម​ នៅ​ក្ន​ងខេត្តបាត់ដំបង​។ កន្លងមក​នៅក្នុង​ខេត្ត​ ក៏​មាន​ក្រុមហ៊ុន​កំពុងតែ​ធ្វើការ​ដឹកជញ្ជូន​សំរាម​ និង​ប្រមូល​ទុកដាក់​សំរាម​។ ដូចនេះ​ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ ឲ្យ​មាន​អ្នកជំនាញ​របស់​ក្រុមហ៊ុន​បាន​ចុះ​ធ្វើការ​សិក្សា​ដោះស្រាយ​ពី​បញ្ហា​សំរាម​ក្នុង​ខេត្ត​ជាមួយ​ និង​ក្រុមហ៊ុន​ទាំងនោះ​ផង​ដែរ​។

លោក​ Zhou​ Yuhui​ បាន​សង្កត់ធ្ងន់​ទៀត​ថា​ បើ​ការងារ​ត្រូវ​បាន​សិក្សា​ និង​ដោះស្រាយ​ចប់​រួចរាល់​ជាមួយ​ និង​ក្រុមហ៊ុន​ហើយ​នោះ​ គឺ​នឹង​ឈាន​ទៅដល់​ការសាងសង់​រោងចក្រ​ដែល​អាច​កែច្នៃ​សំរាម​មួយចំនួន​ ទៅជា​ឋាមពល​អគ្គិសនី​ ដូចជា​៖ សំរាម​ប្លាស្ទិក​ និង​លោហៈ​ធាតុ​ ដែល​អាច​ធ្វើការ​កែច្នៃ​ជា​វត្ថុ​ប្រើប្រាស់​វិញ​បាន​ ហើយ​ថែមទាំង​ធ្វើឲ្យ​បរិស្ថាន​ក្នុង​ខេត្ត​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។ គម្រោង​នេះ​អាច​រំពឹង​ថា​ នឹង​ទទួល​បាន​ជោគជ័យ​ និង​បាន​ជា​គំរូ​ដល់​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​។

លោ​កងួន​ រតនៈ​ អភិបាល​ខត្ត​បាត់ដំបង​ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​គាំទ្រ​យ៉ាង​ខ្លាំង​ និង​ថែមទាំង​បាន​ជំរុញ​ ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ដែល​បាន​មើលឃើញ​ពី​សក្តា​នុ​ពល​រីកចម្រើន​ និង​ជា​ខេត្ត​គោលដៅ​របស់​ខ្លួន​។

លោក​ក៏បាន​ជំរុញ​ទៅ​ខាង​ក្រុមហ៊ុន​ ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ចុះទៅ​តាម​បណ្ដា​ស្រុក​ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ទៀត​មុន​ នឹង​សម្រេច​ឈាន​ដល់​ការព្រមព្រៀង​ផ្នែក​ផ្លូវច្បាប់​-ផ្នែក​បច្ចេកទេស​ និង​ដើម្បី​ធ្វើឲ្យ​គម្រោង​មួយ​នេះ​ លេចចេញ​ជារូបរាង​ពិតប្រាកដ​ និង​ទទួល​បាន​នូវ​ផល​ផ្លែផ្កា​ក្នុងរយៈពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​ បាន​បង្ហាញ​ឲ្យដឹង​ថាតាម​បណ្តា​ខេត្ត​-រាជ​ធា​នី​ធំៗ​ ដែល​ផលិត​បរិមាណ​សំរាម​​ច្រើន​ក្នុង​នោះ​ រាជធានី​ភ្នំពេញ​ ប្រមាណ​ជាង៣ពាន់​តោន​ក្នុង១ថ្ងៃ​។ ក្រុង​ព្រះសីហនុ​ប្រមាណ៧០០តោន​ក្នុង១ថ្ងៃ​។ ក្រុង​សៀមរាប៣៨០តោន​ក្នុង១ថ្ងៃ​។ ​ដោយឡែក​នៅក្នុង​ក្រុង​បាត់ដំបង​ ប្រមាណ​ពី១៣០ទៅ១៥០តោន​ក្នុង​មួយថ្ងៃ​។ ហើយ​សំរាម​ទាំងនោះ៦៥​% ជា​សំណល់​សរីរាង្គ​ និង៣៥​%គឺជា​សំណល់​ប្លាស្ទិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here