ដោយ Donald Lee
ភ្នំពេញៈ នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានវ៉ាដាច់អាមេរិកនៅឆ្នាំនេះដោយក្លាយជាប្រទេសលេខមួយ ដែលមានល្បឿននៃចំនួនប្រជាជនមានទ្រព្យសម្បត្តិខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមានរហូតដល់ចំនួន១០ភាគរយ។ នេះបើយោងតាមធនាគារវិនិយោគស្វីសឈ្មោះ Credit Suisse Group ។
របាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ២០១៩ របស់ធនាគារបានរកឃើញថា ចិន និងអាមេរិកនៅតែឈរនៅលំដាប់កំពូល នៃការបង្កើតទ្រព្យសម្បត្តិពិភពលោក ដែលជានិន្នាការមួយមានរយៈពេល១០ឆ្នាំកន្លងមក។
របាយការណ៍បាននិយាយថា“ក្នុងទសវត្សកន្លងមក ការបង្កើតទ្រព្យសម្បត្តិសកលបានផ្តោតលើប្រទេសចិន និងអាមេរិក។ នៅឆ្នាំនេះ អាមេរិកបានពង្រីកកំណើនទ្រព្យសម្បត្តិរបស់ខ្លួន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨”។
របាយការណ៍ក៏បានរកឃើញថា ពលរដ្ឋអាមេរិកមានចំនួន៤០ភាគរយ នៃមហាសេដ្ឋីនៅជុំវិញពិភពលោក។
ទោះយ៉ាងណា ចិនគឺជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ហើយបានជំនួសកន្លែងសហភាពអឺរ៉ុប ដែលជាប្រភពនៃការបង្កើតទ្រព្យសម្បត្តិ និងបានវ៉ាដាច់ជប៉ុនដើម្បីឈរនៅលំដាប់ទី២នៃចំនួនមហាសេដ្ឋី។
របាយការណ៍បានពន្យល់ថា “ទ្រព្យសម្បត្តិនៅក្នុងប្រទេសចិន បានចាប់ផ្តើមវិវត្តន៍ ពីមូលដ្ឋានទាប ប៉ុន្តែបានកើនឡើងក្នុងល្បឿនលឿនជាងអំឡុងឆ្នាំមុនៗ។ វាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួន ដែលត្រូវចៀសវាងផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុពិភពលោក”។
របាយការណ៍បានបន្ថែមថា “ការរីកចម្រើនរបស់ចិន បានធ្វើឱ្យប្រទេសនេះអាចជំនួសកន្លែងអឺរ៉ុប ជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក និងជំនួសកន្លែងប្រទេសជប៉ុន ក្នុងនាមជាប្រទេសដែលមានចំនួនមហាសេដ្ឋីលំដាប់ទី២”។
នៅចុងបញ្ចប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបញ្ឈប់សង្គ្រាមពាណិជ្ជកម្មដ៏ថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត និងបាននាំមកនូវសញ្ញាដំបូងនៃការថយចុះនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល១៧ ខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ភាពមិនត្រឹមត្រូវ នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន៕






