ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានគោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីដល់១ពាន់លានដុល្លារនៅឆ្នាំ ២០២០។
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតកូរ៉េដែលទើបតែងតាំងថ្មីនៅកម្ពុជា Park Heung-kengeng នៅថ្ងៃទី ២៣ ខែធ្នូបានពិភាក្សាគ្នាអំពីវិធីដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតដែលបានចុះហត្ថលេខា ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសានកាលពីខែមុន។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពាណិជ្ជកម្ម និងវិនិយោគជាពិសេសលើវិស័យទេសចរណ៍។ ភាគីទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងទាំងនេះ នឹងជំរុញអាជីវកម្មកូរ៉េឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងសាធារណរដ្ឋកូរ៉េនៅទីក្រុងប៊ូសាននាខែ វិច្ឆិកា ឆ្នាំ២០១៩កន្លងមក រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងភាគីកូរ៉េ លោក Kang Kyung-wha បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ រួមទាំងការសិក្សារួមគ្នាស្តីពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ភាគីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន។
ក្នុងរយៈពេល៩ខែឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត៧០០លានដុល្លារ។ក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះសាធារណរដ្ឋកូរ៉េ បានវិនិយោគទឹកប្រាក់ចំនួន ៤,៤៧ពាន់លានដុល្លារអាមេរិកមកក្នុងប្រទេសកម្ពុជា៕






