SME​ ដែល​ជា​វិស័យ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ កើនឡើង​ដល់​ ៣,១១០​ មូលដ្ឋាន​

0

ដោយ ​វុត្ថា

​ភ្នំពេញ​: គិត​ត្រឹម​ត្រីមាស​ទី៤​ ឆ្នាំ២០១៩​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME​) ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ ៣,១១០​ មូលដ្ឋាន​ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាច្រើន​នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​គយ​និង​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ សហគ្រាស​ធុន​តូច​និង​មធ្យម​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ និង​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​មួយ​ ក្នុង​ការជំរុញ​កំណើន​និង​បង្កើត​ការងារ​។

លោក​បន្ត​ថា​ ក្នុង​បរិបទ​នេះ​ កម្ពុជា​ដែល​មាន​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​គាំទ្រ​វិស័យ​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដូច​មាន​ចែង​ក្នុង​ឯកសារ​គោលនយោបាយ​ និង​ឯកសារ​យុទ្ធ​សាស្រ្ត​ រួមមាន​៖

(១). គោល​ នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​-២០២៥​ (២). យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ និង​ (៣). យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ២០១៩​-២០២៣​។

លោក​បន្ថែម​ថា​កន្លងមក​ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ដាក់ចេញ​នូវ​វិធានការ​ជាបន្តបន្ទាប់​ ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ រួមមាន​ ការ​បញ្ចុះ​អត្រាពន្ធគយ​ អត្រា​អាករ​ពិសេស​ ការ​ដាក់​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​រដ្ឋ​ និង​ការ​ដាក់​អាករ​នាំចេញ​ជា​បន្ទុក​រដ្ឋ​លើ​មុខទំនិញ​ជា​ជី​កសិកម្ម​ ពូជ​ដំណាំ​ ពូជសត្វ​ បសុ​ឱសថ​ ចំណីសត្វ​ សម្ភារ​គ្រឿងចក្រ​កសិកម្ម​ និង​វត្ថុធាតុដើម​ផលិតកម្ម​បម្រើ​ក្នុង​វិស័យ​ទាំងនេះ​។

លោក​បន្ថែម​ថា​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ដើម្បី​លើកស្ទួយ​បន្ថែម​ទៀត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ថ្មី​ៗនេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​គយ​ និង​ផ្នែក​ពន្ធដារ​ តាមរយៈ​អនុក្រឹត្យ​លេខ​ ១២៤​ អន​ក្រ.បក​ ចុះ​ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០១៨​ និង​អនុក្រឹត្យ​លេខ​ ៥០​ អន​ក្រ.បក​ ចុះ​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ ដែល​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ ៨ រួមមាន​៖ (១).សហ​-គ្រាស​ផលិត​និង​ផ្គត់ផ្គង់​ទឹក​ស្អាត​, (២).ផលិតកម្ម​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​, (៣).ផលិតកម្ម​ផលិត​ និង​កែច្នៃ​ម្ហូបអាហារ​, (៤).កម្មន្តសាល​ផលិត​ទំនិញ​បម្រើ​ឱ្យ​ការនាំចេញ​, (៥).កម្មន្តសាល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក​ កែច្នៃ​កាកសំណល់​ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​, (៦).កម្មន្តសាល​ផលិត​នូវ​ផលិតផល​សម្រេច​ ឬផលិតផល​ពាក់កណ្តាល​សម្រេច​ ឬផ្នែក​ ឬគ្រឿង​បង្គុំ​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត​, (៧).ការស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ និង​ (៨).អ្នក​អភិវឌ្ឍន៍​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here